rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

អាញ់ស្តាញ់​និង​សកម្មភាព​ប្រឆាំង​សង្រ្គាម

ដោយ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីនិន្នាការ​ប្រឆាំង​នឹង​សង្រ្គាម និង​ដំណើរជីវិត​របស់​លោក​នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក។

អាល់ប៊ែរ អាញ់ស្តាញ់ អ្នក​ប្រាជ្ញ​ដែល​បាន​រកឃើញ​ទ្រឹស្តី​រូបវិទ្យា ហើយ​ដែល​ក្រោយមក​នាំ​ទៅ​ដល់​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ តាមការពិត គឺ​ជា​អ្នក​មាន​គំនិត​ប្រឆាំង​សង្រ្គាម។

តាំង​តែ​ពី​ក្មេង​រៀងមក អាញ់ស្តាញ់​​មិនចូលចិត្ត​ទាហាន ហើយ​ធ្លាប់​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​គេចចេញ​ពី​កាតព្វកិច្ច​កងទ័ព រហូត​ដល់​បោះបង់​សញ្ជាតិ​អាល្លឺម៉ង់ ហើយ​សុំចូល​សញ្ជាតិស្វីស។ ម្យ៉ាងទៀត អាញ់ស្តាញ់​​ដែល​ធ្លាប់​ឆ្លងកាត់​ដំណើរជីវិត​នៅ​ក្នុង​ប្រទេស​ច្រើន​ផ្សេងគ្នា គឺ​ទាំង​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​កំណើត ទាំង​​នៅ​អ៊ីតាលី និងស្វីស គឺ​តែងតែ​មាន​គំនិត​បែប​អន្តរជាតិ​និយម ហើយ​ស្អប់​បំផុត​​និន្នាការ​ជាតិ​និយម។

ទោះជាយ៉ាងណា​ក៏ដោយ អាញ់ស្តាញ់​មិនសូវ​ជា​បង្ហាញ​ឲ្យ​គេឃើញ​ជា​សាធារណៈ​នូវ​និន្នាការ​សន្តិភាព​និយម​នេះ​ទេ ហើយ​ការ​ស្អប់​និន្នាការ​ជាតិនិយម​នោះទៀតសោត​ ក៏​លោក​ច្រើនតែ​រក្សា​ទុក​ក្នុងចិត្ត​តែ​ម្នាក់​ឯង​ផងដែរ ដោយលោក​​គិតតែ​ផ្តោត​ទៅលើ​​ការ​សិក្សា​ខាង​វិទ្យាសាស្រ្ត មិនខ្វល់​ពី​នយោបាយ។

ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល​ នៅពេល​ដែល​សង្រ្គាម​លោកលើកទី១​បាន​ផ្ទុះឡើង នៅឆ្នាំ១៩១៤។ នៅ​ពេលនោះ អាញ់ស្តាញ់​​គឺ​ជា​សាស្រ្តាចារ្យ និង​ជា​នាយកវិទ្យាស្ថាន​សិក្សា​រូបវិទ្យា​ នៅ​ទីក្រុង​ប៊ែរឡាំង​ ហើយ​អាញ់ស្តាញ់​បាន​មើល​ឃើញ​យ៉ាងច្បាស់​នូវ​ការរីកដុះដាល​នៃ​និន្នាការ​ជាតិនិយម​នៅ​អាល្លឺម៉ង់។ សម្រាប់​អាញ់ស្តាញ់ សង្រ្គាម​លោកលើកទី១​នេះ​មិនគួរ​នឹង​ផ្ទុះឡើង​នោះទេ ហើយ​បញ្ហា​ចោទ គឺ​មក​ពី​ពួក​អ្នក​​​ជាតិនិយម​ជ្រុល និង​ជា​ពិសេស ពួក​អ្នក​នយោបាយ​យោធានិយម។

អ្វីដែល​ធ្វើ​ឲ្យ​អាញ់ស្តាញ់​កាន់តែ​ហួសចិត្ត​ទៅ​ទៀត គឺ​អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់​ជាច្រើន​នាំគ្នា​ចេញមុខ​គាំទ្រ​​នយោបាយ​យោធានិយម​របស់​អាល្លឺម៉ង់ ហើយ​ពួកគេ​ថែម​ទាំង​បាន​បង្ហាញ​ជំហរ​នេះ​ជា​សាធារណៈ តាមរយៈ​ការ​ចុះហត្ថលេខា​លើ​ញត្តិ​មួយ ​នៅ​ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ១៩១៤ ពោលគឺ ប្រមាណ​ជាង ២ខែ​ ក្រោយ​ផ្ទុះ​សង្រ្គាម​លោកលើកទី១។ ញត្តិ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អ្នក​វិទ្យាសាស្រ្ត​ចំនួន ៩៣រូប ក្នុង​ចំណោមនោះ ក៏​រួមមាន​ផងដែរ អ្ន​កវិទ្យាសាស្រ្ត​ដ៏ល្បីឈ្មោះ​ គឺ​ម៉ាក់ស៍ ផ្លង់ក៍ (Max Planck) និង ហ្វ្រីត ហាប័រ (Fritz Haber) ដែល​ជា​មិត្តភក្តិដ៏ជិតស្និទ្ធិ​របស់​អាញ់ស្តាញ់ និង​ជា​អ្នក​ដែល​ធ្លាប់​​បាន​ទៅ​បញ្ចុះបញ្ចូល​នាំ​អាញ់ស្តាញ់ ពី​ស្វីស​ឲ្យ​មក​ធ្វើការ​នៅ​ប៊ែរឡាំង។

អ្នក​វិទ្យាសាស្រ្ត​ដែល​ចុះហត្ថលេខា​លើ​ញត្តិ​នេះ មាន​ខ្លះ​ធ្វើ​ដោយ​សារតែ​មាន​គំនិត​គាំទ្រ​នយោបាយ​យោធានិយម​របស់​អាល្លឺម៉ង់​ពិតប្រាកដ​មែន ចំណែក​ខ្លះ​ទៀត​ធ្វើ​តាមមតិភាគច្រើន តាមបែប​ចូលស្ទឹងតាមបត់។ ក៏ប៉ុន្តែ អាញ់ស្តាញ់វិញ (ដែល​តាំង​ពី​ក្មេងមក​តែងតែ​មាន​គំនិត​បះបោរ​មិនចេះតែ​ធ្វើតាមគេ) បាន​បដិសេធ​មិន​ព្រម​ចុះហត្ថលេខា ហើយ​មិនត្រឹមតែ​ប៉ុណ្ណោះ អាញ់ស្តាញ់​​ថែម​ទាំង​បាន​ផ្តួចផ្តើម​គំនិត​សរសេរ​ញត្តិ​ផ្សេងមួយទៀត សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ដែល​ប្រឆាំង​នឹង​សង្រ្គាម ក៏ប៉ុន្តែ ញត្តិ​នេះ​មាន​អ្នក​ចុះហត្ថលេខា​តែ​៣នាក់​ប៉ុណ្ណោះ ទើប​​​មិន​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ។

ទោះជាយ៉ាងនេះ​ក៏ដោយ អាញ់ស្តាញ់​ក៏​មិនបាន​បោះបង់​ចោល​សកម្មភាព​ប្រឆាំង​សង្រ្គាម​នេះដែរ។ អាញ់ស្តាញ់​បាន​ចូល​ជា​សមាជិក​​សមាគម​អ្នក​សន្តិភាព​និយម ព្រមទាំង​បាន​សរសេរ​អត្ថបទ​ជាច្រើន ចុះផ្សាយ​ជាសាធារណៈ ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​លោក ដែល​​ប្រឆាំង​នឹង​សង្រ្គាម​។

នៅឆ្នាំ១៩១៨ សង្រ្គាម​លោកលើកទី១​ត្រូវ​បញ្ចប់។ អាល្លឺម៉ង់​ចាញ់សង្រ្គាម ត្រូវ​បាត់បង់​ទឹកដី​​ជាច្រើន​ ហើយ​ជាងនេះ​ទៅទៀត​ត្រូវ​បណ្តា​ប្រទេស​មហាអំណាច​ឈ្នះសង្រ្គាម​គាបសង្កត់​ឲ្យ​សង​ការ​ខូចខាត​​ដោយសង្រ្គាម។ ទាំងនេះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ជាតិនិយម​អាល្លឺម៉ង់​នាំគ្នា​​ចងកំហឹង និង​ចងគំនុំ​ចំពោះ​មហាអំណាច​បរទេស​ ជាពិសេស បារាំង និង​អង់គ្លេស រីឯ​នៅ​ក្នុង​ប្រទេស​វិញ ពួកគេ​បាន​ទម្លាក់​កំហុស​​ទៅលើ​ពួក​អ្នក​សន្តិភាពនិយម និង​អន្តរជាតិ​និយម​ថា​ជា​អ្នក​ដែល​បាន​ជំរុញ​ឲ្យ​អាល្លឺម៉ង់​ប្រកាស​ចុះចាញ់​សង្រ្គាម ហើយ​គេ​ក៏​បាន​នាំគ្នា​ស្អប់​ពួក​​​ជ្វីហ្វ​ផងដែរ ដោយ​ចោទ​​ថា​ជា​​អ្នក​​នាំ​ឲ្យ​ប្រជាជាតិ​អាល្លឺម៉ង់​ធ្លាក់​ចុះដុនដាប។

គំនិត​បែបនេះ​ចេះតែ​បន្ត​រីកដុះដាល រហូត​បង្កើត​បាន​ទៅជា​ចលនា​នយោបាយ​ដ៏ធំមួយ គឺ​គណបក្ស​ណាស៊ី ដែល​ដឹកនាំ​ដោយ​ហ៊ីត្លែរ។ នៅពេលនោះហើយ ដែល​អាញ់ស្តាញ់​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ពីព្រោះ​ថា អាញ់ស្តាញ់​មិនត្រឹមតែ​ជា​ជនជាតិជ្វីហ្វ​ប៉ុណ្ណោះទេ តែ​ជា​ជនជាតិជ្វីហ្វ​ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​អ្នក​ធ្លាប់​ប្រឆាំង​នឹង​នយោបាយ​យោធា​និយម​របស់​អាល្លឺម៉ង់ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី១។

នៅ​ក្នុង​ចំណោម​អ្ន​កវិទ្យាសាស្រ្ត​ដូចគ្នា ក៏​មាន​​អ្នក​ស្អប់​អាញ់ស្តាញ់​ដែរ ដោយសារ​តែ​លោក​ជា​ជនជាតិ​ជ្វីហ្វ។ មាន​អ្នក​ខ្លះ ជាពិសេស គឺ​អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា​និង​ជា​ជ័យលាភី​ណូបែល​រូបវិទ្យា​​ឆ្នាំ១៩០៥ ឈ្មោះ ហ្វីលីព ឡេណាដ៍ (Philipp Lenard) ថែម​ទាំង​បាន​ហៅ​​​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់​ថា ជា​ទ្រឹស្តី​វិទ្យាសាស្រ្ត​ជ្វីហ្វ ដែល​មិន​គេ​មិនគួរ​ជឿ ហើយ​បាន​បង្ហាញ​ពី​គំនិត​ចង់​ “បន្សុទ្ធ” វិទ្យាសាស្រ្ត​អាល្លឺម៉ង់​ កុំ​ឲ្យ​លាយឡំ​ជាមួយ​នឹង “វិទ្យាសាស្រ្តជ្វីហ្វ”។ តាមការពិត គឺ​ដោយសារ​តែ​មាន​អន្តរាគមន៍​របស់ ហ្វីលីព ឡេណាដ៍ នេះហើយ ទើប​អាញ់ស្តាញ់​ត្រូវ​បាន​បរាជ័យ​មិន​បាន​រង្វាន់ណូបែល​​ម្តងហើយ​ម្តងទៀត បើទោះបីជា​លោក​បាន​បង្កើត​ទ្រឹស្តីរូបវិទ្យា​សំខាន់ៗ​ជាច្រើន ដែល​មិន​ធ្លាប់មាន​ពីមុន។

ទោះជាយ៉ាងណា ពីដំបូងឡើយ អ្វីដែល​អាញ់ស្តាញ់ ក៏ដូចជា​ជនជាតិជ្វីហ្វ​អាល្លឺម៉ង់​សំខាន់ៗផ្សេងទៀត ត្រូវ​ប្រឈមមុខ គឺ​នៅត្រឹមតែ​ជា​ការ​វាយប្រហារ​ដោយ​ពាក្យសម្តី​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល នៅ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ១៩២២ នៅពេល​ដែល​ការគំរាមកំហែង​ដោយ​ពាក្យសម្តី បានរាលដាល​ទៅជា​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​ផ្លូវកាយ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩២២ នៅ​ក្នុងពេល​ដែល​ចលនា​ណាស៊ី​របស់​ហ៊ីត្លែរ​កំពុងតែ​រីកដុះដាល​កាន់តែ​ខ្លាំង (តែ​នៅមិនទាន់​បាន​ឡើងកាន់អំណាច​នៅឡើយ) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ គឺ​លោក វ៉លទែរ រ៉ាតឹនណាវ (Walther Rathenau) ដែល​ជា​ជនជាតិជ្វីហ្វ និង​ជា​មិត្តភក្តិ​ដ៏ជិតស្និទ្ធិ​មួយរូប​របស់​អាញ់ស្តាញ់ ត្រូវ​បាន​ក្រុម​ណាស៊ី​​ធ្វើ​ឃាត នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាមរថយន្ត​​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ។

នៅ​ក្នុង​ការស៊ើបអង្កេត​​លើ​ករណី​ធ្វើ​ឃាត​លោក រ៉ាតឹនណាវ ប៉ូលិស​បាន​រកឃើញ​បញ្ជីឈ្មោះ​មនុស្ស​ផ្សេងទៀត ដែល​ក្រុម​ណាស៊ី​បាន​កំណត់​ជា​ចំណុចស៊ីប...​ ហើយ​នៅ​ក្នុង​បញ្ជីនោះ គឺ​មាន​ឈ្មោះ​អាល់ប៊ែរ អាញ់ស្តាញ់។ ប្រឈមមុខ​នឹង​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​បែបនេះ អាញ់ស្តាញ់​ក៏​ផ្អាក​រាល់​ការ​បង្រៀន ក៏ដូចជា​ការ​ចូលរួម​ក្នុង​សន្និសីទ​អ្នក​វិទ្យាសាស្រ្ត ហើយ​​បាន​ចាកចេញ​ពី​ប៊ែរឡាំង ទៅ​លាក់​ខ្លួន​មួយរយៈ នៅ​ក្នុងក្រុង​តូចមួយ ក្បែរ​ព្រំដែន​ដាណឺម៉ាក។

កាលពីដំបូង អាញ់ស្តាញ់​ចង់​ចាកចេញ​ពី​ប៊ែរឡាំង​ជា​រៀងរហូត ដោយ​ឈប់​ធ្វើ​ជា​សាស្រ្តាចារ្យ និង​ជា​អ្ន​កស្រាវជ្រាវ​ខាងវិទ្យាសាស្រ្ត ហើយ​ងាក​ទៅ​ចាប់អាជីព​ជា​វិស្វករ​វិញ។ អាញ់ស្តាញ់​បាន​ប្រាប់​ពី​គម្រោ​ងនេះ​ទៅដល់​អ្ន​កវិទ្យាសាស្រ្ត​ផ្សេងទៀត​​ដែល​ជា​មិត្តភក្តិ ក្នុងនោះ​ក៏មាន​ដែរ​ការ​ឆ្លងឆ្លើយ​តាមលិខិត​ជាមួយ​អ្ន​កប្រាជ្ញ​ដ៏ល្បីឈ្មោះ​ខាង​គីមី និង​រូបវិទ្យា​របស់​បារាំង គឺ​លោកស្រី​ម៉ារី គួរី ដែល​អាញ់ស្តាញ់ គោរពស្រឡាញ់​ចាត់ទុក​ជា​រៀមច្បង។

នៅ​ក្នុង​លិខិតឆ្លងឆ្លើយគ្នា​នេះ ម៉ារី គួរី បាន​ជំរុញ​ឲ្យ​អាញ់ស្តាញ់​ជម្នះ​នូវ​ឧបសគ្គ ហើយ​​កុំ​បោះបង់​​​ការងារ​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។ តាមការពិត អាញ់ស្តាញ់​ខ្លួនឯង​ក៏​មិន​ដាច់ចិត្ត​បោះបង់​ការងារ ដែល​ខ្លួន​តែងតែ​ស្រឡាញ់​ចូលចិត្ត​តាំងពី​ដើម​មក​នេះ​ចោលដែរ។ ម្យ៉ាងទៀត នៅ​ក្នុង​សម័យកាល​នោះ ប៊ែរឡាំង​ត្រូវ​បាន​គេ​ស្គាល់​នៅ​ទូទាំង​ពិភពលោក​ថា ​ជាសម្បុក​ដ៏ធំ​បំផុត​របស់​អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា។​ ហេតុដូច្នេះហើយ ទើប​នៅទីបំផុត ​អាញ់ស្តាញ់​​ក៏​សម្រេច​ចិត្ត​វិលត្រឡប់​ទៅធ្វើការ​នៅ​ប៊ែរឡាំងវិញ ហើយ​មិនត្រឹមតែ​ប៉ុណ្ណោះ នៅខែ​សីហា​ឆ្នាំ១៩២២ តែជាងមួយខែ​ប៉ុណ្ណោះ ក្រោយ​ការ​ធ្វើឃាត​ លោក រ៉ាតឹនណាវ អាញ់ស្តាញ់​ថែម​ទាំង​បាន​ចេញមុខ​ជា​សាធារណៈ ​ចូលរួម​ក្នុង​បាតុកម្ម​ដ៏ធំមួយ​របស់​អ្នក​សន្តិភាព​និយម​នៅ​ប៊ែរឡាំង៕

ស្ទីវ ចប ​និង ​ប៊ីល ហ្គេត៖ ​រវាង​ភាពជាដៃគូ ​និង​ភាព​ជា​គូប្រជែង

ស្ទីវ ចប ​និង​ការ​បង្កើត​កុំព្យូទ័រ Macintosh (Mac)

ស្ទីវ ចប៖ ពីបរាជ័យនៅសាលា ទៅការបង្កើតក្រុមហ៊ុន Apple

អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី

បេនយ៉ាមីន ហ្វ្រែងឃ្លីន ​និង​ការ​បង្កើត​សហរដ្ឋ​អាមេរិក

បេនយ៉ាមីន ហ្វ្រែងឃ្លីន ​និង​អគ្គិសនី

បេនយ៉ាមីន ហ្វ្រែងឃ្លីន (១៧០៦-១៧៩០)

ឆាលស៍ ដាវីន៖ ​ទ្រឹស្តី​អំពី​ការ​វិវឌ្ឍ​នៃ​ជីវិត

ឆាលស៍ ដាវីន ​និង​ដំណើរ​ជុំវិញ​ផែនដី​តាម​នាវា​ប៊ីហ្គ័ល