អានតួអត្ថបទ
អាមេរិក-ប្រេងឆៅ

AIE៖​អាមេរិក​នឹង​ក្លាយ​ជា​ប្រទេស​នាំប្រេងឆៅ​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក​ចាប់​ពី​ឆ្នាំ ២០២១

នៅ​ថ្ងៃ​ចន្ទ ទី១២ មីនា ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅកាត់ AIE បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​ប្រេងឆៅ​ក្នុង​លោក។ របាយការណ៍​បាន​ប្រមើលមើល​ថា សហរដ្ឋអាមេរិក ប្រេស៊ីល និង​ប្រទេស​ន័រវែស​ដែល​មិនមែន​ជា​សមាជិក​ក្នុង​អង្គការ​នៃ​ក្រុមប្រទេស​នាំ​ប្រេងឆៅ​ចេញ​ហៅកាត់ Opep នឹង​បន្ត​បង្កើន​ការ​បូមប្រេងឆៅ​របស់​ខ្លួន​នៅ ៥ឆ្នាំ​ខាង​មុខ។ តាម​របាយការណ៍​របស់ AIE ដដែល សហរដ្ឋអាមេរិក​ដែល​ធ្លាប់​ជា​ប្រទេស​នាំ​ប្រេងឆៅ​ចូល​នឹង​បន្ត​បង្កើន​ការ​បូមប្រេងឆៅ​របស់​ខ្លួន​រហូត​ក្លាយ​ជា​ប្រទេស​នាំ​ប្រេងឆៅ​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក​ចាប់​ពី​ឆ្នាំ ២០២១ ទៅ។

លោក Fatih Birol នាយកប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIE
លោក Fatih Birol នាយកប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIE AFP
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​របាយការណ៍​មួយ​ដែល​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅកាត់ AIE បាន​ប្រមើលមើល​ពី​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ប្រេងឆៅ​ក្នុង​លោក​ចន្លោះ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២៤។ តែ​អ្វី​ដែល AIE បាន​ចាប់​អារម្មណ៍​ខ្លាំង គឺ​កំណើន​នៃ​ការ​បូមប្រេងឆៅ​ពី​ក្រុម​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​ក្នុង​អង្គការ​នៃ​ក្រុមប្រទេស​នាំ​ប្រេងឆៅ​ចេញ​ហៅកាត់ Opep ដូច​យ៉ាង​សហរដ្ឋអាមេរិក ប្រេស៊ីល និង​ប្រទេស​ន័រវែស។ AIE បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៤ សហរដ្ឋអាមេរិក​នឹង​បង្កើន​ការ​បូមប្រេងឆៅ​បន្ថែម​ចំនួន ៤លានបារីល​ក្នុង​មួយ​ថ្ងៃ​រហូត​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ប្រទេស​នាំ​ប្រេងឆៅ​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក​ចាប់​ពី​ឆ្នាំ ២០២១ ទៅ។

បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រទេស​ប្រេស៊ីល និង​ប្រទេស​ន័រវែស​ក៏​នឹង​ត្រូវ​បង្កើន​ការ​បូមប្រេងឆៅ​របស់​ខ្លួន​ដូច​គ្នា​ក្នុង​រយៈពេល ៥ឆ្នាំ​ខាង​មុខ។ គួរ​រម្លឹក​ថា​សព្វថ្ងៃ តម្រូវការ​ប្រេងឆៅ​ក្នុង​លោក​ហាក់​បាន​ពឹង​ខ្លាំង​លើ​ក្រុមប្រទេស​សមាជិក​អង្គការ Opep ហើយ​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដែល​បាន​នាំ​ប្រេងឆៅ​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក។ តែ​ចាប់​ពី​ឆ្នាំ ២០២១ ទៅ សហរដ្ឋអាមេរិក​នឹង​ដណ្តើម​កន្លែង​អារ៉ាប៊ីសាអូឌីត ហើយ​ក្រុម​ប្រទេស​ដែល​ទិញ​ប្រេងឆៅ​ពី​គេ​នឹង​អាច​ទិញ​ពី​ប្រទេស​ផ្សេង​ក្រៅ​ពី​ក្រុម​ប្រទេស​នៃ​អង្គការ Opep។ តាម​របាយការណ៍​របស់ AIE ដដែល ផលិតកម្ម​ប្រេងឆៅ​របស់​ក្រុម​ប្រទេស​មិន​ស្ថិត​ក្នុង​អង្គការ Opep នឹង​កើន​ពី ៦ ១០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ ៦៨ ៧០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០២៤។

តែ​ទន្ទឹម​នឹង​កំណើន​ផលិតកម្ម​របស់​ក្រុមប្រទេស​មិនមែន​សមាជិក​អង្គការ Opep AIE បាន​ប្រមើលមើល​ពី​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ប្រេងឆៅ​ពី​ក្រុមប្រទេស​ជា​សមាជិក​អង្គការ Opep។ ទោះ​ជា​យ៉ាង​នេះ​ក្តី AIE បាន​ចាត់​ទុក​ការ​វិវត្តន៍​ក្នុង​វិស័យ​មួយ​នេះ​ថា​ជា​ការ​ពង្រឹង​សន្តិសុខ​ទីផ្សារ​ប្រេង​ក្នុង​លោក ពិសេស​តម្លៃ​របស់​វា។ ទាក់ទង​នឹង​តម្រូវការ​វិញ​ត្រូវ​បាន AIE ប្រមើលមើល​ថា មិន​មាន​សន្ទុះ​កើន​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ ពោល​កើន​ប្រមាណ​ជា ៧ ១០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ