អានតួអត្ថបទ
ចិន-អាហ្សង់ទីន

ចិន​វិនិយោគ​យ៉ាង​សន្ធឹក​សន្ធាប់​នៅ​អាហ្សង់ទីន ​

ចិន​ដែល​​ជាអតិថិជន​ទិញ​ប្រេង និង​ធនធាន​រ៉ែ​របស់​អាហ្សង់ទីន បាន​បង្ហាញ​​​ចំណាប់​អារម្មណ៍​​កាន់តែ​ខ្លាំង​ទៅលើ​ប្រទេស​អាមេរិកឡាទីនមួយនេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅប្រទេស​អាហ្សង់ទីន លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ពី​កិច្ចព្រមព្រៀង​​វិនិយោគ​យ៉ាង​សម្បើម​របស់​ចិន នៅក្នុង​ប្រទេស​អាហ្សង់ទីន។ អាហ្សង់ទីន​ដែល​កំពុង​ជួប​វិបត្តិ​​សេដ្ឋកិច្ច​ក្នុង​ស្រុក បាន​​បើក​ដៃ​ទទួល​សមាន​ចិត្ត​របស់​ទីក្រុង​ប៉េកាំងយ៉ាង​ពេញ​ទំហឹង។ 

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​អាហ្សង់ទីន លោកស្រី Cristina Fernandez de Kirchnerនៅក្រោយ​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​របស់ចិន​នៅ​អាហ្សង់ទីន ថ្ងៃ​ទី ១៨ កក្កដា ២០១៤
ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​អាហ្សង់ទីន លោកស្រី Cristina Fernandez de Kirchnerនៅក្រោយ​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​របស់ចិន​នៅ​អាហ្សង់ទីន ថ្ងៃ​ទី ១៨ កក្កដា ២០១៤
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ចាប់ផ្តើម​ថ្ងៃ​ទីមួយ នៃ​ទស្សនកិច្ច​​បីថ្ងៃរបស់​លោកនៅ​អាហ្សង់ទីន ជាមួយ​នឹង​​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​របស់​ចិន នៅ​អាហ្សង់ទីន។ ជារួម នៅក្នុង​គម្រោង​ជាង​២០​ដែល​ចុះ​ហត្ថលេខា​រវាង​ចិន និង​អាហ្សង់ទីន ចិន​គ្រោង​នឹង​បោះទុន​ប្រមាណ ៧៥០០​លាន​ដុល្លារ ដើម្បី វិនិយោគ​ទៅលើ​ផ្នែកថាមពល ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាហ្សង់ទីន។

 
យោងតាម ប្រធាន​ខុទ្ធការល័យ​ប្រធានាធិបតី អាហ្សង់ទីន ធនាគារ​ចិន​នឹង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ ៤៧០០​លាន​ដុល្លារ សម្រាប់​សាងសង់​ទំនប់​វារី​អគ្គិសនីពីរ នៅ​អាហ្សង់ទីន។ លើសពីនោះ ចិន​នឹង​ជួយ​អាហ្សង់ទីន​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទីបួន ដើម្បី​អាច​ឲ្យ​អាហ្សង់ទីន​ផលិត​​ថាមពល​អគ្គិសនី។ ចិន​នឹង​វិនិយោគ​ផងដែរ​ទឹកប្រាក់​ប្រមាណ​ពី​ពាន់​​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ផ្លូវដែក ដែល​អាហ្សង់ទីន​ប្រើ​សម្រាប់​ដឹកជញ្ជូន​ទំនិញ ជាពិសេស​ចំណី​អាហារ។ គួរបញ្ជាក់ថា អាហ្សង់ទីន​ជា​ទីផ្សារដ៏ធំ សម្រាប់​ក្រុមហ៊ុន​ចំណី​អាហារ​របស់​ចិន ហើយ​ចិន​ជាអតិថិជន​ទិញ​ប្រេង និង​ធនធាន​រ៉ែ​របស់​អាហ្សង់ទីន។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីបី​របស់​អាហ្សង់ទីន​ បន្ទាប់ពីក្រុម​ប្រទេស​នៅ​អាមេរិកឡាទីន និង​សហភាព​អឺរ៉ុប។

អ្នកស្រាវជ្រាវ​ម្នាក់ នៅ​សកលវិទ្យាល័យ​បូស្តុន ក្នុង​ប្រទេស​អាមេរិក​បាន​ចាត់ទុក​អាហ្សង់ទីន​ស្ថិតនៅក្នុង​ស្ថានភាពជា​​អ្នកសុំទាន។ បច្ចុប្បន្ននេះ អាហ្សង់ទីន​កំពុងទ័លលុយ និង​អាច​​ប្រឈម​​នឹង​វិបត្តិ​ខ្វះ​ថវិកា​សម្រាប់​បង់​សង​ទៅ​អ្នកជំនួញ ដែល​ជា​ម្ចាស់​បំណុល។ នៅ​ចុង​ខែ​កក្កដា នេះ​គេ​នឹង​អាច​ដឹងថា តើ​រដ្ឋាភិបាល​​អាហ្សង់ទីននឹង​អាច​មាន​ប្រាក់​ដើម្បី​សង​ម្ចាស់​បំណុល​ដែរឬទេ? គ្មាន​ប្រាក់​សង​ នោះ​រដ្ឋាភិបាល​អាហ្សង់ទីន​នឹង​អាច​បាត់បង់​ទំនុកចិត្ត​ពី​អ្នកវិនិយោគ ដែល​នឹង​អាច​ឈប់​ឲ្យ​អាហ្សង់ទីន​ខ្ចីលុយ​តទៅទៀត។

ជំនួយ​សន្ធឹកសន្ធាប់​របស់​ចិន​នៅពេលនេះ គឺដូចជា​អំណោយ​ធ្លាក់​ពីលើមេឃ​សម្រាប់​​រដ្ឋាភិបាល​អាហ្សង់ទីន​ដែល​កំពុង​ទ័ល​គំនិត និង​កំពុង​រង​គំនាប​ពី តុលាការ​អាមេរិកាំង។ កាលពី​ដើម​ខែ​មិថុនា តុលាការ​កំពូល​របស់​អាមេរិក​បាន​ដម្កល់​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ញូវយ៉ក​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាហ្សង់ទីន​សងលុយ ១៣០០​លាន​ដុល្លារ ​ទៅ​ម្ចាស់​បំណុល អាមេរិកាំង ឈ្មោះ NML Capital និង​ Aurelius Capital Management។ ដោយ​អាង​ទៅលើ​ជំនួយ​ចិន រដ្ឋាភិបាល​អាហ្សង់ទីន​ពេលនេះ​ ​អាច​បែរខ្នង​មិន​ខ្វល់​នឹង​​តុលាការ​របស់​មហាអំណាច​អាមេរិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ