អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់​ភៀសខ្លួន​ពី​អាល្លឺម៉ង់​ទៅ​ជ្រកកោន​នៅ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីការ​ភៀសខ្លួន​ចេញ​ពី​​ការធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិជ្វីហ្វ​​នៅ​អាល្លឺម៉ង់ ទៅ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក។

អាល់ប៊ែរ អាញ់ស្តាញ់ នៅពេល​ទទួល​សញ្ជាតិ​អាមេរិក នៅ​ឆ្នាំ១៩៤០
អាល់ប៊ែរ អាញ់ស្តាញ់ នៅពេល​ទទួល​សញ្ជាតិ​អាមេរិក នៅ​ឆ្នាំ១៩៤០ World-Telegram/Public Domain
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ១៩២២ ​លោក​ វ៉លទែរ រ៉ាតឹនណាវ (Walther Rathenau) រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ ​ដែល​ជាជនជាតិជ្វីហ្វ និង​ជា​មិត្តភក្តិ​ដ៏ជិតស្និទ្ធិ​របស់​អាញ់ស្តាញ់​ ត្រូវ​បាន​ពួក​ជាតិនិយម​អាល្លឺម៉ង់​ធ្វើ​ឃាត ហើយ​អាញ់ស្តាញ់​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​គេ​តាម​​សម្លាប់។ ទោះបីជា​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បែបនេះ​ក៏ដោយ អាញ់ស្តាញ់​នៅតែ​បន្ត​ការងារ​នៅ​ប៊ែរឡាំង​តទៅទៀត។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន​ក្រោយមក បរិយាកាស​ដ៏សែន​អាប់អួរ​នៅ​អាល្លឺម៉ង់​​ក៏​បាន​ជំរុញ​ឲ្យ​អាញ់ស្តាញ់​សម្រេច​ចាកចេញ​ពី​អាល្លឺម៉ង់ ទៅ​បំពេញទស្សនកិច្ច​នៅ​បរទេស ហើយ​នេះ គឺ​ជា​លើកទី១ និង​ជា​លើកចុងក្រោយ ដែល​លោក​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី និង​ដើមបូព៌ា។

​នៅ​ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​នៅចុងឆ្នាំ១៩២២​នេះហើយ​ ដែល​អាញ់ស្តាញ់​បាន​ទទួល​ដំណឹង​ថា លោក​ត្រូវ​បាន​គណៈកម្មការ​ណូបែល​សម្រេច​ប្រគល់​រង្វាន់​​ណូបែល​ខាង​រូបវិទ្យា​ដល់​លោក។ ក៏ប៉ុន្តែ ដោយសារ​តែ​ពេលនោះ​ជា​សម័យកាល​មិនទាន់​មាន​យន្តហោះ ហើយ​ការ​ធ្វើ​ដំណើរ​តាមកប៉ាល់​ឆ្លងទ្វីប​ត្រូវ​ចំណាយ​ពេល​រាប់ខែ អាញ់ស្តាញ់​មិន​អាច​ត្រឡប់​ទៅ​ទទួល​រង្វាន់​ណូបែល​នេះបាន ទើប​គណៈកម្មការ​ណូបែល​សម្រេច​​លើកពេល​ប្រគល់​រង្វាន់ណូបែល​ទៅ​ឲ្យ​អាញ់ស្តាញ់​ នៅ​ឆ្នាំបន្ទាប់។ ចំណែក​អាញ់ស្តាញ់ ក៏​បន្ត​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​ជា​ធម្មតា។

នៅ​ក្នុង​ដំណើរ​រយៈពេល​ប្រមាណ​ជា ៦ខែ​នោះ អាញ់ស្តាញ់ និង​អ៊ែលសា​ ជាភរិយា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ស្រីលង្កា និង​ជាពិសេស ទៅកាន់​ប្រទេស​ជប៉ុន ដែល​អាញ់ស្តាញ់​ត្រូវ​បាន​គេ​ទទួលស្វាគមន៍​ប្រៀបបាន​នឹង​ប្រមុខរដ្ឋ​នៃ​ប្រទេស​មួយ។ អាញ់ស្តាញ់​ត្រូវ​បាន​អធិរាជ​ជប៉ុន​ទទួល​ឲ្យ​ចូល​គាល់​នៅ​ព្រះបរមរាជវាំង ក្រោមការ​ទទួល​អបអរ​ពី​សំណាក់​ប្រជាជន​ជប៉ុន​រាប់ពាន់នាក់។

អាញ់ស្តាញ់វិញ​ក៏​បាន​ដក់ចិត្ត​ស្រឡាញ់ និង​គោរព​ជនជាតិ​ជប៉ុន​យ៉ាង​ខ្លាំង​ផងដែរ។ នៅ​ក្នុង​លិខិត​ដែល​សរសេរ​ទៅកាន់​កូនប្រុស អាញ់ស្តាញ់​បាន​រៀបរាប់​ថា ក្នុង​ចំណោម​​បណ្តាជន​ដែល​លោក​បាន​ជួប លោក​ចូលចិត្ត​ជនជាតិ​ជប៉ុន​ច្រើន​ជាងគេ ដោយ​សារតែ​ពួកគេ​ជា​មនុស្ស​ឆ្លាតវៃ មិនក្រអឺតក្រទម គួរឲ្យ​គោរព ហើយ​ជា​មនុស្ស​ពូកែ​ខាង​ផ្នែក​សិល្បៈ។

នៅ​ក្នុង​ប្រទេស​ជប៉ុន ក្រៅតែ​ពីជំនួប​ជាមួយ​អធិរាជ អាញ់ស្តាញ់​បាន​ធ្វើ​ដំណើរ​ពី​កន្លែងមួយ​ទៅកន្លែងមួយ ដើម្បី​ធ្វើ​បាឋកថា ស្តីពី​ទ្រឹស្តី​របស់​លោក ដោយ​ក្នុង​បាឋកថា​នីមួយៗ មាន​អ្នក​ចូល​ស្តាប់​រហូតដល់​ទៅ​រាប់ម៉ឺននាក់។ នៅ​ក្នុង​ដំណើរ​តាមរថភ្លើង​ពី​កន្លែងមួយ​ទៅកន្លែងមួយ​នេះ អាញ់ស្តាញ់​ក៏​បាន​ឆ្លងកាត់​តាម​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ផងដែរ។ ក៏ប៉ុន្តែ នៅ​ពេលនោះ អាញ់ស្តាញ់​ប្រាកដ​ជា​មិន​អាច​នឹក​ស្រមៃបានទេ​ថា នៅថ្ងៃមួយ​​ទីក្រុង​មួយ​នេះ​នឹង​ត្រូវ​កម្ទេច​​ស្ទើរក្លាយ​ជា​ផេះផង់ ដោយសារ​តែ​គ្រាប់បែក​នុយក្លេអ៊ែរ ដែល​គេផលិតឡើង ទៅតាម​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក។

នៅ​ក្នុង​ដំណើរ​ចេញ​ពី​អាស៊ី ត្រឡប់​ទៅកាន់​អាល្លឺម៉ង់វិញ អាញ់ស្តាញ់​ដែល​ជា​ជនជាតិជ្វីហ្វ​បាន​ឆ្លៀតឆៀងចូល​ទៅកាន់​ទឹកដី​ប៉ាឡេស្ទីន ដែល​នៅពេលនោះ កំពុង​ស្ថិត​ក្រោម​អាណាព្យាបាល​អង់គ្លេស ហើយ​មិនទាន់​មាន​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​នៅឡើយ។ នៅ​ប៉ាឡេស្ទីន​នោះ ក៏ដូចជា នៅ​ជប៉ុន​ដែរ អាញ់ស្តាញ់​ត្រូវ​បាន​ទទួលស្វាគមន៍​ដូចប្រមុខរដ្ឋ។ តាមការពិត ប្រមាណ​ជា ៣០ឆ្នាំក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ១៩៥២ ក្រោយ​ពី​រដ្ឋអ៊ីស្រាអែល​ត្រូវ​បាន​បង្កើតឡើង​រួចហើយ​នោះ ​អាញ់ស្តាញ់​ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​​មក​កាន់តំណែង​ជា​ប្រធានាធិ​បតី​​នៃ​រដ្ឋ​ដែល​ទើប​នឹង​បង្កើត​ថ្មី​នេះ ក៏ប៉ុន្តែ អាញ់ស្តាញ់​បាន​បដិសេធ។

នៅ​ពាក់កណ្តាល​ឆ្នាំ១៩២៣ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅបរទេស​អស់រយៈពេល ៦ខែ អាញ់ស្តាញ់​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​អាល្លឺម៉ង់វិញ។ អាញ់ស្តាញ់​បាន​ទទួល​រង្វាន់ណូបែល​ដែលលោក​ប៉ងប្រាថ្នា​តាំង​ពី​រាប់ឆ្នាំមកហើយ។ ក៏ប៉ុន្តែ ការគំរាមកំហែង​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក ក៏ដូចជា ចំពោះ​ជនជាតិ​ជ្វីហ្វ​ផ្សេងទៀត​ នៅតែ​កើតមាន ហើយ​កើតមាន​កាន់តែ​ខ្លាំង នៅ​ក្នុង​អំឡុង​ដើមទសវត្សរ៍​ឆ្នាំ៣០ នៅពេល​ដែល​ហ៊ីត្លែរ​ និង​គណបក្ស​ណាស៊ី​ជិតឡើងកាន់អំណាច។

នៅខែធ្នូ ឆ្នាំ១៩៣២ អាញ់ស្តាញ់​បាន​ចាកចេញ​ពី​អាល្លឺម៉ង់​សាជាថ្មី ក្នុង​ដំណើរ​ទៅ​​កាន់​សហរដ្ឋ​អាមេរិក តាម​ការអញ្ជើញ​​ឲ្យ​ទៅ​បង្រៀន​នៅ​តាម​សកលវិទ្យាល័យ​នៅទីនោះ ហើយ​នៅពេលនោះ អាញ់ស្តាញ់​មិនទាន់​ដឹងនៅឡើយទេ​ថា វាជា​ដំណើរចាកចេញ​ពី​អាល្លឺម៉ង់​ដែល​គ្មានថ្ងៃ​វិលត្រឡប់មកវិញ។

នៅថ្ងៃទី៣០​ ខែមករា ​ឆ្នាំ១៩៣៣ នៅពេល​ដែល​អាញ់ស្តាញ់​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក អាដុលហ្វ ហ៊ីត្លែរ បាន​ឡើងកាន់អំណាច​នៅ​អាល្លឺម៉ង់ ហើយ​ប៉ុន្មាន​ខែក្រោយមក សកម្មជន​ណាស៊ី​ក៏​ចាប់ផ្តើម​បើក​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ជ្វីហ្វ​អាល្លឺម៉ង់។ ផ្ទះ​របស់​អាញ់ស្តាញ់​នៅ​ប៊ែរឡាំង​ក៏​ត្រូវ​បាន​ពួកគេ​ចូល​លុកលុយ​ជាច្រើន​លើក​ផងដែរ ក៏ប៉ុន្តែ ពីដំបូងឡើយ អាញ់ស្តាញ់​មិនបាន​ដឹង​​នៅឡើយទេ​​ អំពី​ហេតុការណ៍​នេះ។

នៅខែមីនា បេសកកម្ម​នៅ​អាមេរិក​ត្រូវ​បញ្ចប់ អាញ់ស្តាញ់​បាន​ធ្វើ​ដំណើរ​​តាម​កប៉ាល់​ត្រឡប់​ទៅ​អឺរ៉ុបវិញ ហើយ​នៅ​ពេល​នោះ អាញ់ស្តាញ់​មិនប្រាកដ​ថា​នឹង​អាច​វិលចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់វិញ​ឬ​អត់នោះទេ។ ដំណើរ​តាមកប៉ាល់​របស់​អាញ់ស្តាញ់​ត្រូវ​ឆ្លងកាត់​តាម​ប៊ែលហ្ស៊ិក ហើយ​អាញ់ស្តាញ់​គិតថា ចាំពេល​ទៅដល់​ប៊ែលហ្ស៊ិក ទើប​សម្រេច​ចិត្ត​ថា​ តើ​នឹង​ត្រូវ​បន្ត​ដំណើរ​ទៅ​ទិសណាជា​បន្តទៀត។

ក៏ប៉ុន្តែ នៅពេល​កំពុង​ធ្វើ​ដំណើរ​​លើ​កប៉ាល់ អាញ់ស្តាញ់​បាន​ទទួល​ដំណឹង​ថា ផ្ទះ​របស់​លោក​នៅ​អាល្លឺម៉ង់ ទាំង​ផ្ទះ​នៅ​ប៊ែរឡាំង និង​ផ្ទះ​​មួយ​ទៀត​នៅ​ក្រៅក្រុង​ប៊ែរឡាំង​ដែល​ប្រើ​សម្រាប់​ស្នាក់​នៅ​ពេល​វិស្សមកាល សុទ្ធតែ​ត្រូវ​ពួក​ណាស៊ី​ចូល​លុកលុយ។ នៅពេលនោះហើយ ដែល​អាញ់ស្តាញ់​កំណត់​ច្បាស់​ក្នុង​ចិត្ត​ថា លោក​មិន​អាច​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់វិញ​បាន​នោះទេ។

នៅ​ពេល​ទៅដល់​ប៊ែលហ្ស៊ិក នៅ​ថ្ងៃទី២៨ ខែមីនា គ្រាន់តែ​ចុះពីកប៉ាល់​ភ្លាម អាញ់ស្តាញ់​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានអគ្គកុងស៊ុល​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​ប្រគល់​លិខិតឆ្លងដែន និង​ប្រកាស​បោះបង់ចោល​សញ្ជាតិ​អាល្លឺម៉ង់​សាជាថ្មីម្តងទៀត បន្ទាប់​ពី​បាន​បោះបង់​ចោល​ម្តងរួចមកហើយ កាល​ពី​ពេល​រៀន​នៅ​ប្រទេស​ស្វីស។

ក្នុងពេល​ជាមួយគ្នា អាញ់ស្តាញ់បាន​ផ្ញើ​លិខិត​ទៅ​ប៊ែរឡាំង ដើម្បី​ប្រកាស​លាលែង​ពី​តំណែង​ជា​សាស្រ្តាចារ្យ និង​តំណែង​ជា​នាយក​វិទ្យាស្ថាន​រូបវិទ្យា។ តាមការពិត បើទោះបីជា​អាញ់ស្តាញ់​មិនលាលែង ក៏​អាញ់ស្តាញ់​ត្រូវ​គេ​ដក​តំណែង​នេះ​ដែរ ពីព្រោះ​ថា មិនដល់​មួយខែ​ក្រោយមកផង ហ៊ីត្លែរ​បាន​ដាក់ចេញ​នូវ​​នយោបាយ​ថ្មី ​ដោយ​ហាមឃាត់​រាល់​ជនជាតិ​អាល្លឺម៉ង់​ទាំងអស់ ដែល​មាន​ឈាមជ័រ​​ជាជនជាតិ​ជ្វីហ្វ មិន​ឲ្យ​កាន់​មុខតំណែង​ផ្លូវការ​អ្វី​ទាំងអស់​នៅ​អាល្លឺម៉ង់។ នយោបាយ​បែបនេះ​​​បាន​ជំរុញ​ឲ្យ​អ្ន​កវិទ្យាសាស្រ្ត​អាល្លឺម៉ង់​រាប់សិបនាក់ ក្នុងនោះ រួមមាន​ទាំង​ជ័យលាភី​ណូបែល ១៤នាក់ផង ត្រូវ​បង្ខំចិត្ត​រត់ភៀសខ្លួន​​ទៅ​ក្រៅប្រទេស ហើយ​នេះ គឺ​ជា​កត្តា​ដ៏​ចម្បងមួយ ដែល​ក្រោយ​មក បាន​​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ណាស៊ី​មាន​ការ​អភិវឌ្ឍ​ខាង​បច្ចេកវិទ្យា​យោធា​យឺត​ជាង​អាមេរិក​និង​សម្ព័ន្ធមិត្ត។

និយាយ​ពី​អាញ់ស្តាញ់​វិញ ក្រោយ​ពី​បាន​បោះបង់​ចោល​សញ្ជាតិ​អាល្លឺម៉ង់​ហើយ អាញ់ស្តាញ់​ ដែល​មិនទាន់​មាន​ទិស​ដៅ​ក្នុង​ជីវិត​ច្បាស់លាស់ ក៏​បាន​សម្រេច​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​ជា​បណ្តោះអាសន្ន។ ក៏ប៉ុន្តែ សុវត្ថិភាព​របស់​អាញ់ស្តាញ់​នៅ​ប៊ែលហ្ស៊ិក​ក៏​ចាប់ផ្តើម​មាន​បញ្ហា នៅក្រោយ​ពី​មាន​ដំណឹង​ពី​អាល្លឺម៉ង់​ថា ពួក​ណាស៊ី​ប្រកាស​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អ្នកណា​ដែល​ធ្វើឃាតអាញ់ស្តាញ់​បាន។

នៅពេលនោះ មានសកលវិទ្យាល័យ​នៅ​តាម​​ប្រទេស​ជាច្រើន​បាន​អញ្ជើញ​អាញ់ស្តាញ់​ឲ្យ​ទៅ​ធ្វើ​ជាសាស្រ្តាចារ្យ​ ជាពិសេស គឺ​សហរដ្ឋ​អាមេរិក និង​​បណ្តា​ប្រទេស​នៅ​អឺរ៉ុប រួមមាន​ទាំង បារាំង និង​អង់គ្លេស​ផង។ ក៏ប៉ុន្តែ អាញ់ស្តាញ់​សម្រេច​ចិត្ត​ជ្រើសរើស​យក​សហរដ្ឋ​អាមេរិក ដែល​លោក​ត្រូវ​បាន​គេ​ផ្តល់​មុខងារ​ជា​សាស្រ្តាចារ្យ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​វិទ្យាសាស្រ្ត​ ​នៅ​ឯ​សកលវិទ្យាល័យ​ដ៏ល្បីល្បាញមួយ គឺ​សកលវិទ្យាល័យ​ព្រីនស្តុន (Princeton)។ អាញ់ស្តាញ់​ក៏​បានវិលត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​សាជាថ្មី​ម្តងទៀត ដោយ​ម្តងនេះ ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន ហើយ​អាញ់ស្តាញ់​បាន​ទទួល​សញ្ជាតិ​អាមេរិក នៅ​ឆ្នាំ១៩៤០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ