អានតួអត្ថបទ
ហ្វីលីពីន

សង្រ្គាម​ប្រឆាំង​គ្រឿងញៀន៖​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ប្រដូច​ទង្វើ​ខ្លួន​ទៅ​នឹង​ទង្វើ​ហ៊ីត្លែរ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក​ប្រធានាធិបតី​ឌុយទែរតេ​កំពុង​បន្ត​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​លើ​រូប​លោក​ដោយ​នៅ​ថ្ងៃ​សុក្រ ទី៣០ កញ្ញា​នេះ លោក​ឌុយទែរតេ​បាន​ប្រៀបប្រដូច​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ទៅ​នឹង​ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ​របស់​ហ៊ីត្លែរ។ លោក​ឌុយទែរតេ​បាន​អះអាង​ថា លោក​សប្បាយចិត្ត​នឹង​សម្លាប់​រង្គាល​ពួក​អ្នកប្រើប្រាស់​គ្រឿងញៀន​រាប់លាននាក់។

លោក​​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន
លោក​​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៣០ កញ្ញា​នេះ​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ជំហរ​របស់​លោក​ក្នុង​ការ​បំបាត់​ការ​ជួញ​ដូរ​គ្រឿងញៀន និង​ពួក​អ្នកប្រើប្រាស់​គ្រឿងញៀន​ឲ្យ​អស់​ពី​ទឹកដី​ហ្វីលីពីន។ « ហ៊ីត្លែរ​បាន​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ​ចំនួន ៣លាននាក់។ នៅ​ហ្វីលីពីន មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ៣លាននាក់។ ខ្ញុំ​នឹង​សប្បាយចិត្ត​សម្លាប់​ពួក​គេ​ទាំង​អស់ » នេះ​ជា​សម្តី​របស់​លោក​ឌុយទែរតេ។

ដោយឡែក និង​ជា​ថ្មី​ម្តង​ទៀត លោក​ឌុយទែរតេ​ដែល​គេ​ស្គាល់​ជា​ប្រធានាធិបតី​មាត់ដាច និង​ចូលចិត្ត​ប្រើ​ពាក្យប្រមាថ ​​ក៏​បាន​និយាយ​វាយប្រហារ​លើ​សហភាព​អឺរ៉ុប និង​អាមេរិក​ដែល​បាន​រិះគន់ ទិតៀន​លើ​សង្រ្គាមប្រឆាំង​គ្រឿងញៀន​របស់​លោក។ លោក​ឌុយទែរតេ​បាន​យល់​ឃើញ​ថា អឺរ៉ុប និង​អាមេរិក​ជា​អ្នក​លាក់ពុត ​ដែល​មើល​ឃើញ​តែ​រឿង​របស់​អ្នកដទៃ។ នៅ​ត្រង់​ចំណុច​នេះ លោក​ឌុយទែរតេ​បាន​បរិហារ​អឺរ៉ុប និង​អាមេរិក​ដែល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​​លំហូរ​ជនអន្តោប្រវេសន៍​ពី​តំបន់​ដើមបូព៌ា​ទៅ​កាន់​ទ្វីបអឺរ៉ុប។

« ពួក​អ្នក​បាន​ទុក​ឲ្យ​ជនអន្តោប្រវេសន៍​ដែល​រត់​ចេញ​ពី​តំបន់​ដើមបូព៌ា​លង់ទឹកស្លាប់​ក្នុង​សមុទ្រ ហើយ​ពួក​អ្នក​បែរ​ជា​កំពុង​បារម្ភ​ពី​ការ​ស្លាប់​មនុស្ស ១ ០០០, ២ ០០០ ឬ ៣ ០០០នាក់​ទៅ​វិញ » នេះ​ជាការ​​ថ្លែង​ដោយ​ចោទ​ជា​សំណួរ​របស់​លោក​ឌុយទែរតេ។ សូម​ជម្រាប​ជូន​ថា តាំង​ពី​លោក​ឌុយទែរតេ​ចូល​កាន់​តំណែង​ក្នុង​ខែ​មិថុនា​មក មាន​មនុស្ស​ជាង ៣ ០០០នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន។ ក្រៅ​ពី​បញ្ជា​ឲ្យ​ប៉ូលិស និង​ទាហាន​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ លោក​ឌុយទែរតេ​ក៏​បាន​បើក​ដៃ​ឲ្យ​ប្រជាជន​ហ្វីលីពីន​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​​ដោយ​ខ្លួន​ឯង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ