អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖​លោក​ដូណាល់ ត្រាំ​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​លោក​ក្នុង​ថ្ងៃ​អង្គារ ទី៨ ឧសភា

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា លោក​នឹង​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី៨ ឧសភា​នេះ​ពី​សេចក្តីសម្រេច​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អនុម័ត​ក្នុង​ឆ្នាំ ២០១៥។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​បំណង​របស់​លោក​ត្រាំ​ទេ តែ​លោក Robert Malley នាយក​អង្គការ​អន្តរជាតិ Crisis និង​ជា​អតីត​ទីប្រឹក្សា​ទទួល​បន្ទុក​សំណុំរឿង​ដើមបូព៌ា​របស់​លោក​អតីត​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​មើល​ឃើញ​ថា លោក​ត្រាំ​នឹង​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ប្រកាស​រៀបចំ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។ តាម​លោក Robert អនាគត​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ស្ថិត​ក្នុង​ដៃ​ក្រុម​ប្រទេស​អឺរ៉ុប​ដែល​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​អ៊ីរ៉ង់​ឲ្យ​បន្ត​រក្សា​កិច្ចព្រមព្រៀង​នេះ។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គិត​ថា លោក​ដូណាល់ ត្រាំ​នឹង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង តែ​ជាមួយ​ប្រធានាធិបតី​ត្រាំ គេ​ពិបាក​និយាយ​អ្វី​ទុក​មុន​ឲ្យ​បាន​ពិតប្រាកដ​ណាស់។ ក៏ប៉ុន្តែ ការ​ដែល​លោក​ត្រាំ​ត្រៀម​ប្រកាស​នៅ​ថ្ងៃ​នេះ ពោល ៤ថ្ងៃ មុន​កាល​កំណត់ ប្រហែល​ជា​លោក​មិន​ចង់​បន្ត​ទទួល​សម្ពាធ​រយៈពេល ៤ថ្ងៃ​បន្ថែម​ទៀត​ពី​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​ក្រុម​ប្រទេស​អឺរ៉ុប។

វា​លើកលែង​តែ​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​មួយ តែ​ជា​ថ្មី​ម្តង​ទៀត​ខ្ញុំ​គិត​ថា លោក​ត្រាំ​នឹង​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នៅ​ពេល​នោះ ផលវិបាក​នឹង​ច្បាស់​ជា​កើត​មាន​ឡើង​ដោយ​ចៀស​មិន​រួច​នៅ​ថ្ងៃ​ខាង​មុខ នៅ​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ផលវិបាក​នោះ គឺ​កំណើន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត​រវាង​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​តាម​រយៈ​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់ ឬ​ការ​ប្រឈម​មុខ​ផ្លូវយោធា។

ចំណោត​ចំពោះ​ក្រុម​ប្រទេស​អឺរ៉ុប និង​អ៊ីរ៉ង់​នៅ​ត្រង់​ថា តើ​ពួក​គេ​អាច​បន្ត​រក្សា​ទុក​ផលប្រយោជន៍​សេដ្ឋកិច្ច​រវាង​គ្នា​បាន​មក​ពី​កិច្ចព្រមព្រៀង ទោះ​បី​ជា​អាមេរិក​បាន​ដក​ខ្លួន​ចេញ និង​ទោះ​បី​ជា​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ នេះ​ហើយ​ជា​អ្វី​ដែល​ក្រុមប្រទេស​អឺរ៉ុប​ត្រូវ​គិតគូរ​ថា តើ​ខ្លួន​អាច​និយាយ​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ឲ្យ​បន្ត​គោរព​កិច្ចព្រមព្រៀង និង​បន្ត​រស់​ក្រោម​សម្ពាធ​នុយក្លេអ៊ែរ​ដើម្បី​អាច​បន្ត​ទទួល​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​ការទូត​ពី​ក្រុម​ប្រទេស​អឹរ៉ុប​បាន​ដែរ ឬ​អត់។

អ្វី​ដែល​ត្រូវ​ដឹង អាមេរិក​ដែល​ជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​នឹង​ផ្តើម​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​ដែល​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ជួប​ការ​លំបាក​ជា​ថ្មី។ ដូច្នេះ​វា​ពិត​ជា​រឿង​មួយ​ដ៏​ពិបាក តែ​នៅ​ចំពោះ​មុខ គេ​ត្រូវ​តែ​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​អ៊ីរ៉ង់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ