អានតួអត្ថបទ

កូរ៉េខាងត្បូង​ប្រតិកម្មខ្លាំង​ចំពោះ​ការកំណត់​ពន្ធថ្មីរបស់អាមេរិក

ខណៈ​ដែលក្រុងវ៉ាស៊ីនតោន​កំពុងរឹតបន្តឹង​កាន់តែខ្លាំង​ឡើង​ទៅលើការធ្វើពាណិជ្ជកម្ម​សេរី ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវ​អោយមានការឆ្លើយតប​យ៉ាងម៉ឺងម៉ាត់ចំពោះ​ការកំណត់ពន្ធថ្មីរបស់អាមេរិក​ទៅលើការនាំចូលផលិតផល​ពីកូរ៉េខាងត្បូង​។​ អាមេរិក​បានស្នើអោយមាន​កិច្ចចរចាឡើងវិញ​ចំពោះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ។

លោកត្រាំចុះហត្ថលេខាការដាក់ពន្ធនាំចូលលើប្រភេទផលិតផលម៉ាស៊ីនបោកខាអាវ នៅវ៉ាស៊ីនតោន ថ្ងៃទី២៣ មករា ២០១៨
លោកត្រាំចុះហត្ថលេខាការដាក់ពន្ធនាំចូលលើប្រភេទផលិតផលម៉ាស៊ីនបោកខាអាវ នៅវ៉ាស៊ីនតោន ថ្ងៃទី២៣ មករា ២០១៨ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

កាលពីខែមុន ប្រធានាធិបតីអាមេរិកលោក​ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលពី២០ទៅ៥០ភាគរយលើប្រភេទផលិតផលម៉ាស៊ីនបោកខោអាវធំៗរបស់កូរ៉េខាងត្បូង ព្រមគ្នាជាមួយនឹងការដំឡើងពន្ធនាំចូលលើប្រភេទផលិតផលមួយចំនួនទៀតដូចជា ដែកថែក ឧបករណ៍អេឡិចត្រូនិច និងផ្ទាំងស្រូបពន្លឺព្រះអាទិត្យជាដើម ដែលនាំចូលពីកូរ៉េខាងត្បូង ចិន និងប្រទេសមួយចំនួនផ្សេងទៀត។

នាថ្ងៃចន្ទទី១៩នេះ​ ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងចំពោះបញ្ហានេះថា លោកមានការព្រួយបារម្ភចំពោះផលប៉ះពាល់នៃការរឹតបន្តឹងពីអាមេរិក បើទោះបីជាកូរ៉េខាងត្បូងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារសកលចំពោះប្រភេទផលិតផលទាំងនេះយ៉ាងណាក្តី។

លោកបានទាមទារអោយមន្ត្រីពាណិជ្ជកម្មធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងវិធានការការពារដោយដំឡើងពន្ធរបស់អាមេរិក ដែលលោកយល់ថាមិនសមហេតុផល ហើយលោកបានទទូចអោយមានការវាយតម្លៃឡើងវិញ ថាតើវិធានកំណត់ពន្ធថ្មីនេះបានរំលោភលើលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរដែលត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១២ដែរឬទេ។

កាលពីសប្តាហ៍មុន លោកត្រាំបានគំរាមធ្វើសកម្មភាពសងសឹកប្រឆាំងនឹងកូរ៉េខាងត្បូង ព្រមទាំងបានប្តេជ្ញាថានឹងកែតម្រូវឬលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០១២នេះដែលលោកត្រាំបានពណ៌នាថាជា "គ្រោះមហន្តរាយ" សម្រាប់អាមេរិក។

ភាគីអាមេរិកធ្លាប់បានស្នើអោយមានការចរចាឡើងវិញចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះតាំងពីខែកក្កដាឆ្នាំ២០១៧មកម៉្លេះ ដោយអះអាងថាមានភាពលំអៀងដែលបណ្តាលអោយអាមេរិកមានឱនភាពពាណិជ្ជកម្មដែលធ្វើអោយមានការខូចខាតខាងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកបានកើនឡើងរហូតដល់ទៅ១២ភាគរយ ដែលមានតម្លៃស្មើនឹងប្រមាណ ៥៦៦ពាន់លានដុល្លា ក្នុងអំឡុងពេលមួយឆ្នាំចាប់តាំងពីលោកដូណាល់ត្រាំលើកធ្វើជាប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ