អានតួអត្ថបទ
កម្ពុជា-កសិកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម៖ ភាគី​ពាក់ព័ន្ធ​ត្រៀម​ជួប​គ្នា​ដើម្បី​ចរចា​ជាមួយ​វៀតណាម​ឲ្យ​មក​ទិញស្រូវ

តាម​គម្រោង​ក្រសួង​កសិកម្ម ត្រៀម​បើក​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​លើ​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ថ្លៃ​នៅ​ក្រោម​តម្លៃ​៧០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។ ជំនួប​នៅថ្ងៃ​ទី​៣០​មករា ផ្ដោត​ទៅ​លើ​ការ​ចរចា​ជាមួយ​វៀតណាម​ឲ្យ​មក​ទិញ​ស្រូវ​ពី​កម្ពុជា។

រូបតំណាង៖ កសិករក្នុងវាលស្រែនាពេលកន្លង
រូបតំណាង៖ កសិករក្នុងវាលស្រែនាពេលកន្លង © RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុទ្ធី បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ប្រឈម​នឹង​តម្លៃ​ស្រូវ ​ដែលកំពុង​ធ្លាក់​ថ្លៃ វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន​ទៀត​របស់​ក្រសួង​កសិកម្ម​គឺចរចា​ជាមួយ​ឈ្មួញ​វៀតណាម​ឲ្យ​មក​ទិញ​ស្រូវ​ពី​កម្ពុជា នៅ​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​វៀតណាម​ទាំងអស់​ដូច​ជា ខេត្ត​តាកែវ កណ្ដាល ព្រៃវែង និង​ខេត្ត​កំពង់ចាម​ជាដើម។

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​​ថា កសិករ​ខ្មែរ​អាច​ប្រឈម​នឹង​ការ​ធ្លាក់​តម្លៃ​ស្រូវ កាន់​តែ​ចុះ​ថោកទេ នៅ​ពេល​កម្ពុជា​ហៅ​វៀត​ណា​មក​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​កំពុង​តែប្រឈម​នឹង​ការ​ចុះថោក​ស្រាប់​បែប​នេះ? អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា ព្រោះ​តែ​បារម្ភទើប​កម្ពុជា​ចរចា​ជាមួយ​វៀត​ណាម ដើម្បី​ឲ្យ​ឈ្មួញ​វៀតណាម​មក​ទិញ​ស្រូវ​ពី​កម្ពុជា។ ម្យ៉ាងទៀត ក្រៅ​ពី​ថៃ កម្ពុជា​និង​វៀតណាម ក៏​ជា​ដៃ​គូរ​ស្រាប់​ក្នុង​ការ​ទិញ​លក់​ស្រូវ​នេះ​ផង។

កន្លង​មក​តំណាង​កសិករ ក៏ធ្លាប់ទទូច​ឲ្យ​រដ្ឋា​ភិបាល​ចរចា​ជាមួយ​ចិន​ពន្លឿន​ការ​ទិញ​អង្ករ​ ដើម្បី​​សង្គ្រោះ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​ បន្ទាប់​ពី​ចិន​សន្យា​ទិញ​អង្ករ​កម្ពុជា​៤០​ម៉ឺន​តោន។ ក្រៅ​ពី​ទី​ផ្សារ​ចិន​អ្នកជំនាញ​ផ្នែក​កសិកម្ម​ផ្ដល់​យោបល់​ដល់​រដ្ឋាភិបាល​ថា គួរ​តែ​ចេញ​ថវិកា​ផ្ទាល់​ខ្លួន​ទិញ​ស្រូវ​ស្តុក​ទុក។

ប៉ុន្តែ​យ៉ាង​ណា​មិញ គិត​មក​ដល់​ថ្ងៃ​ទី​២៨​មករា​នេះ តម្លៃ​ស្រូវ​ក្នុង​ខេត្ត​មួយ​ចំនួន​រក្សា​បាន​តម្លៃ៧០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ខណៈ​ខេត្ត​តាកែវ​និង​បន្ទាយមាន​ជ័យ​តម្លៃ​ស្រូវ​ធ្លាក់​មក​នៅក្រោម​តម្លៃ​៧០០​រយ​រៀល។​ ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នៅ​ពេល​នេះ​ត្រូវ​បាន​តំណាង​កសិករ​អះអាងថា ដោ​យ​សារ​តែ​ឈ្មួញ​កណ្ដាល​យក​លេស​ថា អឺរ៉ុប​ផ្ដើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បាន​អះ​អាង​ជា​ថ្មី​នៅ​ថ្ងៃ​នេះ​ថា តម្លៃ​ស្រូវ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ធ្លាក់​មក​នៅ​តម្លៃ​៦៥០រៀល ខណៈ​តម្លៃ​ស្រូវ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូច​ជា កំពង់ធំ ព្រៃវែង កំពត ​ជា​ដើម​រក្សា​បាន​តម្លៃ​៧០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។

ដោយឡែក លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមាន​ជ័យ​បាន​អះអា​ងថា តម្លៃ​ស្រូវ​ក្រអូប ដែល​ជា​ប្រភេទ​ស្រូវ​នាំ​ចេញ​សម្រាប់​ឆ្នាំ​នេះ ១​តោន​មាន​តម្លៃ​១លា​ន២​សែន​រៀល ពោល​គឺ​មិនបាន​ធ្លាក់​ថ្លៃ​ឡើយ។ ចំណែក​ឯ​តម្លៃ​ស្រូវ ដែល​ធ្លាក់​ថ្លៃ​នោះ​គឺ​មក​ពី​គុណ​ភាព​ស្រូវ​មិន​ល្អដោយ​សារ​ការ​លិច​ទឹ​កទើប​ឈ្មួញ​បញ្ចុះ​តម្លៃ។ នេះ​បើ​តាម​អភិបាល​ខេត្ត​បន្ទាយមាន​ជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ