អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់៖ ​ពី Special ​ទៅ ​General Relativity

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពី​ដំណើរវិវឌ្ឍ​នៃ​គំនិត​របស់​លោក ក្នុងការ​ពង្រីក​ទ្រឹស្តី “Special Relativity” ឲ្យ​ចេញ​ជា “General Relativity”។

រូបគំនូរ​បង្ហាញ​ពី​ឥទ្ធិពល​នៃ​កម្លាំងទំនាញ​ទៅលើ​លំហពេល (Spacetime) ទៅតាម​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់
រូបគំនូរ​បង្ហាញ​ពី​ឥទ្ធិពល​នៃ​កម្លាំងទំនាញ​ទៅលើ​លំហពេល (Spacetime) ទៅតាម​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់ NASA
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ១៩០៥ ក្នុងរយៈពេល​ត្រឹមតែ​មួយឆ្នាំ ​អាញ់ស្តាញ់​​​បាន​រកឃើញ​នូវ​ទ្រឹស្តី​សំខាន់ៗ​ចំនួន ៤ ដោយ​ទ្រឹស្តី​នីមួយៗ​​សុទ្ធតែ​មាន​តម្លៃ​ខាង​វិទ្យាសាស្រ្ត​ដែល​អាច​ទទួល​រង្វាន់​ណូបែល​រូបវិទ្យា​​បាន។ ក៏ប៉ុន្តែ នៅ​ពេលនោះ ទ្រឹស្តី​ដែល​បង្កើតឡើង​ដោយ​បុគ្គលិក​តូចតាច​មួយ​នៅ​ឯ​ការិយាល័យ​ចុះបញ្ជីប្រកាសនីយបត្រ​តក្កកម្ម​ស្វីស​នេះ មិន​សូវ​​ជា​មាន​អ្នក​ចាប់អារម្មណ៍​យក​ភ្នែក​មើល​ប៉ុន្មាន​នោះទេ ហើយ​រហូត​ទាល់តែ​៤ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩០៩ ទើប​អាញ់ស្តាញ់​ត្រូវ​បាន​គេ​ទទួល​ឲ្យ​ធ្វើ​ជា​សាស្រ្តាចារ្យ​រូបវិទ្យា​នៅ​សកលវិទ្យាល័យស្វីស។

នៅ​ក្នុង​អំឡុង​ពេលនោះ អាញ់ស្តាញ់​នៅតែ​បន្ត​ធ្វើការ​នៅ​ឯ​ការិយាល័យ​ចុះ​បញ្ជីប្រកាសនីយបត្រ​តក្កកម្ម ហើយ​នៅតែ​បន្ត​ចំណាយ​ពេល​ក្រៅម៉ោងធ្វើការ​ ​យក​ទៅ​ធ្វើការ​ស្រមើស្រមៃ ​ត្រិះរិះពិចារណា និង​សិក្សា​លើ​ទ្រឹស្តី​វិទ្យាសាស្រ្ត​ដូច​ដែល​អ្វី​លោក​ធ្លាប់​ធ្វើ​កាល​ពីមុន។ នៅ​ពេលនោះ អាញ់ស្តាញ់​​មិន​ស្កប់ចិត្ត​នឹង​​ទ្រឹស្តី Special Relativity របស់​លោក​ ដោយ​មើល​ឃើញ​ថាវា​ជា​ទ្រឹស្តី​ដែល​មិន​ពេញលេញ ដោយ​សារ​តែ​​វា​អាច​អនុវត្ត​បានតែ​ក្នុង​ករណី​ពិសេស​មួយ គឺ​ក្នុងករណី​ដែល​វត្ថុមាន​ចលនា​ក្នុង​ល្បឿន​ថេរ ដោយ​គ្មាន​សន្ទុះ។

អាញ់ស្តាញ់​បាន​ដាក់ចិត្ត​ថា​នឹង​​ធ្វើការ​សិក្សា ដើម្បី​ពង្រីក​ទ្រឹស្តី​នេះ​ឲ្យ​ទៅ​ជាទ្រឹស្តី​ដែល​អនុវត្ត​បាន​ក្នុង​ករណី​ជាទូទៅ ហើយ​នៅ​ចុងឆ្នាំ១៩០៧ នៅ​ពេល​កំពុង​រៀបចំ​សរសេរ​និង​សម្រួល​ទ្រឹស្តី​របស់​លោក ដើម្បី​ត្រៀម​ចុះផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​​វិទ្យាសាស្រ្ត​​ ទើប​អាញ់ស្តាញ់​​ចាប់ផ្តើម​​​រកឃើញ​ដំណោះស្រាយ ហើយ​ដំណោះស្រាយ​នេះ ក៏​មិនខុស​ពី​​ដំណោះស្រាយ​ទៅលើ​ទ្រឹស្តី​ភាគច្រើន​ផ្សេងទៀត​របស់​អាញ់ស្តាញ់​ដែរ គឺ​កើតចេញ​ពី​ការ​អង្គុយ​គិតពិចារណា តាមបែប​​ស្រមើស្រមៃ ឬ​ដែល​គេ​អាច​ហៅ​ថា​ជា​ “ការធ្វើ​ពិសោធន៍​ដោយ​ការ​គិត។

គំនិត​ដែលជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់ ដែល​ឈាន​ទៅ​រក​ការ​បង្កើត​ទ្រឹស្តី General Relativity ហើយ​ដែល​ក្រោយ​មក​អាញ់ស្តាញ់​បាន​ហៅថា​ជា “​គំនិត​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក” គឺ​បាន​លេចឡើង នៅពេល​អាញ់ស្តាញ់​កំពុង​អង្គុយ​ធ្វើការ​​នៅ​ឯ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម។ អាញ់ស្តាញ់​គិតស្រមៃថា ប្រសិនបើ​មនុស្ស​ម្នាក់​ជិះ​នៅ​ក្នុង​ជណ្តើរយន្ត ហើយ​ជណ្តើរយន្តនេះ​ដាច់ខ្សែធ្លាក់​​ពីលើ​កំពូល​អគារ​ដ៏ខ្ពស់​មួយ សម្រាប់​អ្នក​នៅ​ខាង​ក្រៅ​ជណ្តើរយន្ត គេ​អាច​និយាយ​បានថា ទាំង​ជណ្តើរយន្ត និង​អ្នក​ជិះ​នៅ​ក្នុង​ជណ្តើរយន្ត​នឹង​ធ្លាក់ចុះ​ក្នុង​ល្បឿន​ស្មើគ្នា ដោយ​ស្រប​​ទៅតាម​ទ្រឹស្តី “ទម្លាក់សេរី” ​របស់​កាលីលេ (គ្រប់វត្ថុ​ទាំងអស់​មិន​ថា​មាន​ទម្ងន់​ខុសគ្នា​ប៉ុណ្ណា​នោះទេ សុទ្ធតែ​​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា)។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ជិះ​នៅ​ក្នុង​ជណ្តើរយន្ត ​ដែល​បិទជិត​មិន​អាច​មើល​ឃើញ​ពី​ទិដ្ឋភាព​ខាង​ក្រៅបាន​ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​វិនាទី​មុនពេល​ដែល​ជណ្តើរយន្ត​ធ្លាក់​ចុះ​ដល់​ដី គឺ​​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ហាក់ដូចជាគ្មាន​ទម្ងន់​ ហើយ​​អណ្តែត​នៅ​ក្នុងជណ្តើរយន្ត​​ ពោលគឺ ប្រៀបបាន​នឹង​ក្នុងករណី​ជណ្តើរយន្ត​នេះ​កំពុង​ស្ថិត​នៅ​កណ្តាល​ទីអវកាស ដែល​គ្មាន​កម្លាំង​ទំនាញ​អ្វី​ទាំងអស់។

អាញ់ស្តាញ់​បាន​គិតស្រមៃ​ជា​បន្តទៀត​ថា នៅ​ក្នុង​ករណី​ជណ្តើរយន្ត​នៅ​​​កណ្តាល​ទីអវកាស​ ប្រសិនបើ​គេ​អាច​ចងខ្សែកាប​ថ្ពក់​​ពីលើ​ដំបូល​ជណ្តើរយន្ត ហើយ​​ទាញ​ឡើង​ក្នុង​សន្ទុះ​មួយថេរ បើ​មើល​ពី​ខាង​ក្រៅ នៅ​ពេល​ដែល​ជណ្តើរយន្ត​មាន​ចលនា​ឡើងលើ អ្នក​នៅ​ខាង​ក្នុង​ជណ្តើរ​យន្ត​ ដែល​ពីដំបូង​នៅស្ថៀម ត្រូវ​រង​កម្លាំង​រុញ​ពី​បាត​ជណ្តើរយន្ត។ ក៏ប៉ុន្តែ សម្រាប់​អ្នក​នៅ​ខាង​ក្នុង​ជណ្តើរ​យន្ត ដែល​មិន​អាច​មើល​ឃើញ​ទិដ្ឋភាព​ខាង​ក្រៅ​បាន គឺ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ខ្លួន​កំពុងរង​កម្លាំង​ទំនាញ​ដែល​ទាញ​ចុះ​ទៅ​បាត​ជណ្តើរយន្ត ពោលគឺ ប្រៀបបាន​នឹង​ករណី​ជណ្តើរ​យន្ត​ស្ថិតនៅ​ស្ងៀម​លើ​ផែនដី​ដូច្នោះដែរ។

ចេញ​ពី​ការ​គិតស្រមៃ​បែបនេះ អាញ់ស្តាញ់​បាន​​ទាញ​នូវ​សេចក្តី​សន្និដ្ឋាន​មួយ​ថា សន្ទុះ និង​ កម្លាំង​ទំនាញ​ដែល​ជា​សញ្ញាណ​ពី​ដាច់​ពីគ្នា តែ​បង្កើត​នូវ​ទិដ្ឋភាព​ដូចគ្នា ដែល​អាញ់ស្តាញ់​ឲ្យឈ្មោះ​ថា “គោលការណ៍សមមូល” (សមមូល​រវាង​កម្លាំងទំនាញ​និង​សន្ទុះ)។ ចេញ​ពី​គោលការណ៍​នេះ​ អាញ់ស្តាញ់​បាន​កំណត់​ថា គន្លឹះក្នុងការ​ពង្រីក​ទ្រឹស្តី Special Relativity ឲ្យ​អាច​អនុវត្ត​​បាន​ជា​ទូទៅ ទាំង​ក្នុងករណី​ចលនា​ក្នុង​ល្បឿន​ថេរ និង​ក្នុងករណី​មាន​សន្ទុះ គឺ​ត្រូវ​គិតបញ្ចូល​នូវ​ទ្រឹស្តី​នៃ​កម្លាំងទំនាញ។ នៅ​ពេលនោះ អាញ់ស្តាញ់​មិនត្រឹមតែ​អាច​ដោះស្រាយ​ចំណោទ​ទាក់ទង​នឹង General Relativity តែប៉ុណ្ណោះទេ តែ​ថែម​ទាំង​អាច​បង្កើត​នូវ​សញ្ញាណថ្មី​នៃ​កម្លាំងទំនាញ ដែល​ជា​ការ​សើរើ​ឡើងវិញ​នូវ​ទ្រឹស្តី​ដែល​មាន​អាយុកាល​ជាង​៣០០ឆ្នាំ​របស់​​អ៊ីសាក់ ញូតុន។

យោងតាម​ទ្រឹស្តី​របស់​ញូតុន កម្លាំងទំនាញ គឺ​ជា​កម្លាំង។ កម្លាំង​ដែល​មាន​ឥទ្ធិពល​ទាញ​វត្ថុ​មួយ​ឲ្យ​ចេញពី​ស្ថានភាព​ដើម។ កម្លាំង​ទំនាញ​របស់​ផែនដី ដែល​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ចុះ​មកក្រោម។ ក៏ប៉ុន្តែ យោងតាម​ទ្រឹស្តី​របស់​អាញ់ស្តាញ់វិញ (ជាពិសេស ទៅតាម​ការ​គិតពិចារណា​ទៅលើ​ករណី​​មនុស្ស​​ក្នុង​ជណ្តើរយន្ត) គេ​មិន​អាច​កំណត់​បាន​ដោយ​ប្រាកដ​ដាច់ខាត​បាន​ទេ​ថា តើ​ផែនដី​នៅ​ស្ងៀម​ហើយ​ផ្លែប៉ោម​ធ្លាក់​ចុះ​មក​ដី (កម្លាំងទំនាញ​​តាមទ្រឹស្តី​ញូតុន) ឬ​ក៏​ផ្លែប៉ោម​នៅស្ងៀម​​តែ​ផែនដី​មាន​សន្ទុះឡើងទៅលើ​ប៉ះនឹង​ផ្លែប៉ោម (សន្ទុះ)?

យោងតាម​អាញ់ស្តាញ់ យន្តការ​នៃ​អ្វី​ដែល​យើងហៅថា​ “កម្លាំងទំនាញសកល” មិនមែន​ជា​កម្លាំង​​ដែល​ទាញ​វត្ថុមួយ​ឲ្យ​ចេញ​ពី​ស្ថានភាព​ដើម ដូចដែល​គេ​ធ្លាប់​គិត​តាំង​ពី​សម័យកាល​ញូតុន​មក​នោះទេ។ តែ​តាមការពិត កម្លាំងទំនាញ​ធ្វើ​ឲ្យ​លំហពេល (Spacetime) ត្រូវកោង ហើយ​គឺ​ភាព​កោង​នៃ​លំហពេល​នេះហើយ ដែល​​ធ្វើ​ឲ្យ​វត្ថុមួយ​មាន​ចលនា​ចេញ​ពី​ស្ថានភាព​ដើម។ ហើយ​បើតាម​អាញ់ស្តាញ់ សូម្បីតែ​ពន្លឺ​ក៏​​ទទួល​រង​ឥទ្ធិពល​​ពីភាព​កោង​នៃ​លំហ​ពេលនេះ​ដែរ ពោលគឺ កម្លាំងទំនាញ​អាច​ធ្វើ​ឲ្យ​គន្លង​នៃ​ចលនា​របស់​ពន្លឺ​ត្រូវ​កោង។

ទ្រឹស្តី​ទាក់ទង​នឹង​កម្លាំងទំនាញ និង​ភាពកោងនៃ​លំហពេល​ត្រូវ​បាន​គេ​ស្គាល់​តិច​ជាង​ទ្រឹស្តីផ្សេងទៀត​របស់​អាញ់ស្តាញ់ ក៏ប៉ុន្តែ តាមពិត នេះ​ទើប​ជា​ទ្រឹស្តី​ដ៏សំខាន់​បំផុត ដែល​គេ​រាប់ថា​ជា​បដិវត្តន៍​នៃ​រូបវិទ្យា​សម័យទំនើប គឺ​រវាង​រូបវិទ្យា​សម័យកាល​ញូតុន និង​រូបវិទ្យា​សម័យកាល​អាញ់ស្តាញ់។

ទ្រឹស្តី​ទាក់ទង​នឹង​កម្លាំងទំនាញ និង​ភាពកោងនៃ​លំហពេល ​ត្រូវ​បានអាញ់ស្តាញ់​កំណត់​ជា​សម្មតិកម្ម​ឡើង​ ​នៅ​ឆ្នាំ១៩០៧ ហើយ​បាន​ចុះផ្សាយ​ទ្រឹស្តី​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​​កម្លាំងទំនាញ​ទៅលើ​គន្លង​ចលនា​របស់​ពន្លឺ នៅ​ឆ្នាំ១៩១១។ ក៏ប៉ុន្តែ មកទល់នឹង​ពេលនោះ អាញ់ស្តាញ់​នៅ​មិនទាន់​អាច​រៀបចំ​បង្កើត​ជា​ទ្រឹស្តី​​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​ត្រឹមត្រូវ​នៅឡើយទេ។ អាញ់ស្តាញ់​​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត ដើម្បី​​ព្យាយាម​រក​វិធី ពន្យល់ និង​បញ្ជាក់​ទ្រឹស្តី​របស់​លោក​តាម​រយៈ​រូបមន្ត​គណិតវិទ្យា។

រហូតដល់​ចុងឆ្នាំ១៩១៥ ទើប​អាញ់ស្តាញ់​អាច​បង្កើត​បាន​នូវ​​រូបមន្ត​ពេញលេញ​មួយ ក្នុងការ​បញ្ជាក់​ អំពី​ទ្រឹស្តី General Relativity របស់​លោក​ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ទ្រឹស្តី Genral Relativity នេះ នៅតែ​មិនទាន់​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​ទទួលស្គាល់​ជាទូទៅ​នៅឡើយដែរ ដោយសារ​តែ​​វា​ជា​ទ្រឹស្តី​ថ្មីស្រឡាង​ដែល​ផ្ទុយ​​ស្រឡះ​ពី​អ្វី​ដែល​គេ​ធ្លាប់​គិត​​នោះផង ហើយ​ជាង​នេះ​ទៅទៀត វា​គឺ​​ជា​ទ្រឹស្តី​​ដែល​មាន​លក្ខណៈ​អរូបិយ​ខ្លាំង​ពេក ដោយ​មិនមាន​ភស្តុតាង​ជាក់ស្តែង​មក​បញ្ជាក់បាន។ គេ​ត្រូវ​រង់ចាំ​រហូតដល់​​​​ឆ្នាំ១៩១៩ ទើប​​អាច​រកឃើញ​ភស្តុតាង​​មក​បញ្ជាក់, ទ្រឹស្តី​ General Relativity ត្រូវ​បាន​គេ​ទទួលស្គាល់​​យ៉ាងពេញលេញ ហើយអាញ់ស្តាញ់​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​បំផុត​នៅ​​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ