អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ប្រាប់​មេ​ឃុំ បើក​ចិត្ត​ឲ្យ​ទូលាយ​ធ្វើ​ការ​ជាមួយ​មេ​ឃុំ​មក​ពី​បក្ស​ផ្សេង

ពី​ខេត្ត​កាកែវ លោក កឹម សុខា  ប្រាប់​មេ​ឃុំ ជំទប់​ទី១ ទី២ និង​សមាជិកក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣១៨​នាក់ ត្រូវបើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ធ្វើការ​ជា​មួយ​​មេឃុំ​មក​ពី​គណបក្ស​នយោបាយ​ផ្សេង​ដោយ​គ្មាន​ការ​រើស​អើង។  

លោកកឹម សុខា ​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​
លោកកឹម សុខា ​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​ @Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ការ​ស្នើ​ឲ្យ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ដើម្បី​ធ្វើ​ការ​ជាមួយ​មេឃុំ មក​ពី​គណបក្ស​នយោបាយ​​ផ្សេង​ហើយ​នោះ លោក កឹម សុខា ស្នើ​ឲ្យ​មេឃុំ ជំទប់​ទី១ និង​ទី២ មក​ពី​គណបក្ស​សង្គ្រោះជាតិ​ក៏​ត្រូវ​យក​គំរូ​នៃ​ការ​ដឹក​នាំ​ល្អៗ​របស់​មេឃុំ​គណបក្ស​ផ្សេង​មក​អនុវត្ត​ផង​ដែរ។ ក្នុង​ន័យ​នេះ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​គូស​បញ្ជាក់​ថា ជា​គំរូល្អ​ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​មិន​មែន​ជា​គំរូ​ល្អ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រួម​គ្នា​ឡើយ។

ចំណែក​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ថា ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​​ធ្វើ​ការ​ងារ​រួម​គ្នា​គឺ​ជា​រឿង​មួយ​ល្អ។ ប៉ុន្តែ​ការ​ងារ​នោះ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​ទៅនឹង​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ថ្នាក់​រដ្ឋបាល​ឃុំ​សង្កាត់។

លោក កឹម សុខា ក៏​បាន​រម្លឹក​ទៅ​កាន់​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រើ​សម្ដី និង​អប្ប​កិរិយា​​ឲ្យ​បាន​ទន់​ភ្លន់​ជាមួយ​ពលរដ្ឋ។ យក​ចិត្ត​ពលរដ្ឋ​សម្រាប់ លោក កឹម សុខា គឺអាច​នាំ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៨។

សូមបញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​តាកែវ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​តំណែង​ជា​មេឃុំ ជំទប់​ទី១ និងទី២ ចំនួន​៣១៨នាក់ ដែល​ចំនួន​នេះ កើន​លើស​កាល​បោះឆ្នោត​ឃុំ ក្នុងឆ្នាំ​២០១២​ជាង​ពាក់​កណ្ដាល។ កាល​ណោះ​ក្នុង​ឋានៈ​ជា​គណបក្ស​ពីរ​រួម​បញ្ជូល​គ្នា​សិទ្ធិ​មនុស្ស និងសម រង្ស៊ី បង្កើត​បាន​សង្គ្រោះជាតិ​គណបក្ស​នេះ​មិន​ទទួល​បាន​តំណែង​ជា​មេឃុំ​ទេ​ពោល​គឺ​មាន​ត្រឹម​តំណែង​ជំទប់​១៧៦​នាក់។ នេះ​បើ​ការ​បញ្ជាក់​របស់​លោក ប៉ុល ហំម អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

តាម​ច្បាប់​បោះ​ឆ្នោត​១៤​ថ្ងៃ ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ ការ​ផ្លាស់​ប្ដូរ​តំណែង​មេឃុំ​ចៅ​សង្កាត់​នៅ​ទូទាំង​ប្រទេស​នឹង​ចាប់​ផ្ដើម​ឡើង។ លោក ហង្ស ពុទ្ធា ថា ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​មិថុនា ដោយ​គ្មាន​ការលើក​ពេល​ឡើយ។ ដោយ​ឡែក បើ​ផ្អែក​តាម​លទ្ធផល​បណ្ដោះ​អាសន្ន នៅ​ទូទាំង​ប្រទេ​​ស​គណបក្ស​ប្រជាជន គ្រប់​គ្រង​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់​ចំនួន​១១៥៦​ ឃុំ​សង្កាត់ ។ ចំណែក​គណបក្ស​សង្គ្រោះជាតិ​គ្រប់​គ្រង​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ