ស៊ីមបាវ៉េ៖ ជោគវាសនាលោកមូហ្កាបេនៅតែមិនច្បាស់លាស់ក្រោយរដ្ឋប្រហារយោធា
គិតមកទល់នឹងថ្ងៃព្រហស្បតិ៍ ស្ថានភាពនយោបាយនៅតែមានលក្ខណៈស្រពិចស្រពិល ជាពិសេស ទាក់ទងនឹងជោគវាសនារបស់លោកប្រធានាធិបតី រ៉ូប៊ែរ មូហ្កាបេ ក្រោយពីកងទ័ពដែលធ្លាប់តែស្មោះស្ម័គ្រនឹងលោកអស់រយៈពេលជិត ៤០ឆ្នាំមកហើយនោះ នាំគ្នាធ្វើរដ្ឋប្រហារ ហើយចាប់ឃុំរូបលោកឲ្យនៅក្នុងផ្ទះ។ នៅក្នុងពេលជាមួយគ្នា បណ្តាប្រទេសនៅក្នុងតំបន់កំពុងតែព្យាយាមស្វះស្វែង ធ្វើការសម្របសម្រួលឲ្យមានការចរចាគ្នា ដើម្បីរកដំណោះស្រាយចេញពីវិបត្តិដោយគ្មានការបង្ហូរឈាមគ្នា។
ចុះផ្សាយនៅថ្ងៃ៖
ប្រតិកម្មទៅនឹងរដ្ឋប្រហារនៅស៊ីមបាវ៉េ ប្រធានាធិបតីហ្គីណេ និងជាប្រធានផ្លាស់វេននៃសហភាពអាហ្វ្រិក បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ថា សហភាពអាហ្វ្រិកនឹងមិនទទួលស្គាល់ជាដាច់ខាតនូវរបបដឹកនាំដែលកើតចេញពីរដ្ឋប្រហារយោធា ហើយទាមទារឲ្យស៊ីមបាវ៉េវិលត្រឡប់ទៅរករចនាសម្ព័ន្ធនយោបាយដែលស្របនឹងរដ្ឋធម្មនុញ្ញវិញ។
មេដឹកនាំយោធាស៊ីមបាវ៉េវិញ បើទោះបីជាបានពង្រាយទ័ពពេញទីក្រុង ព្រមទាំងបានចាប់ឃុំខ្លួនលោកប្រធានាធិបតីរ៉ូប៊ែរ មូហ្កាបេ ឲ្យនៅក្នុងផ្ទះ តែបានអះអាងថា ពួកគេមិនបានធ្វើរដ្ឋប្រហារ ដើម្បីច្បាមយកអំណាចមកកាន់កាប់ដោយខ្លួនឯងនោះទេ។ ទោះជាយ៉ាងណា តម្រ៉ុយជាច្រើនសុទ្ធតែបង្ហាញថា មេដឹកនាំរដ្ឋប្រហារកំពុងតែរៀបចំបង្កើតរដ្ឋាភិបាលអន្តរកាលមួយ ដោយគ្មានលោករ៉ូប៊ែរ មូហ្កាបេ។
យោងតាមឯកសារសម្ងាត់ដែលលេចធ្លាយទៅដល់ដៃទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការប្រុងប្រៀបរៀបចំរដ្ឋាភិបាលអន្តរកាលនេះត្រូវបានគេគ្រោងឡើងតាំងពីប្រមាណជាមួយឆ្នាំមុនមកម៉្លេះ ដោយអតីតអនុប្រធានាធិបតី ដែលត្រូវបានលោកមូហ្កាបេដកហូតតំណែង កាលពីថ្ងៃទី៦វិច្ឆិកា និងដោយមានកិច្ចសហប្រតិបត្តិការពីសំណាក់ក្រុមប្រឆាំង។
ជាក់ស្តែង លោក Morgan Tsvangirai មេដឹកនាំគណបក្សប្រឆាំង ដែលបានចេញទៅក្រៅប្រទេស ក្នុងហេតុផលទៅព្យាបាលជំងឺមហារីកនោះ បានវិលត្រឡប់ចូលទៅកាន់ប្រទេសស៊ីមបាវ៉េវិញភ្លាមៗក្រោយពីមានរដ្ឋប្រហារ កាលពីថ្ងៃពុធ ហើយថែមទាំងបានអះអាងថា លោកត្រៀមខ្លួនចូលរួមក្នុងរដ្ឋាភិបាលរួបរួមជាតិមួយ ដែលគ្មានវត្តមានលោករ៉ូប៊ែរ មូហ្កាបេ។
ក៏ប៉ុន្តែ បញ្ហាដែលចោទឡើងនៅពេលនេះ គឺនៅត្រង់ថា បើទោះបីជាត្រូវជាប់ឃុំនៅក្នុងផ្ទះ តែលោករ៉ូប៊ែរ មូហ្កាបេ នៅតែមិនទាន់សុខចិត្តចុះចេញពីអំណាច ដោយទទូចថា លោកនៅតែជាប្រធានាធិបតីស្របច្បាប់របស់ស៊ីមបាវ៉េ។
នៅក្នុងបរិបទនេះហើយដែលប្រធានាធិបតីអាហ្វ្រិកខាងត្បូង ដែលបច្ចុប្បន្នជាប្រធានផ្លាស់វេននៃសហគមន៍អាហ្វ្រិកខាងត្បូង (SADC) បានបញ្ជូនរដ្ឋមន្រ្តីចំនួនពីររូប គឺរដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ ឲ្យដឹកនាំគណៈប្រតិភូ ធ្វើដំណើរទៅកាន់ប្រទេសស៊ីមបាវ៉េ ដើម្បីសម្របសម្រួល ក្នុងការចរចា រវាងមេដឹកនាំរដ្ឋប្រហារ និងលោករ៉ូប៊ែរ មូហ្កាបេ។ រដ្ឋមន្រ្តីទាំងពីររូបនេះបានចូលជួបជជែកជាមួយនឹងលោកមូហ្កាបេ នៅថ្ងៃព្រហស្បតិ៍ នៅឯវិមានប្រធានាធិបតី ហើយនឹងត្រូវជួបជាមួយនឹងមេដឹកនាំយោធាផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ ដែលបានដកស្រង់ប្រភពចេញពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង។ គោលដៅ គឺធ្វើយ៉ាងណាស្វែងរកច្រកចេញពីវិបត្តិនយោបាយ ដោយបញ្ចៀសការបង្ហូរឈាមគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ