អានតួអត្ថបទ
កម្ពុជា

លោកស្រី ​កុយ ពិសី​៖ ​ឧបសគ្គ​ព្រំដែន​កម្ពុជា​-​ឡាវ ​គឺ​ភាគី​ឡាវ​អនុវត្ត​ខុស​ខ្លឹមសារ ​ដែល​ភាគី​ទាំងពីរ​ផ្ញើ​ទៅ​សុំ​ជំនួយ​ពី​បារាំង

កម្ពុជា​និង​ឡាវ​នៅ​មិនទាន់​បាន​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​រួម​នៅ​ឡើយ​ទេ​លើ​សេចក្តីព្រាង​TOR ​បន្ទាប់ពី ​ភាគី​ទាំងពីរ​ ឯកភាព​គ្នា​ស្នើ​សុំ​ដល់​ភាគី​បារាំង​មក​ជួយ​គូស​ចម្លង​ផែនទី​ព្រំដែន​ដែល​នៅ​សេសសល់​។ ​ការ​មិនទាន់​ត្រូវរ៉ូវ​គ្នា​នេះ ​គឺ​បណ្តាល​មក​ពី​ភាគី​ឡាវ​បាន​អនុវត្ត​ខុស​នូវ​ខ្លឹមសារ​ ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ ​បាន​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង​កន្លង​មក​។

ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ​កន្លងមក
ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ​កន្លងមក fb
ផ្សាយពាណិជ្ជកម្ម

អនុ​ប្រធាន​គណៈ​កម្មការ ​ព្រំដែន​កម្ពុជា ​លោកស្រី ​កុយ ពិសី ​បាន​ប្រាប់​វិទ្យុ​បារាំង​RFI ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​កម្ពុជា​និង​ឡាវ ​នៅតែ​មិនទាន់​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​ពង្រាង​លក្ខខណ្ឌប្រតិបត្តិ​(TOR) ​នៅឡើយ​ទេ ដោយសារ​តែ​នៅ​មាន​ទស្សនៈ​ខុសគ្នា​។ តាម​ខ្លឹមសារ​នៃ​លិខិត​ ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-ឡាវ​ សរសេរ​រួមគ្នា​ទៅកាន់​ប្រធានាធិបតី​បារាំង ​មាន​គោលដៅ​ពីរ​សំខាន់ ​គឺ​ទី​១ ​ស្នើ​សុំ​បារាំង​បញ្ចូន​អ្នក​ជំនាញ​ខាង​គូស​ចម្លង​ផែនទី​មកជួយ​គូស​ចម្លង​ផែនទី ​នៅ​តំបន់​ដែល​នៅ​សេសស់​មិនទាន់​ត្រូវគ្នា​ចំនួន​១៤​%​។ ​និង​ចំណុច​ទី​២​ គឺ​ភាគី​ទាំងពីរ​ស្នើសុំ​ផែនទី​ពី​បារាំង​។

ក៏​ប៉ុន្តែ​លោកស្រី​ កុយ ពិសី ​បញ្ជាក់​ថា​ភាគី​ឡាវ​បាន​ឯកភាព​តែ​ចំណុច​ទី​២​ទេ ​គឺ​ការ​ស្នើសុំ​ឲ្យបារាំង​ផ្តល់​ផែនទី ​រីឯ​ចំណុច​ទី​១ ​ដែល​ស្នើ​សុំ​អ្នក​ជំនាញ​បារាំង​មកជួយ​គូស​ចម្លង​ផែនទី​នោះ ​ឡាវ​មិន​ឯកភាព​ទេ ​ដោយ​ភាគី​ឡាវ​យល់ថា ​ការ​ស្នើសុំ​នោះ ​គឺ​មិនមែន​ឲ្យ​អ្នក​ជំនាញ​បារាំង​មក​គូស​ផែនទី​ផ្ទាល់​ទេ ​គឺ​ក្នុង​ន័យ​ទុក​ឲ្យ​ភាគី​កម្ពុជា-ឡាវ​ គូស​ដោយ​ខ្លួនឯង​។ ​អ្វី​ដែល​ប្រទេសទាំងពីរ​ចង់​ឲ្យ​បារាំង​ជួយនោះ​គឺ ​ការ​ផ្ទេរ​ផែនទី​ពី​ខ្នាត ​១/១០០ ០០០​ មក​ផែនទី​ UTM ​ខ្នាត​ ១/៥០ ០០០ ​វិញ​។

ទោះយ៉ាងណា ​ចំណុច​ដែល​មិនទាន់​ត្រូវរ៉ូវ​គ្នា ភាគី​ទាំងពីរ ​កម្ពុជា-ឡាវ ​នៅតែ​បន្ត​ជួប​ប្រជុំ​គ្នា ​ស្វែងរក​ដំណោះស្រាយ ​ខណៈ​ការ​ជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​ជាច្រើន​ដង​កន្លង​មក ​មិន​អាច​បញ្ចប់​ចំណុច​ ដែល​នៅ​សេសសល់​បាន​។

សូម​រំលឹក​ថា ​បញ្ហា​ព្រំដែន​​កម្ពុជា​-​ឡាវ ​កាលពី​ខែ​សីហា​ឆ្នាំ​២០១៧ ​បាន​ឡើងក​ម្ដៅរហូត​ប្រឈម​មុខ​ដាក់គ្នា​ខាង​ប្រដាប់​អាវុធ ​ដោយសារ​កងទ័ព​ឡាវ បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង។ តែ​ភាព​តានតឹង​ខាង​យោធានេះ ​ត្រូវបាន​ដោះស្រាយ​គ្នា​ចប់​ទៅវិញ​ដោយ​សន្តិវិធី​។ ក្រោយមក ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​នាយក​រដ្ឋមន្ត្រី​ឡាវ​ លោក​ ថង​លូន ​ស៊ី​សូលីត ​បាន​ឯកភាព​ ស្នើ​សុំ​ឲ្យ​ប្រធានាធិបតី​បារាំង ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ ​នានា ​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។ ​ប្រទេស​បារាំង​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើរ​នេះ ​ដោយ​ស្នើសុំ​ឲ្យ​ភាគី​ជម្លោះ ​ដោះស្រាយ​គ្នា​ឲ្យ​ហើយ​ស្រេចបាច់​ថា​តើ​ភាគី​ទាំងពីរ​ឲ្យ​បារាំង​ជួយ​លើ​ចំណុច​អ្វី​ខ្លះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ