អានតួអត្ថបទ
ហុងកុង

លោក​ស៊ីជីនពីង​ទៅ​ហុងកុង​ដើម្បី​រំឭក​ខួប​២០ឆ្នាំ​នៃ​ការ​ផ្ទេរ​ហុងកុង​ពី​អាណានិគម​អង់គ្លេស

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ហុងកុង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ធ្វើការ​រំឭកខួប​២០ឆ្នាំ នៃ​ការ​ផ្ទេរ​ដែនដី​ហុងកុង ពី​ការ​គ្រប់គ្រង​របស់​អង់គ្លេស​ត្រឡប់​មក​ឲ្យ​ចិន​វិញ កាល​ពីថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ១៩៩៧។ ដំណើរទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​ត្រូវ​បាន​ធ្វើឡើង ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាងតឹងរ៉ឹង ហើយ​មេដឹកនាំ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង ដែល​តែងតែ​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​ប៉េកាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំខ្លួន តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​ភរិយា ពេល​មក​ដល់​ព្រលាន​យន្តហោះ​ហុងកុង ថ្ងៃ​ព្រហស្បតិ៍ ២៩មិថុនា ២០១៧
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​ភរិយា ពេល​មក​ដល់​ព្រលាន​យន្តហោះ​ហុងកុង ថ្ងៃ​ព្រហស្បតិ៍ ២៩មិថុនា ២០១៧
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង ទៅកាន់​ដែនដីហុងកុង​នៅពេលនេះ​ត្រូវ​ធ្វើឡើង នៅ​ក្នុងកាលៈទេសៈ​ដ៏ពិសេស​មួយ។ ក្រៅពី​ជា​ដំណើរទស្សនកិច្ច​លើកទីមួយ​ចាប់តាំង​ពី​លោក​ស៊ីជីនពីង​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​កាល​ពីឆ្នាំ២០១៣ និង​ជា​ខួប​២០ឆ្នាំ​នៃ​ការ​ផ្ទេរ​ដែនដីហុងកុង​ពី​អង់គ្លេស វា​គឺ​ជា​ដំណើរទស្សនកិច្ច​ដែល​កើតឡើង នៅ​ក្នុង​ពេល​ដែល​បរិយាកាស​នយោបាយ​នៅ​ហុងកុង​​កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង​ខ្លាំង។

គួរបញ្ជាក់ឡើងវិញ​ថា ក្រោយ​ពី​ត្រូវ​បាន​ផ្ទេរ​ពី​អង់គ្លេស​មក​ឲ្យ​ចិន ដែនដី​ហុងកុង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ប្រព័ន្ធគ្រប់គ្រង​មួយ ដែល​គេ​ឲ្យឈ្មោះ​ថា “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ពោលគឺ ហុងកុង​ជា​ដែនដី​របស់​ចិន តែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដាច់ដោយឡែក​ពី​ក្រុង​ប៉េកាំង។

ក៏ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ២០១៤មក សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ជាពិសេស សកម្មជន​និស្សិត​បាន​នាំគ្នា​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិនដីគោក ដោយ​ពួកគេ​ចោទ​ថា​កំពុងពង្រីក​ឥទ្ធិពល​មក​លើនយោបាយ​របស់​ហុងកុង ហើយ​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង។

សកម្មជន​ប្រជាធិបតេយ្យ​នេះ ដែល​មាន​សមាជិកខ្លះ​ជាប់ឆ្នោត​ក្លាយ​ជា​សមាជិក​សភា​ហុងកុង​ផងនោះ បាន​បន្ត​ការ​តវ៉ា​ប្រឆាំង​ស្ទើរតែ​ជាប់​ជា​ប្រចាំ ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ពួកគេ​ក៏​បាន​នាំគ្នា​ឆ្លៀត​យក​ឱកាស​ខួប ២០ឆ្នាំ នៃ​ការ​ផ្ទេរ​ដែនដី​ហុងកុង​នេះ មក​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ផងដែរ។

ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​បែបនេះ​ហើយ បាន​ជា​ដំណើរទស្សនកិច្ច​របស់​លោក​ស៊ីជីនពីង នៅ​ហុងកុង​ត្រូវ​បាន​ធ្វើឡើង ដោយ​មាន​ការ​រក្សា​សន្តិសុខ​យ៉ាងតឹងរ៉ឹង​បំផុត ដោយ​ផ្នែក​ខ្លះ​នៃ​ក្រុងហុងកុង​ត្រូវ​បាន​បិទ​ស្ទើរតែ​ទាំងស្រុង ចំណែក​ឯ​​សកម្មជន​ប្រជាធិបតេ្យ​ប្រមាណ​ជាង ២០នាក់ ក្នុងនោះ​ក៏​រួមមាន​ទាំង មេដឹកនាំ​ចលនា​និស្សិត​​ យ៉ូស្ហួរ វង និង សមាជិក​សភា​វ័យក្មេង ណាថាន់ ឡ ផងដែរ ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់ឃុំ​ខ្លួន តាំង​ពីថ្ងៃ​ពុធ​ម្សិលមិញ។

ទោះជាយ៉ាងណា គេ​ឃើញ​ថា លោក​ស៊ី ជីនពីង ហាក់ដូចជា​ចង់​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​ប្រជាជន​ហុងកុង ដោយ​លោក​បាន​លើកឡើង​នៅ​ពេល​ធ្វើ​ដំណើរ​មកដល់​ព្រលាន​យន្តហោះ​ហុងកុង​ថា លោក​​ចង់​ឲ្យ​ដែនដី​ហុងកុង​នៅតែ​ស្ថិត​ក្រោម​​ប្រព័ន្ធគ្រប់គ្រង​តាមបែប "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ប្រកប​ដោយ​ស្ថិរភាព និង​គង់វង់​យូរអង្វែង​ទៅ​មុខតទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ