អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រំដែនកម្ពុជា-វៀតណាម៖ កិច្ចព្រមព្រៀង សន្ធិសញ្ញា និងផែនទីផ្លូវការថ្មីៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កង្វះ​ការយល់ដឹង​អំពី​បញ្ហា​ទាក់ទង​នឹង​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ចាប់ពី​សម័យ​អាណានិគមនិយម​បារាំង រហូតដល់​ពេលបច្ចុប្បន្ន​នេះ ជាហេតុ​នៃ​ក្តីបារម្ភ​នៃ​ប្រជាជន​កម្ពុជា។ វា​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​វឹកវរ​ផងដែរ។ ដូច្នេះ ការស្វែងយល់​ឯកសារ​ផ្លូវការ និង​ស្គាល់​ការពិត ជា​ករណី​កិច្ច​របស់​ជនជាតិខ្មែរ​ដែល​ខ្វល់​ខ្វាយ​​នឹង​ព្រំដែន​កម្ពុជា​ភាគ​ខាងកើត។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ឆ្លើយ​បំភ្លឺ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​ក្នុង​រដ្ឋ​សភា ឆ្នាំ២០១២។
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ឆ្លើយ​បំភ្លឺ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​ក្នុង​រដ្ឋ​សភា ឆ្នាំ២០១២។ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ព្រំដែន​រដ្ឋ​រវាង​កម្ពុ​ជា និង​វៀតណាម ជា​ប្រភព​នៃ​ក្តីបារម្ភ​ដ៏​ធំ​មួយ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​មើលឃើញ និង​បានដឹងថា ព្រំដែន​ភាគ​ខាងកើត​នៃ​មាតុភូមិ​ខ្លួន​មិនសូវ​រឹងមាំ។ ចាប់ពី​សតវត្ស​ទី១៧ រហូតដល់​ពាក់កណ្តាល​សតវត្ស​ទី២០ វៀតណាម​បាន​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ទាំងស្រុង។ សព្វថ្ងៃ កម្ពុជា​កំពុង​ចរចា​ជាមួយ​ភាគី​វៀតណាម ដើម្បី​បោះបង្គោល​ព្រំដែន​គោក ឱ្យបាន​ចប់សព្វគ្រប់ បន្ទាប់ពី​សម្រេចបាន«៨៣%»នៃ​ប្រវែង​សរុប«ប្រមាណ​ជា១២៧០គម»។

ប៉ុន្តែ​ការងារ​ដែល​រដ្ឋាភិបាល​កម្ពុជា​អះអាងថា «ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា គ្រប់​ស្រទាប់​ជាន់ថ្នាក់»នោះ ទទួល​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​មជ្ឈដ្ឋាន​ក្រៅ​រដ្ឋាភិបាល។ ការរិះគន់​នានា​ផ្តោត​ខ្លាំង​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា ដែល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានធ្វើ​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ឯកសារ​ផ្លូវការ​ទាំងនោះ មាន​ជាអាទិ៍ សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ឆ្នាំ១៩៧៩, កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២, កិច្ចព្រមព្រៀង​ស្តីពី​លក្ខន្តិកៈ​ព្រំដែន ឆ្នាំ១៩៨៣, សន្ធិសញ្ញា​ស្តីពី​គោលការណ៍​ដើម្បី​ដោះស្រាយ​ព្រំដែន ឆ្នាំ១៩៨៣ និង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ឆ្នាំ១៩៨៥។

មជ្ឈដ្ឋាន​ប្រឆាំង​នៅ​កម្ពុជា​តែងតែបាន​ចាត់ទុក​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ទាំងនោះ​ថា«ខុសច្បាប់» ហើយ«ធ្វើឱ្យ​កម្ពុជា​បាត់បង់​ទឹកដី» ព្រោះ​ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​ស្ថិតក្រោម​ការត្រួតត្រា​នៃ​កងទ័ព​វៀតណាម។ ដូច្នេះ ជា​ស្វ័យប្រវត្តិ សន្ធិសញ្ញា​ថ្មី​មួយទៀត ចុះ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដើម្បី​បំពេញ​ឱ្យ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ក៏​ត្រូវបាន​អ្នកប្រឆាំង​កំណត់ថា«មិន​ត្រឹមត្រូវ»ដែរ។មជ្ឈដ្ឋាន​ប្រឆាំង​តែងតែបាន​ទាមទារ​ឱ្យ​លុប​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ទាំងនោះ​ចោល ដោយ​សំអាង​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ឆ្នាំ១៩៩៣ ។ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ចាប់តាំងពី​ឆ្នាំ១៩៩៣ រហូតដល់​ឆ្នាំ២០១៥នេះ មិនបាន​ធ្វើតាម​សំណើ​នោះទេ។

ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋាភិបាល​បាន​បំភ្លឺ​ពីរដង​នៅក្នុង​រដ្ឋស​ភា រឿង​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា ដែល​ខ្លួន​បានធ្វើ​ជាមួយ​ភាគី​វៀតណាម។ លើក​ទី១គឺ​បទ​អន្តរាគមន៍​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​បញ្ហា​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​ជុំវិញ​បញ្ហា​ព្រំ​ដែនទឹក​រវាង​កម្ពុជា និង​វៀតណាម។ លើក​ទី២គឺ​ការអធិប្បាយ​បំភ្លឺ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ស្តីអំពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

ខ្លឺ​ម​សារ​រួម​នៃ​ការបកស្រាយ​ទាំង​ពីរលើក ដែល​គេ​អាច​អាន​បាន​ក្នុង​វ៉ិ​ប​សាយ​ត៍របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ គឺថា៖ «កម្ពុជា​នឹងមិន​ខាត ឬ​បាត់បង់​ដី​ឡើយ សូម្បីតែ១ម៉ែត្រក្រឡា​ក៏ដោយ»។ ម្យ៉ាង នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា​អះអាងថា កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ជាមួយ​វៀតណាម ចាប់ពី​ឆ្នាំ១៩៨២ ដល់១៩៨៥ បាន​ធ្វើឡើង​ស្របតាម​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ១៩៦៩ ស្តីពី​ច្បាប់​សន្ធិសញ្ញា មជ្ឈដ្ឋាន​ប្រឆាំង​មិនទាន់បាន​បង្ហាញឱ្យឃើញ​ច្បាស់លាស់​ថា ឯកសារ​ផ្លូវការ​ទាំងនោះ មិន​ស្រប​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឬ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើយ។ ម្យ៉ាងទៀត បើតាម​រដ្ឋាភិបាល​កម្ពុ​ជា សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ គឺធ្វើឡើង​ដោយ​ផ្អែកលើ​ការប្រែប្រួល​នៃ​សភាពការណ៍​ជាក់ស្តែង ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ការបញ្ចូល​គោលការណ៍ថ្មីៗ ដែល​មានចែង​ក្នុង​ច្បាប់​អន្តរជាតិ។ ឯកសារ​នេះ​បើកផ្លូវ​ឱ្យមាន​ការពិនិត្យ​ឡើងវិញ នូវ​ខ្សែ​ព្រំដែន​ចម្លង​ពី​ផែនទី​ខ្នាត១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ទៅ​ផែនទី​ខ្នាត១/៥០ ០០០ ដែល​ច្បាស់​ជាង និង​ដែលមាន​និយាម​ការ ទោះបីជា​ខ្សែ​ព្រំដែន​ចម្លង​នោះ បានធ្វើ​ហើយ​តាំងពី​ឆ្នាំ១៩៨៦ ១៩៨៧ និង១៩៨៨ក៏ដោយ។ ជាពិសេស​ទៅទៀត សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥នេះ ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​ទារ​ផ្ទៃដី​តំបន់​ប៊ូ​ប្រា​ង ទំហំ ៥០ គីឡូ ម៉ែត្រ​ការ៉េ ក្នុង​ខេត្តមណ្ឌលគិរី តាម​សេចក្តីសម្រេច​ឆ្នាំ១៩១៤នៃ​អគ្គទេសា​ភិ​បាល​បារាំង​ដែលថា ខ្សែ​ព្រំដែន​តំបន់​នោះ​គឺ​ត្រូវ​ដើរ​តាម​ទន្លេ​ដាក់​ហ៊ូ​ត។ បើតាម​រដ្ឋាភិបាល ផែនទី​ខ្នាត១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​នៅតែ​បន្ត​គូស​តាម​ទន្លេ​ដាក់​ដាង ធ្វើឱ្យ​កម្ពុជា​បាត់​តំបន់​ប៊ូ​ប្រា​ង​ទៅក្នុង​ដៃ​វៀតណាម បើ​គ្មាន​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥នោះ។

ដោយឡែក កោះត្រល់​របស់​កម្ពុជា ដែល​វៀតណាម​ហៅ​ហ្វ៊ូកុក​នោះ ប្រហែលជា​បាន​បាត់​តាំង​ពីមុន​មាន​កិច្ចព្រមព្រៀង​ឆ្នាំ១៩៨២ ដូច​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​មែន ប្រសិនបើ​អ្នកប្រឆាំង​គ្មាន​តឹកតាង​អ្វី​ក្រៅពី​ខ្សែ​ព្រំ​ដែនទឹក​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​គូស​ជា​ឯកតោភាគី នៅ​ឆ្នាំ១៩៧២នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ