អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២៧ សីហា ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ស្តីពី​ស្ថានភាព​របស់​ពួក​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ របាយការណ៍​បាន​ចោទ​ត្រង់ៗ​លើ​មន្រ្តីយោធាជាន់ខ្ពស់​ភូមាន​ចំនួន ៦រូប ក្នុង​នោះ​មាន​មេទ័ព​ឧត្តមសេនីយ​មីន អ៊ុងឡាង​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាង អ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្រៅ​ពី​ចង្អុល​មុខ​កងទ័ព​ភូមា របាយការណ៍​ក៏​បាន​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល​ភូមា​ពី​បទ​បាន​ចូលរួម​ឃុបឃិត​ដែរ។ អ្វី​ដែល​ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ពេល​នេះ គឺ​ការ​លា​ចុះ​ពី​តំណែង​របស់​ឧត្តមសេនីយ​មីន អ៊ុងឡាង និង​ការ​អូស ក ជនដៃ​ទៅ​កាត់​ទោស​នៅ​តុលាការ​អន្តរជាតិ​ពី​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្មសង្រ្គាម​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា។ តើ​ជម្រើស​តុលាការ​អន្តរជាតិ​មួយ​ណា និង​មាន​អ្នក​ពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​ឧក្រិដ្ឋកម្ម​ទាំង​នេះ?

លោក​អ៊ុង មីនឡាង មេបញ្ជាការ​កងទ័ពភូមា
លោក​អ៊ុង មីនឡាង មេបញ្ជាការ​កងទ័ពភូមា AFP
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​ហាក់​លែង​ស្រពិចស្រពិល​ទៀត​ឡើយ​សម្រាប់​ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានការ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ាង​នៅ​ក្នុង​ប្រទេស​ភូមា។ ជនស៊ីវិល​ត្រូវ​បាន​សម្លាប់​ចោល ស្រ្តី​ត្រូវ​បាន​ចាប់​រំលោភ ផ្ទះសម្បែង​ត្រូវ​បាន​ដុត​បំផ្លាញ ការ​បាត់ខ្លួន​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម និង​ទាសភាព ទាំង​នេះ​សុទ្ធសឹង​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ច្បាប់​អន្តរជាតិ​បាន​ហាម​ឃាត់ និង​ដែល​ត្រូវ​បាន​ទ័ពភូមា​យក​ទៅ​ប្រើ​ដើម្បី​បំបាត់​ពូជ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ពេល​ដែល​ពួក​រ៉ូហ៊ីងយ៉ា​ជាង ៧០០ ០០០នាក់​បាន​ភៀសខ្លួន​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ទាហាន​ភូមា​ទៅ​ជ្រកកោណ​ក្នុង​ទឹកដី​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ មក នេះ​ជា​លើកទី១ ដែល​អង្គការ​សហប្រជាជាតិ​បាន​ប្រើ​ពាក្យ « ប្រល័យ​ពូជសាសន៍ » លើ​ពួក​រ៉ូហ៊ីងយ៉ា។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ផែនការ​បោសសំអាត​ពួក​រ៉ូហ៊ីងយ៉ា​ពី​សំណាក់​ទ័ព​ភូមា​ជា​ផែនការ​ដែល​បាន​រៀបចំ​ទុក​ជាមុន និង​មាន​ការ​បញ្ជា​ពី​មន្រ្តីយោធាជាន់ខ្ពស់ រួម​ទាំង​ការ​ចូលរួម​ឃុបឃិត​ពី​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ទៀត​ផង។ នៅ​ត្រង់​ចំណុច​នេះ អង្គការ​សហប្រជាជាតិ​ចង់​និយាយ​សំដៅ​លើ​លោកស្រី​អ៊ុង សានស៊ូជី រដ្ឋមន្រ្តី​ការបរទេស​ដែល​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ដើម្បី​រារាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​រ៉ូហ៊ីងយ៉ា។ អ្វី​ដែល​ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ទាមទារ​ចង់​បាន​ពេល​នេះ គឺ​ការ​លា​ចុះ​ពី​តំណែង​ភ្លាម​របស់​ឧត្តមសេនីយ​មីន អ៊ុងឡាង និង​ការ​អូស ក រូប​លោក ព្រម​ទាំង​មន្រ្តីជាន់ខ្ពស់ ៥រូប​ទៀត​ទៅ​កាត់​ទោស​នៅ​តុលាការ​អន្តរជាតិ​ក្នុង​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្មសង្រ្គាម។

សំណួរ តើ​ត្រូវ​ជ្រើសរើស​យក​តុលារការ​អន្តរជាតិ​មួយ​ណា?។ អាច​មាន​ចម្លើយ ៣ ចំពោះ​សំណួរ​នេះ ទី១ គឺ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ ក៏​ប៉ុន្តែ និង​ដើម្បី​អាច​ឲ្យ​តុលាការ​មួយ​នេះ​ផ្តើម​ចាត់​វិធានការ​លើ​រឿង​នេះ​បាន លុះ​ត្រាណា​តែ​មាន​ការ​ស្នើ​សុំ​ពី​ក្រុមប្រឹក្សាសន្តិសុខ​តាម​រយៈ​សេចក្តីសម្រេចចិត្ត​មួយ​ជា​មុន​សិន។ តែ​បញ្ហា​នៅ​ត្រង់​ថា ចិន​ដែល​ជា​មិត្ត​របស់​ភូមា និង​តែងចាត់​ទុក​វិបត្តិ​រ៉ូហ៊ីងយ៉ា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ភូមា ពិត​ជា​ប្រើ​សិទ្ធិ​វេតូ​មិន​គាំទ្រ​ឡើយ។ ទន្ទឹម​គ្នា​នេះ ប្រទេស​រុស្ស៊ី​ដែល​មាន​សិទ្ធិវេតូ​ដូច​ចិន និង​ដែល​ឧត្តមសេនីយ​មីន អ៊ុងឡាង​ទើប​បាន​បំពេញ​ទស្សនកិច្ច​ក៏​អាច​នឹង​ប្រើ​សិទ្ធិវេតូ​ប្រឆាំង​ដែរ។

ប្រសិន​ការ​ព្យាយាម​នៅ​ក្នុង​ជម្រើស​ទី១ តាម​រយៈ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​នេះ​មិន​អាច​ទៅ​រួច នៅ​សល់​ជម្រើស ទី២ នោះ​គឺ​ការ​បង្កើត​តុលាការ​អន្តរជាតិពិសេស​មួយ​ដូច​ករណី​ប្រទេស​រវ៉ាន់ដា ឬ​ករណី​អតីត​ប្រទេស​យូកូស្លាវី។ ប្រសិន​បើ​ជម្រើស​ទី២ នេះ​នៅ​តែ​មិន​អាច​ចេញ​រួច​ទៀត នៅ​មាន​ជម្រើស​ទី៣ ដែល​ជា​ជម្រើស​ចុង​ក្រោយ។ ជម្រើស​ទី៣ នេះ គឺ​លោកស្រី​អគ្គរដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ហ្វាទូ បេនស៊ូដា​អាច​ស្នើ​ដល់​ក្រុម​ចៅក្រម​ឲ្យ​ពង្រីក​យុត្តាធិការ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ដូច​ករណី​ភូមា។ យន្តការ​មួយ​នេះ​អាច​ធ្វើ​បាន​ក៏​ដោយសារ​តែ​វិបត្តិ​រ៉ូហ៊ីងយ៉ា​មិន​មែន​កើត​មាន​នៅ​ត្រឹម​ផ្ទៃក្នុង​ភូមា​ប៉ុណ្ណោះ​ទេ តែ​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​បង់ក្លាដែស​ដែល​ជា​សមាជិក​របស់​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។

ប្រសិន​បើ​ក្រុមចៅក្រម​ផ្តល់​ភ្លើង​ខៀវ​តាម​សំណើ​សុំ​របស់​លោកស្រី​ហ្វាទូ បេនស៊ូដា នោះ​អគ្គរដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​រូប​នេះ​អាច​នឹង​ផ្តើម​បើក​ការ​ស៊ើបអង្កេត​បឋម​របស់​ខ្លួន។ នីតិវិធី​មួយ​នេះ​អាច​នឹង​ឈាន​ដល់​ការ​ចេញ​ដីការ​ឃាត់​ខ្លួន​អ្នកទទួលខុសត្រូវ​ភូមា​ដែល​អង្គការ​សហប្រជាជាតិ​បាន​ដៅ​លើ​មន្រ្តីយោធាជាន់ខ្ពស់​ចំនួន ៦រូប មាន​ទាំង​មេបញ្ជាការ​ឧត្តមសេនីយ​មីន អ៊ុងឡាង​ម្នាក់​ផង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អំណាច​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​មាន​កម្រិត​ដែល​មិន​អាច​បង្ខំ​ប្រទេស​ភូមា​ឲ្យ​ចាប់​ជនជាប់ចោទ​បញ្ជូន​ទៅ​ឲ្យ​ខ្លួន​បាន​ឡើយ។ ម្យ៉ាង​ទៀត បើ​ជនជាប់ចោទ​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ប្រទេស​ផ្សេង ក៏​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​មិន​អាច​បង្ខំ​ប្រទេស​នោះ​ឲ្យ​ចាប់​បញ្ជូន​ជនជាប់ចោទ​ទាំង​នោះ​ទៅ​ឲ្យ​ខ្លួន​បាន​ដែរ។

ពាក់ព័ន្ធ​នឹង​លោកស្រី​អ៊ុង សានស៊ូជី​ដោយ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​លោកស្រី​អាច​នឹង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ផែនការ​បោសសំអាត​ពួក​រ៉ូហ៊ីងយ៉ា​ឬ​អត់?។ ពិត​ជា​មាន នេះ​បើ​តាម​ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ។ តែ​លោកស្រី​អាច​មិន​ត្រូវ​ជាប់​ការ​ស៊ើបអង្កេត ព្រោះ​នៅ​ភូមា ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​ដែល​លោកស្រី​អ៊ុង សានស៊ូជី​មិន​អាច​លូកដៃ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ