rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

អង្គការ​​សហប្រជាជាតិ​​ស្តី​បន្ទោស​​នយោបាយ​​ប្រឆាំង​​អន្តោប្រវេសន៍​​របស់​​សហរដ្ឋ​អាមេរិក​

ដោយ បូលីន ដាវីដ

កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែ​មិថុនា​កន្លង​ទៅ​នេះ ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ស្តី​បន្ទោស​រដ្ឋា​ភិបាល​អាមេរិក​ជុំវិញ​ការ​​អនុវត្តន៍​​នយោបាយ​ដ៏​តឹងរ៉ឹង​មួយ​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់លួច​ឆ្លង​ព្រំដែន​។​ នយោបាយ​ដ៏​ចម្រូង​ចម្រាស​នោះ គឺ​ការ​ចាប់​បែក​កូន​ក្មេង​ចេញ​ពី​ឪពុក​ម្តាយ​យក​ទៅ​ឃុំ​ឃាំង​ដាច់​ដោយ​ឡែក​ពី​គ្នា​។​ អង្គការ​សហ​ប្រជាជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ឡើង​វិញ​លប់​ចោល​វិធានការណ៍​គ្មាន​សណ្តោស​ប្រណី​នេះ។

​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​មក​ម្ល៉េះ​ ក្រសួង​យុត្តិ​ធម៌​អាមេរិក​បាន​ចេញ​មុខ​ការពារ​នយោបាយ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​លួច​ឆ្លង​ព្រំដែន​។​ ជាទូទៅ​ ករណី​នេះ​តែង​កើត​ឡើង​នៅ​តាម​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិចសិក។

​នយោបាយ​គ្មាន​ការ​យោគ​យល់​នេះ​ គឺ​ការ​ចាប់​បំបែក​កូន​ចេញ​ពី​ឪពុក​ម្តាយ​ជា​ស្វ័យ​ប្រវត្តិ​តែ​ម្តង​ ប្រសិន​បើ​មាន​ជន​អន្តោរ​ប្រវេសន៍​ណា​បាន​លួច​ឆ្លង​ចូល​ព្រំ​ដែន​ជា​លក្ខណៈ​គ្រួសារ។​ ក្នុង​ករណី​នេះ​ ឪពុក​ម្តាយ​ដែល​ជា​មនុស្ស​ធំ​ពេញ​វ័យ​ត្រូវ​រង​ការ​ចោទ​ប្រកាន់​​ពី​ការ​ប្រព្រឹត្ត​បទល្មើស​​អន្តោប្រវេសន៍​ខុស​ច្បាប់។​​ ហើយ​ពួក​គេ​ត្រូវ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​កាត់​ក្តី​ពី​តុលាការ​មុន​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹកដី​អាមេរិក។​ ដោយ​សារ​តែ​កូនៗ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ​ជា​អនិតិ​ជន​ ពោល​ គឺ​មិន​ទាន់​ពេញ​វ័យ​ ដូច​នេះ​ពួក​កុមារ​ទាំង​នោះ​មិន​អាច​នៅ​ជាប់​ឃុំ​ជាមួយ​ឪពុក​ម្តាយ​បាន​ឡើយ។​

អាជ្ញាធរត្រូវ​បំបែក​ពួក​គេ​ចេញ​ពី​ឪពុក​ម្តាយ​ ហើយ​បញ្ចូន​ពួក​គេ​ឲ្យ​ស្នាក់​នៅ​តាម​ទីកន្លែង​ខុសៗ​គ្នា។​

តាម​រយៈ​​សេចក្តី​ថ្លែង​ការណ៍​មួយ ​​ ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ចេញ​បទ​បញ្ជា​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ឃុំ​ឃាំង​កុមារ​តាម​រយៈ​ការ​បំបែក​ចេញ​ពី​ឪពុក​ម្តាយ។​ លោក​ស្រី​ Ravina Shamasani អ្នក​នាំ​ពាក្យ​ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​សកម្ម​ភាព​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ជា​បទ​ល្មើស​ផែ្នក​រដ្ឋ​បាល​វិញជាជាង​ការ​ចោទ​ប្រកាន់​ថា​ជា​​ទោស​ឧក្រិដ្ឋ។​ ជា​ការ​ឆ្លើយ​តប​ លោកស្រី​ Nikki Haley ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ដោយ ​បាន​រិះគន់​ស្ថាប័ន​សហ​ប្រជាជាតិ​ទៀត​ផង។​ លោក​ស្រី​ថែម​ទាំង​បាន​បញ្ជាក់​ផង​ដែរ​ថា​ មិន​មែន​អង្គការ​សហ​ប្រជាជាតិ​ ឬក៏​នរណា​ម្នាក់​ឡើយ​ដែល​ត្រូវ​មក​បញ្ជា​ ឬ​ប្រៀន​ប្រដៅ​រដ្ឋា​ភិបាល​សហ​អាមេរិក​ឲ្យ​ធ្វើ​របៀប​នេះ​ ឬ​របៀប​នោះ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ព្រំដែន​របស់​ប្រទេស​ខ្លួន។​

សេចក្តី​ប្រកាស​ថ្កោល​ទោស​របស់​ស្ថាប័ន​សហ​ប្រជាជាតិ​នេះ​បាន​ធ្លាក់​ចេញ​មក​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មាន​បាតុ​កម្ម​នៅ​តាម​កន្លែង​ជា​ច្រើន​។​ កាល​ពី​ថ្ងៃ​ទី​១ មិថុនា​កន្លង​ទៅ​នេះ​ មាន​បាតុករជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​ក្បួន​បាតុកម្ម​នេះ។​ ហ្វូង​បាតុករ​បាន​ស្រែក​ទាម​ទារ​ឲ្យ​អាជ្ញាធរ​អាមេរិក​បញ្ចប់​ការ​បំបែក​បំបាក់​គ្រួសារ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។ ការ​ស្រែក​ទាម​ទារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​ទីក្រុង​ធំៗ​មាន​ជា​អាទិ៖​ ​ទីក្រុង​ Los Angeles, New York និង Chicago។ ចំណែក​នៅឯ​រដ្ឋ​ធានី​​ Washington ហ្វូង​បាតុករ​បាន​ដើរ​ដង្ហែ​រ​ក្បួន​ឆ្ពោះ​សំដៅ​ទៅ​ក្រសួង​យុត្តិធម៌​អាមេរិក។​ តាម​ពិត​ គឺ​ស្ថាប័ន​នេះ​ហើយ​ដែល​ជា​អ្ន​ក​បាន​ចេញ​ច្បាប់​តឹងរ៉ឹង​បែប​នេះ​ប្រឆាំង​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​។ មូល​ហេតុ​ដែល​រដ្ឋាភិបាល​អាមេរិក​របស់​លោក​ ដូណាល់​ ត្រាំ​ ចេញ​ច្បាប់​ដ៏​តឹង​រ៉ឹង​នេះ​ គឺ​មាន​គោលដៅ​បំបាក់​ទឹក​ចិត្ត​ពួក​ជន​អន្តោប្រវេសន៍​លួច​ឆ្លង​ព្រំ​ដែន​ចូល​ទឹក​ដី​អាមេរិក​ខុស​ច្បាប់។​

 បើ​យោង​តាម​ស្ថិតិ​បាន​ឲ្យ​ដឹង​ថា​ បើ​ប្រៀប​ធៀប​គ្នា​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧​ និង​ខែ​មេសា​ ឆ្នាំ​២០១៨​ គឺ​គេ​ឃើញ​ថា​ចំនួន​អ្នក​លួច​ឆ្លង​ព្រំដែន​បាន​កើត​ឡើង​រហូត​ទៅ​ដល់​ ២២០%។​ ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ​ទើប​ក្រសួង​យុត្តិ​ធម៌​អាមេរិក​បាន​ចល័ត​រដ្ឋ​អាជ្ញាចំនួន​ ៣៥ រូប​នៅ​តាម​បណ្តោយ​ព្រំដែន​អាមេរិក-​ម៉ិចសិក​ ដើម្បី​អនុវត្ត​ច្បាប់​បំបែក​កូន​ក្មេង​ចេញ​ពី​ឪពុក​ម្តាយ​ភ្លាមៗ​តែ​ម្តង​។​ បើយោង​តាម​និតិវិធី​ ភ្លាមៗ​ក្រោយ​ពេល​ស្ទាក់​ចាប់​បាន​នៅ​តាម​ព្រំដែន​ ក្រោយ​ពី​បំបែក​ចេញ​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​ ជា​ទូទៅ​ ក្មេងៗ​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​តាម​ផ្ទះ​គ្រួសារ​ពលរដ្ឋ​ដ៏ទៃ​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​ឲ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន។​

សំរែក​ប្រឆាំង​តវ៉ា​នឹង​ច្បាប់​ដ៏​តឹង​រ៉ឹង​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ចុង​ខែ​មេសា​មក​ម្ល៉េះ។ យោង​តាម​របាយ​ការណ៍​មួយ​ផ្ញើ​ទៅ​សភា​កុង​គ្រែស​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​សុខាភិបាល​ និង​សេវា​កម្ម​សង្គម​អាមេរិក​បាន​រក​ឃើញ​ថា​ ក្រោយ​ពី​បំបែក​កុមារ​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​ អាជ្ញាធរ​អាមេរិក​បាន​បាត់ដាន​កូន​ក្មេង​ចំនួន​ ១ ៥០០ នាក់។​ ក្រោយ​ពី​ការ​ប្រកាស​ព័ត៌មាន​នេះ​ មជ្ឈដ្ឋាន​ទូទៅ​បាន​សម្តែង​ប្រតិកម្ម​ស្តី​បន្ទោស​ឲ្យ​អាជ្ញាធរ​អាមេរិក។​ គេ​បារម្ភ​ខ្លាច​ក្មេងៗ​ទាំង​នោះ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើរ​​ជួញ​ដូរមនុស្ស​ខុស​ច្បាប់។​

បាតុភូត​នេះ​គេ​ធ្លាប់​ឃើញ​កើត​មាន​ម្តង​រួច​ទៅ​ហើយ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា។​​ គឺ​កាលពី​ឆ្នាំ​២០១៦​ រដ្ឋាភិបាល​អាមេរិក​បាន​ធ្វេស​ប្រហែស​​ដោយ​បាន​ប្រគល់​កុមារ​ចំនួន​ ៨​ នាក់​ឲ្យ​ទៅ​ស្នាក់​នៅ​តាម​គេហដ្ឋាន​ជាមួយ​គ្រួសារ​ណា​ដែល​ព្រម​ទទួល​យក​​។ ​ជា​ភ័ព្វ​សំណាង​អាក្រក់​ កុមារ​ទាំង​នោះ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​ជួញ​ដូរ​មនុស្ស។​ កុមារ​ទាំង​នោះ​ត្រូវពួក​ឈ្មួញ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​រដ្ឋ​ Ohio។

កាលពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​កន្លង​ទៅនេះ ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ ក្រុម​អង្គការ​តស៊ូ​មតិ​ផែ្នក​សិទ្ធិ​មនុស្ស​មួយ​ក្រុម​ប្រចាំ​រដ្ឋ​តិច​សាស់​បាន​សួរ​ដេញ​ដោល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អន្តរ​អាមេរិក​។ ក្រុម​អង្គការ​តស៊ូ​មតិ​នេះ​មាន​មក​ពីសមាគម​គំរោងសិទ្ធិ​មនុស្ស​រដ្ឋ​តិចសាស់​ និង​គណៈកម្មាធិការ​ស្រ្តី​ជន​ភៀស​ខ្លួន។ សមាគម​ទាំង​ពីរ​នេះ​បាន​ទទួល​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ពី​​ការិយាល័យ​ស្រាវជ្រាវ​ផែ្នក​អន្តោប្រវេសន៍​ប្រចាំ​សាកល​វិទ្យាល័យ​តិចសាស់​ និង​ការិយាល័​មេធាវី​ឯកជន​មួយ​ជំនាញ​ផែ្នក​អន្តោ​ប្រវេសន៍​​។​

តំណាង​ឲ្យ​ឪពុក​ម្តាយ​​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ប្រាំ​គ្រួសារ​​ដែល​កំពុង​បាត់​​ដំណឹង​កូនៗ​របស់​ពួក​គេ​ ក្រុម​អង្គការ​តស៊ូ​មតិ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​ប្រព្រឹត្ត​ទង្វើ​បែប​ព្រៃផ្សៃ។​ ក្រុម​អង្គការ​ស៊ីវិល​​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា​​ ទង្វើ​គ្មាន​មនោសញ្ចេត​នា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ស្ថានភាព​ផ្លូវ​ឪពុក​ម្តាយ​កុមារ​ទាំង​នោះ។​ ក្រុម​អង្គការ​ទាំង​នោះ​​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​អាមេរិក​យក​កុមារ​ទាំង​នោះ​មក​ជួប​ឪពុក​ម្តាយ​ពួក​គេ​វិញ។​ ហើយ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការណ៍​ថ្មី​មួយ​ចៀស​វាងការ​បំបែក​បំបាក់​របៀប​នេះ​នា​ពេល​អនាគត៕​

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក

ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និង​បុគ្គលិកលក្ខណៈ​របស់​លោកត្រាំ និង​លោកគីម!

កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​អឺរ៉ុប បន្ត​ជាប់​គាំង

ទិវាបរិស្ថាន៖ កាកសំណល់ប្លាស្ទិក ជាហានិភ័យខ្ពស់សម្រាប់មនុស្សជាតិ

ហ្សកដានី៖​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី?

កំណើន​អត្រា​មរណភាព​បណ្តាល​មក​ពី​សារជាតិ​អូពីយូអីត​ (opioïde) កំពុង​ក្លាយ​ជា​វិបត្តិ​នៅ​ក្នុង​សង្គម​អាមេរិក​

ប៊ុលហ្ការី​ភ្ញាក់​រលឹក​ចង់​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ពិសេស​ក្នុង​វិស័យ​ថាមពល

បារាំង​បញ្ចូល​ជំនួញ​គ្រឿងញៀន ក្នុង​ការគណនា​ផលិតផល​សរុប​ជាតិ PIB

វត្តមាន និង​ប្រយោជន៍​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រំសាយ​គ្រឿងសពា្វវុធ​កំពុង​ចោទ​ជា​បញ្ហា!

បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨៖​ស្ថានីយ៍ទូរទស្សន៍​អាមេរិក Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?

ហេតុអ្វី​បាន​ជា​ប្រទេស​ក្វាតេម៉ាឡា​ផ្ទេរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ៊្សេរុយសាឡិម​ដូច​សហរដ្ឋអាមេរិក?