អានតួអត្ថបទ
កូរ៉េ​ខាងជើង

UN៖នាវា​ដឹក​ទំនិញ​កូរ៉េ​ខាងជើង​៤ ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូលចត ​នៅ​តាម​កំពង់ផែ​ទូទាំង​ពិភពលោក

ដើម្បី​អនុវត្ត ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ទៅលើ​កូរ៉េ​ខាង​ជើង​ឲ្យ​មាន​ប្រសិទ្ធិភាព ​អង្គការ​សហប្រជាជាតិ ​បាន​សម្រេច​ហាមឃាត់​នាវា​ដឹក​ទំនិញ​ចំនួន​៤ ​មិនឲ្យ​ចូល​ចត ​នៅតាម​កំពង់ផែ​ណា​ទាំង​អស់ ​នៅ​ទូទាំង​ពិភព​លោក។ នាវា​ទាំង​៤​ នេះ​  ត្រូវ​បាន​គេ​ជឿថា ​បាន​ដឹក​ទំនិញ​ របស់​កូរ៉េ​ខាង​ជើង ​យក​ទៅ​ក្រៅ​ប្រទេស ​បំពាន​នឹង​វិធានការ​ទណ្ឌកម្ម ​របស់​អង្គការ​សហ​ប្រជាជាតិ។

ទង់ជាតិ​កូរ៉េខាងជើង
ទង់ជាតិ​កូរ៉េខាងជើង REUTERS/Denis Balibouse/File Photo
ផ្សាយពាណិជ្ជកម្ម

នេះគឺ​ជា​លើក​ទីមួយ​ហើយ ​ដែល​អង្គការ​សហប្រជាជាតិ ​ហាមឃាត់​នាវា​ដឹក​ទំនិញ ​មិន​ឲ្យ​ចូលចត​ នៅ​តាម​កំពង់​ផែ។ លោក ​Hugh Griffiths ​អ្នក​ទទួល​បន្ទុក​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​ នៅ​អង្គការ​សហ​ប្រជាជាតិ ​បាន​កោះ​ប្រជុំ​តំណាង​ប្រទេស​សមាជិក​ អង្គការ​សហប្រជាជាតិ ​នៅ​ថ្ងៃ​ទី ​៩ ​តុលា ​ដើម្បី​ប្រាប់​ដំណឹង ​ស្តីពី​ការ​ហាមឃាត់​ នាវា​ដឹក​ទំនិញ ​ចំនួន​៤ ​មិន​ឲ្យ​ចូលចត​តាម​កំពង់ផែ​ នានា។ មន្ត្រី​ទូត​របស់​កូរ៉េ​ខាងជើង ​ក៏​មាន​វត្តមាន​ក្នុង​ពេល​ ប្រកាស​ដំណឹង​នេះ​ដែរ ​តែ​មិន​បាន​ប្រតិកម្ម​អ្វី​ទាំងអស់។ សេចក្តី​សម្រេច​នេះ ​ត្រូវបាន​គណកម្មការ​ ​ទទួល​បន្ទុក​សំណុំ​រឿង​ទណ្ឌកម្ម ​លើ​កូរ៉េ​ខាង​ជើង ​សម្រេច ​កាល​ពី​ថ្ងៃ​ទី​ ​៥​ តុលា។

លោក ​Hugh Griffiths ​បាន​អះអាង​ថា ​ឆ្លងកាត់​ការ​តាមដាន​ស៊ើប​អង្កេត ​នាវា​ទាំង​៤ ​គឺ​ជា​នាវា​ដឹក​ទំនិញ​ចេញ​ចូល​កូរ៉េ​ខាងជើង​ ដូច​ជា ​ដឹក​ធ្យូងថ្ម ​ ដែក​ ប្រេង​ឥន្ធនៈ ​និង​ត្រី​ ជាដើម។ ទំនិញ​ទាំងអស់​នេះ​ សុទ្ធ​តែ​ត្រូវ​បាន​កំណត់​ហាមឃាត់ ​ឬ​កាត់​បន្ថយ​ការ​នាំចូល ​ដែល​មាន​ចែង​​នៅ​ក្នុង​សេចក្តី​សម្រេច​ទណ្ឌកម្ម​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ កាល​ពី​ថ្ងៃ​ទី​ ១១​ កញ្ញា។ តែ​យ៉ាងណា ​មន្ត្រីរូបនេះ ​បាន​បដិសេធ ​មិន​ផ្តល់​ព័ត៌មាន​លំអិត​ ថា​នាវា​ទាំង​៤​នោះ ​មាន​នាវា​អ្វី​ របស់​ក្រុមហ៊ុន​ណា​ ខ្លះ​ទេ។

ប៉ុន្តែ​បើតាម​ប្រភព ​ពីអ្នក​ដែល​ស្និទ​នឹង​សំណុំ​រឿង​នេះ ​បាន​ឲ្យដឹង​ថា ​នាវា​ដឹក​ទំនិញ​ទាំងបួន ​គឺ​ទីមួយ​ មាន​ឈ្មោះ ​PETREL 8 ​ពាក់​ទង់ជាតិ​កោះ​កូម៉រ ​ទីពីរ​ឈ្មោះ ​HAO FAN 6 ​ពាក់​ទង់ជាតិ​កោះ ​Saint Kitts ​ទីបី ​ឈ្មោះ ​TONG SAN 2 ​ពាក់​ទង់ជាតិ​កូរ៉េ​ខាង​ជើង ​និង​ទីបួន​ ឈ្មោះ ​JIE SHUN ​មិន​ទាន់​ស្គាល់​ប្រភព​ច្បាស់។ តែបើ​តាម​ការ​តាមដាន​កន្លង​មក​ នាវា​ JIE SHUN ​នេះ​ត្រូវ​គេ​ចាប់​បាន​ច្រើន​ដង​ ហើយ​មាន​ពាក់​ទង់ជាតិ​កម្ពុជា។

មន្ត្រី​អង្គការ​សហប្រជាជាតិ​ បាន​លើក​ឡើង​ថា ​ការ​ហាមឃាត់​នេះ ​មិនមែន​ធ្វើ​ឡើង​ ដើម្បី​ចង់​ធ្វើ​បាប​កូរ៉េ​ខាង​ជើង​ទេ។ តែ​ទណ្ឌកម្ម​ទាំងអស់​ ​គឺ​ធ្វើ​ឡើង ​ក្នុង​កម្មវត្ថុ​ ​ឲ្យ​កូរ៉េ​ខាង​ជើង​ ភ្ញាក់​រលឹក ​ហើយ​ត្រលប់​មកចូល​តុ​ចរចា ​ ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ ​របស់​ខ្លួន។ កូរ៉េ​ខាងជើង ​ត្រូវ​ដឹង​ថា​ នុយក្លេអ៊ែរ​របស់​ខ្លួន ​កំពុង​គំរាម​ និង​បំភ័យ ​ដល់​ស្ថិរភាព​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល។

លោក Hugh Griffiths ​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ ​របប​កូរ៉េ​ខាង​ជើង ​នៅតែ​អាច​រកស៊ី ​ដោយ​លាក់​លៀម ​និង​គេច​ឃ្វៀង ​ពី​ទណ្ឌកម្ម​អន្តរជាតិ​បាន​ដដែល ​ដោយសារ​តែ​មាន​ប្រទេស​មួយ​ចំនួន ​នៅតែ​បើក​ចំហរ​ផ្លូវ។  ដើម្បី​ឲ្យ​ទណ្ឌកម្ម​មាន​ប្រសិទ្ធិភាព ​គឺ​ត្រូវការ​ការ​ចូលរួម ​ឲ្យ​បាន​សកម្ម ​ ពី​ប្រទេស​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ