អានតួអត្ថបទ
ហ្វីលីពីន​

ហ្វីលីពីន​​នឹងសង់​ពន្ធនាគារ​ថ្មីៗ​សម្រាប់​អ្នកទោស​គ្រឿងញៀន​

មន្ត្រីហ្វីលីពីន​​បាន​ប្រកាសនៅថ្ងៃអង្គារ​នេះថា រដ្ឋាភិបាល​នឹងសាងសង់​គុកថ្មីៗ​ទៀត សម្រាប់​អ្នកទោស។ យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន ​​របស់ប្រធានាធិបតីឌុយទែរតេ កំពុងជំរុញ​អោយ​មានអ្នកទោស​កាន់តែច្រើន ក្នុងពន្ធនាគារ ធ្វើអោយ​អ្នកទោសគ្មាន​កន្លែង​សម្រាក​នៅ​​គ្រប់គ្រាន់។ ហ្វីលីពីន​ជា​ប្រទេស​លំដាប់ទី៣​​ក្នុងពិភពលោក​ ដែលមានអ្នកទោស​ណែន​​តាន់តាប់ ក្នុងពន្ធនាគារ។

ពន្ធនាគារ​មួយកន្លែង​នៅ​ក្រុង​ម៉ានីល មា​នអ្នកទោស​ណែនតាន់តាប់។
ពន្ធនាគារ​មួយកន្លែង​នៅ​ក្រុង​ម៉ានីល មា​នអ្នកទោស​ណែនតាន់តាប់។ Getty Images
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃអង្គារ​នេះ អាជ្ញាធរក្រុងទីក្រុងកឺហ្សុង ភាគខាងជើងក្រុងម៉ានីល បានចុះហត្ថលេខា​ប្រគល់ដី​មួយកន្លែង សម្រាប់សាងសង់ពន្ធនាគារថ្មីមួយ ជំនួសពន្ធនាគារចាស់មួយកន្លែង ដែលសង់សង់​ជាង​៦០ឆ្នាំមកហើយ។ ពន្ធនាគារចាស់នេះ មានអ្នកទោស៨០០នាក់ តែ​បច្ចុប្បន្ន អ្នកទោសបានកើន​ចំនួនដល់ជិត៤០០០នាក់។

ពន្ធនាគារនៅកឺហ្សុង ជួបបញ្ហាអ្នកទោសច្រើនលើសលុប ធ្វើអោយគ្មានកន្លែងសមស្រប សម្រាប់អ្នកទោសសម្រាក។ អ្នកទោសខ្លះដេកនៅលើជណ្តើរ ខ្លះនៅតាមកម្រាលឥដ្ឋ។ អាជ្ញាធរក្រុងកឺហ្សុង ទទួលស្គាល់ថា បញ្ហានេះពិតជាប៉ះពាល់ដល់សិទ្ធិមនុស្ស សិទ្ធិរបស់​អ្នកទោស​ទាំងនោះ។

រដ្ឋាភិបាលប្រកាសបញ្ចេញថវិកាដើម្បីសាងសង់ពន្ធនាគារថ្មីៗ ថែមទៀត។ យុទ្ធនាការ​ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងការជួញដូរគ្រឿងញៀន របស់ប្រធានាធិបតីថ្មីហ្វីលីពីន គឺលោក​រោឌ្រីហ្កូ ឌុយទែរតេ មិនបានជំរុញអោយអ្នកទោសធ្លាក់ចុះទេ។ លោកឌុយទែរតេ ដែលជាប់​ឆ្នោតកាលពីខែឧសភា បានសន្យា កម្ចាត់ឧក្រិដ្ឋកម្មអោយអស់ពីហ្វីលីពីន តែក្នុង៦ខែ​ប៉ុណ្ណោះ។

លោកបានជំរុញអោយប៉ូលិសហ៊ានបាញ់សម្លាប់ជនសង្ស័យ ជំរុញប្រជាជន​អោយចូលរួម​ដាក់ទោស​ជនល្មើស។ ជាលទ្ធផល មនុស្សជិត៩០០នាក់ រងការចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹងការជួញដូរគ្រឿងញៀន ត្រូវបានប៉ូលិស និងប្រជាជនសម្លាប់ ក្នុងពេល​កន្លង​មក។ មនុស្សជិត៥០០០នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានប៉ូលិសចាប់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ