អានតួអត្ថបទ
កម្ពុជា-សង្គម

​តំណាង​កសិករ ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ចរចា​ជាមួយ​ចិន​ពន្លឿន​ការ​ទិញ​អង្ករ​ដើម្បី​សង្គ្រោះ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​

លោក​ ថេង​ សាវឿន​ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​ចិន​ដើម្បី​ពន្លឿន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ដើម្បី​សង្គ្រោះ​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ស្រូវ​។ ស្រូវ​ដែល​កំពុង​ធ្លាក់​ថ្លៃ​ទាំង​នៅ​ដើម​ឆ្នាំ មក​នៅ​តម្លៃ​៧៥០​រៀល ខណៈ​ឆ្នាំ​ទៅ​មិញ​តម្លៃ​ស្រូវ​មួយ​គីឡូ​មាន​តម្លៃ​ចន្លោះ​ពី៩០០​ទៅ​១០០០​រៀល​។ មួយ​ផ្នែក​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​បាន​គេ​ទាញ​ភ្ជាប់​នឹង​ការ​យក​ពន្ធ​អង្ករ​កម្ពុជា​ដែល​នាំ​ទៅ​អឺរ៉ុប​។ តែ​ចំណុច​នេះ​ត្រូវ​បាន​បដិសេធ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ 

ស្រូវអង្ករកម្ពុជា
ស្រូវអង្ករកម្ពុជា @FB/ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation-CRF
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​សប្ដាហ៍​ក្រោយ​សហភាព​អឺរ៉ុប​ប្រកាស​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​កម្ពុជា តម្លៃ​ស្រូវ​ក៏​ផ្ដើម​ធ្លាក់​ថ្លៃ​បណ្ដើរៗ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូច​ជាៈ កំពង់ធំ ព្រៃវែង កំពត​ជា​ដើម​។ ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​មក​នៅ​តម្លៃ​៧៥០​រៀល ដោយ​សារ​តែ​គ្មាន​ឈ្មួញ​មក​ទិញ​។ ចំណុច​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា ទំនង​ជា​ឈ្មួញ​រារែក​ចិត្ត និង​ព្រួយ​បារម្ភ​បន្ទាប់​ពី​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​កម្ពុជា​ទៅ​អឺរ៉ុប​។

ប្រឈម​បញ្ហា​នេះ​តំណាង​កសិករ លោក​ ថេង​ សាវឿន​ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ផ្ដល់​យោបល់​ថា បើ​មិន​ចង់​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ជាង​នេះ​ឬ​ដើម្បី​រក្សា​តម្លៃ​៧៥០​រៀលឲ្យ​នៅ​ថេរ គឺ​ជំហ៊ាន​ដំបូង​រដ្ឋាភិបាល​គួរ​តែ​បញ្ចេញ​កញ្ចប់​ថវិកា​ទិញ​ស្រូវ​ស្តុក​ទុក​។ ក្រៅ​ពី​រដ្ឋ​បញ្ចេញ​ថវិកា​ទិញ​ស្រួវ​ស្តុក​ទុក រដ្ឋា​ភិបាល​ក៏​អាច​ចរចា​ជាមួយ​ចិន​ដើម្បី​ពន្លឿន​ការ​ទិញ​អង្ករ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ចិន​សន្យា​បន្ត​ទិញ​អង្ករ​​នៅ​ក្នុង​កំរិត​៤០​ម៉ឺន​តោន។

លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពន្យល់​ថា ចំពោះ​ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​រយៈ​ពេល​៣ឆ្នាំ​ក្នុង​ការ​នាំ​អង្ករ​ទៅ​អឺរ៉ុប​នេះ មិន​ទាន់​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឡើយ​ទេ បើ​គិត​មក​ពេល​នេះ​។ មិន​ទាន់​ចាប់​ផ្ដើម​ព្រោះ​កម្ពុជា​និង​អឺរ៉ុប​នៅ​ជាប់​កិច្ច​ព្រម​ព្រៀង​ចាស់​រួច​ពន្ធ​នៅ​ឡើយ​ទេ​។ដូច្នេះ​រូប​ភាព​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ដែល​កំពុង​តែ​ធ្លាក់​ថ្លៃ​កើត​មាន​នៅ​រៀង​រាល់​ឆ្នាំ​។ ហើយ​តម្លៃ​ស្រូវ​ដែល​ត្រូវ​ថ្លៃ ជាទូទៅ​កើត​មាន​ពេល​ដើម​រដូវ​ប្រមូល​ផល​ចន្លោះ​ខែ​១០​ដល់​ខែ​១២​និង ជា​ប្រភេទ​ស្រូវ​ក្រអូប​ប្រណិត​។

បន្ថែមលើសេចក្ដីថ្លែងរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី២៣មករា ដែលអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាគាំទ្រផលិតផលអង្ករក្នុងស្រុក លោក ហ៊ុន ឡាក់ អំពាវនាវឲ្យកសិកររក្សាភាពស្ងប់ស្ងាត់ ខណៈដែលភាគីពាក់ព័ន្ធត្រៀមបើកិច្ចប្រជុំស្វែងរកដំណោះស្រាយរួម។ ដំណោះស្រាយដែលផ្ដោតទៅក្ដីស​ង្ឃឹម​នៃការបន្ថែមចំនួនកូតានាំអង្ករទៅចិន១០ម៉ឺនតោនបន្ថែមពីលើឆ្នាំចាស់នាំទៅ៣០ម៉ឺនតោន​។ ក្រៅពីរំពឹងលើការនាំចេញទៅចិន រដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយគាំពារចំពោះការថ្លៃតម្លៃស្រូវដែរ។

ប៉ុន្តែយ៉ាងណាមិញអ្នកសេដ្ឋកិច្ចនិយាយថា កសិករកំពុងល្វីងមុខបន្ទាប់ពីស្រូវធ្លាក់ថ្លៃ ខណៈដែលតម្លៃ ប្រេង ជី និងបំណុលធនាគារកំពុងប្រ​ឈ​ម​នៅចំពោះមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ