អានតួអត្ថបទ

ក្រុម​អ្នក​សង្កេតការណ៍​៖ ពួកជីហាត​ សម្លាប់​កងកម្លាំង​គាំទ្រ​​រដ្ឋាភិបាល​ស៊ីរី​ ២១នាក់​

នៅថ្ងៃ​អាទិត្យ​ ទី៣ មីនា​នេះ​ ក្រុម​ជីហាត​នៅស៊ីរី​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​ពួក​អាល់កៃដា​ បាន​សម្លាប់​កងកម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី​ចំនួន ២១ នាក់​ នៅជិត​ខេត្ត​អ៊ីឡិប​។ ការ​វាយប្រហារថ្មី​ ពី​សំណាក់​ក្រុមជីហាត​ជ្រុលនិយម​នេះ​ គឺជា​ការបង្ហូរឈាម​ដ៏ឃោរឃៅ​ខ្លាំង​បំផុតមួយ​ និងជា​អំពើ​រំលោភបំពាន​លើ​ កិច្ច​ព្រមព្រៀង​ឈប់បាញ់​ ដែល​មានរយៈពេល​ ៦ខែ​។ នេះ​បើ​តាម​ក្រុម​អ្នក​អង្កេតការណ៍​អន្តរជាតិ​។

សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅជិត Baghouz ខេត្តឌីរីអេហ្ស័រ នៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០១៩ ។
សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅជិត Baghouz ខេត្តឌីរីអេហ្ស័រ នៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០១៩ ។ REUTERS/ Rodi Said
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ស៊ីរី​ បានឲ្យដឹងថា​នៅព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ទី៣ មីនា​ កងទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី​ចំនួន​ ២១​ បានស្លាប់​ដោយសារ​ការវាយប្រហារ​ពីសំណាក់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​-ជីហាត​។ ក្រោយ​ការវាយប្រយុទ្ធ​គ្នា​នេះ​ ទាហាន​របស់​ពួកជីហាត​ចំនួន​ ៥ នាក់​ក៏​បានស្លាប់​ផងដែរ​។

លោក​រ៉ាម៊ី អាប់ដែល​ រ៉ាម៉េន​ (Rami Abdel Rahman) នាយក​របស់​ក្រុម​អ្នកសង្កេតការណ៍​អង់គ្លេស​បាននិយាយថា​តួលេខ​មនុស្សស្លាប់​នា​ថ្ងៃអាទិត្យនេះ​ គឺជា​ចំនួន​ដ៏ច្រើន​បំផុតមួយ​ ក្នុង​ចំណោម​គ្រោះថ្នាក់​ផ្សេងៗទៀត​ដែល​បានកើតឡើង​រាប់​ចាប់តាំងពី​កិច្ចព្រមព្រៀង​ឈប់បាញ់​ដាក់ឲ្យ​អនុវត្តន៍​ដោយ​ប្រទេសរុស្ស៊ី​ និង​តួកគី​រួចមក​។

គួររំឭកជូនថា​ ក្រោម​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅថ្ងៃ​ទី១៧​ កញ្ញា​ ឆ្នាំ២០១៨​ កន្លងទៅ​ ប្រទេសតួកគី​ត្រូវ​ប្រើ​ឥទ្ធិពល​របស់ខ្លួន​បញ្ចុះបញ្ចូលឲ្យ​ពួក​សកម្មប្រយុទ្ធ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាលស៊ីរី​ បញ្ចប់​នូវ​រាល់​ការវាយប្រហារ​ផ្សេងៗ​ និង​ដក​អាវុធ​ធុនធ្ងន់​របស់ពួកគេ​វិញ​ទាំងអស់​ចេញពី​តំបន់​គ្មាន​កងទ័ព​។

កិច្ចព្រមព្រៀងនេះ​ បង្កើត​ឡើង​ក្នុង​គោលបំណង​បញ្ឈប់​រាល់សកម្មភាព​វាយប្រហារនានា​ រវាង​រដ្ឋាភិបាល​ស៊ីរី​និង​ប្រទេសរុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ ជាមួយនឹង​បណ្តា​ក្រុមអ្នកប្រឆាំង​ ដើម្បី​កុំឲ្យ​ស្ថានការណ៍​ក្នុង​ប្រទេសស៊ីរី​ធ្លាក់​ដុនដាប​ខ្លាំងពេក​។ តែទោះជាយ៉ាងណាក្តី​ កិច្ចព្រមព្រៀងនេះ​ហាក់គ្មាន​ប្រសិទ្ធិភាព​អ្វីនោះឡើយ​។

ជាក់ស្តែង​ ចាប់តាំងពី​មានកិច្ចព្រមព្រៀងនេះ​មក​ ក្រុមជីហាតជ្រុ​លនិយម​ នៅតែ​ពង្រឹង​ការគ្រប់គ្រង​របស់​ខ្លួននៅក្នុង​ខេត្តអ៊ីឡិប​ ហើយ​ប្រទេស​តួកគី​វិញ​ ហាក់​ដូចជា​មិនមាន​ឆន្ទៈ​ អនុវត្តន៍​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដូច​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​នោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ