អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់៖ ​ដំណើរជីវិត​ចុងក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីដំណើរជីវិត​ចុងក្រោយ​របស់​លោក។

លោក​អាល់ប៊ែរ អាញ់ស្តាញ់ (Albert Einstein) នៅឆ្នាំ១៩៤៧
លោក​អាល់ប៊ែរ អាញ់ស្តាញ់ (Albert Einstein) នៅឆ្នាំ១៩៤៧ Orren Jack Turner/Public Domain
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ១៩៤៥ ក្រោយ​ពី​អាមេរិក​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី កេរ្តិ៍​ឈ្មោះ​របស់​អាញ់ស្តាញ់​ត្រូវ​បានគេ​ស្គាល់​ជាទូទៅ​ថា​ជា​បិតា​នៃ​អាវុធ​នុយក្លេអ៊ែរ ម្យ៉ាង ដោយសារ​​តែ​លោក​ជា​អ្នក​បង្កើត​​ទ្រឹស្តី​ ​ស្តីពី​ទំនាក់ទំនង​ រវាង​ម៉ាស់ និង​ថាមពល (គឺ​រូបមន្ត​ដ៏ល្បីល្បាញ (E=mc²) និងសំខាន់ជាងនេះ​ទៅទៀត ដោយសារ​តែ​លោក​ជា​អ្នក​ដែល​បាន​សរសេរ​លិខិត​​ជំរុញ​ឲ្យ​ប្រធានាធិបតី​​អាមេរិក (Franklin Roosevelt) បង្កើត​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ កាលពីឆ្នាំ១៩៣៩។

អាញ់ស្តាញ់​វិញ​ចាប់មាន​វិប្បដិសារី ដោយ​មើលឃើញ​ពី​សោកនាដកម្ម​ ដែល​បង្ក​ឡើង​ដោយ​អាវុធ​នុយក្លេអ៊ែរ​​ទៅលើ​​ប្រជាជន​ជប៉ុន ហើយ​ជាពិសេស វា​គឺ​ជា​សោកនាដកម្ម ដែល​លោក​យល់ថា​ គឺ​ជា​រឿង​ដែល​មិនចាំបាច់​ទាល់តែ​សោះ។ សម្រាប់​អាញ់ស្តាញ់​ ការណ៍​ដែល​លោក​ជំរុញ​ឲ្យ​អាមេរិក​ផលិត​អាវុធ​នុយក្លេអ៊ែរ គឺ​ដោយសារ​តែ​លោក​បារម្ភ​ខ្លាច​អាល្លឺម៉ង់​ផលិត​អាវុធ​ប្រល័យ​លោក​នេះ​បាន​មុន ហើយ​ហ៊ីត្លែរ​នឹង​ក្លាយ​ជា​អ្នក​ត្រួតត្រា​ពិភពលោក។ ក៏ប៉ុន្តែ នៅ​មុនពេល​ដែល​អាមេរិក​ទម្លាក់​គ្រាប់បែក​លើ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី គ្រប់គ្នា​សុទ្ធតែ​បាន​ដឹង​យ៉ាងច្បាស់​ថា អាល្លឺម៉ង់​មិន​បាន​ជោគជ័យ​ក្នុងកា​រផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ ហើយ​លើស​ពីនេះ​ទៅទៀត អាល្លឺម៉ង់​ក៏​បាន​ចុះចាញ់​សង្រ្គាម​​រួចទៅហើយ​ដែរ។

ប្រមាណ​ជា​មួយខែ ក្រោយ​ពី​ការ​ទម្លាក់​គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី អាញ់ស្តាញ់​រួម​ជាមួយ​អ្នក​វិទ្យាសាស្រ្ត​ផ្សេងទៀត បាន​រួមគ្នា​ធ្វើការ​តស៊ូមតិ​ទាមទារ​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​អន្តរជាតិ ដើម្បី​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ ហើយ​ក្រោយ​មក ក្រុម​អ្ន​កវិទ្យាសាស្រ្ត​នេះ​បាន​បង្កើត​រចនាសម្ព័ន្ធ​ជា​គណៈកម្មាធិការ​មួយ ដែល​មាន​អាញ់ស្តាញ់​ជា​ប្រធាន។

សម្រាប់​អាញ់ស្តាញ់ ការ​បង្កើត​ត្រឹមតែ​រចនាសម្ព័ន្ធ​អន្តរជាតិ ក្នុង​ទ្រង់ទ្រាយ​ជា​សមាគម​នៃ​ប្រជាជាតិ ដូចជា​អង្គការ​សហប្រជាជាតិ គឺ​មិន​គ្រប់គ្រាន់ ក្នុងការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ និង​រក្សា​សន្តិភាព​នៅ​ទូទាំង​ពិភពលោក​បាននោះទេ។ គេ​ចាំបាច់​ត្រូវ​តែ​បង្កើត​ជា​រដ្ឋាភិបាល​ពិភពលោក​មួយ ដែល​​​មាន​អំណាច​ទៅលើ​ប្រទេស​ជា​សមាជិក ហើយ​មាន​កម្លាំងទ័ព និង​ជាពិសេស គឺ​ជា​អ្នក​កាន់កាប់​សព្វាវុធ​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ តស៊ូ​មតិ​របស់​គណៈកម្មាធិការ​អ្នក​វិទ្យាសាស្រ្ត​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែគ្មាន​ប្រទេស​ណាមួយ​សុខចិត្ត​បោះបង់​អធិបតេយ្យភាព និង​អំណាច​ទ័ព​របស់​ខ្លួន ចំណែក​ឯ​​ប្រទេស​មហាអំណាច​​ក៏​ចាប់ផ្តើម​​​​ប្រឈមមុខ​ដាក់គ្នា​កាន់តែ​ខ្លាំង នៅ​ក្នុង​សង្រ្គាម​ត្រជាក់ ហើយ​មក​ទល់​នឹង​ពេលនោះ មិនមែន​តែអាមេរិក​មួយទេ ដែល​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ។ សហភាព​សូវៀត ហើយ​ក្រោយ​មក​ទៀត បារាំង អង់គ្លេស និង​ចិន សុទ្ធតែ​មាន​អាវុធ​នុយក្លេអ៊ែរ​​រៀងៗខ្លួន។

អាញ់ស្តាញ់​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ ក៏ប៉ុន្តែ បន្តិចម្តងៗ វា​បាន​ក្លាយ​ជា​សកម្មភាព​បន្ទាប់​បន្សំ​តែប៉ុណ្ណោះ ដោយ​លោក​ងាក​ទៅ​ផ្តោត​លើ​ការ​ងារ​សិក្សា​ស្រាវជ្រាវ​របស់​លោក​វិញ។

គិត​ត្រឹម​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់ អាញ់ស្តាញ់​​បាន​ចូលនិវត្តន៍​ពី​ការងារ​ជា​សាស្រ្តាចារ្យ​​នៅ​សកលវិទ្យាល័យ​ព្រីនស្តុន (Princeton) ក៏ប៉ុន្តែ លោក​នៅតែ​បន្ត​ការងារ​សិក្សា​ស្រាវជ្រាវ​ខាង​រូបវិទ្យាតទៅទៀត ដោយ​លោក​មាន​គោលដៅ​ចង់​ស្វែងរក​ទ្រឹស្តី​មួយ ដែល​អាច​ពន្យល់ និង​អនុវត្ត​ចំពោះ​អ្វីៗ​គ្រប់យ៉ាងទាំងអស់​នៅ​ក្នុង​ចក្រវាល​យើងនេះ គឺ​​ចាប់តាំង​ពី​បាតុភូត និង​វត្ថុ​ដ៏​ធំធេង នៅ​ក្នុង​ទីអវកាស រហូតទៅដល់​​សារធាតុ​ដ៏តូចល្អិត​ជាង​អាតូម និយាយ​ជារួម គឺ​ការ​ភ្ជាប់គ្នា​ រវាង​ទ្រឹស្តី General Relativity និង​រូបវិទ្យាកង់ទិក (Quantique/Quantum)។

ក៏ប៉ុន្តែ នៅពេលនោះ អាញ់ស្តាញ់​មាន​វ័យ​កាន់តែ​ចាស់​ណាស់ទៅហើយ ចំណែក​ឯ​សុខភាព​របស់​លោក​ក៏​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​កាន់តែ​ច្រើន​ដែរ។ អាញ់ស្តាញ់​បាន​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ហើយ​ទទួល​មរណភាព នៅថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ១៩៥៥ ក្នុងវ័យ ៧៦ឆ្នាំ។ អាញ់ស្តាញ់​ទទួល​មរណភាព​នៅ​ក្នុង​ដំណេក ហើយ​នៅក្បែរ​គ្រែ​របស់​លោក គេ​ឃើញ​មាន​ក្រដាស ១២សន្លឹក ពេញទៅដោយ​រូបមន្ត និង​សមីកា​គណិតវិទ្យា។ សមីកា​អស់ទាំងនេះ នៅ​ជា​ការ​ព្រាង​នៅឡើយ ដោយ​មិនចេញ​ជា​ទ្រឹស្តី​អ្វី​ពិតប្រាកដ​នោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វា​បង្ហាញ​ថា រហូត​ដល់​ដង្ហើម​ចុងក្រោយ អាញ់ស្តាញ់​នៅតែ​​ខិតខំ​សិក្សា​ស្វែងរក​ទ្រឹស្តី​ចុងក្រោយ​របស់​លោក។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ទ្រឹស្តី​រួម​ ដែល​អាច​ពន្យល់ និង​អនុវត្ត​ចំពោះ​អ្វីៗគ្រប់យ៉ាង​នៅលើ​ចកក្រវាល ហើយ​ដែល​អាញ់ស្តាញ់​បាន​ខិតខំ​ស្វែងរក​រហូតដល់​នាទី​ចុងក្រោយ​នៃ​ជីវិត​ចុងក្រោយ​របស់​លោក​តែ​មិនបាន​សម្រេច នៅតែ​ជា​ប្រធានបទ​ដ៏សំខាន់​មួយ នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​ជំនាន់ក្រោយ។

អាញ់ស្តាញ់​បាន​ទទួល​មរណភាព​ទៅ ដោយ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ប្រាជ្ញ​​ខាង​រូបវិទ្យា​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​សតវត្សរ៍​ទី២០ និង​ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​​ខាង​វិទ្យាសាស្រ្ត​ដ៏កំពូលៗ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​មនុស្សជាតិ​ រួមជាមួយ​នឹង​កាលីលេ និង​ញូតុន។

ជាការពិតណាស់ថា ទ្រឹស្តី​របស់​អាញ់ស្តាញ់​មិនសូវ​ជា​មាន​អ្នក​ស្គាល់ច្រើន​ ជាពិសេស បើ​ប្រៀបធៀប​ទៅនឹង​ទ្រឹស្តី​របស់​ញូតុន។ ម្យ៉ាង ដោយសារ​តែ​ទ្រឹស្តី​របស់​អាញ់ស្តាញ់​មាន​លក្ខណៈស្មុគស្មាញ​ពិបាក​យល់ និង​ម្យ៉ាងទៀត ដោយសារ​តែ​ទ្រឹស្តី​អស់ទាំងនេះ​​មិនសូវ​ជា​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​ច្រើន​​នៅ​​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ឬ​អាច​សង្កេតឃើញ​ជាទូទៅ នៅ​ក្នុង​បាតុភូត​លើ​ភពផែនដី។

ទោះជាយ៉ាងណា ទ្រឹស្តី​របស់​អាញ់ស្តាញ់​គឺ​ជា​បដិវត្តន៍​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​យល់ឃើញ​របស់​មនុស្សជាតិ ទៅលើ​ចក្រវាល ជាពិសេស វា​នាំមក​នូវ​ទស្សនទាន​ថ្មី ដែល​នាំ​ឲ្យ​ផ្លាស់ប្តូរ​ដល់​ការ​យល់ឃើញ​របស់​មនុស្ស​ទៅលើ​​កម្លាំងទំនាញ ​ទៅលើ​លំហ និង​ពេល ហើយ​ទ្រឹស្តី​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មូលដ្ឋាន​គ្រឹះ នៅ​ក្នុង​ការ​រកឃើញ​នូវ​ទ្រឹស្តី​ជាច្រើន​ផ្សេងទៀត​ទាក់ទង​នឹង​អវកាស។

ទាក់ទង​នឹង​ការ​អនុវត្តន៍​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​វិញ ការយល់ដឹង​ពី​​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ទៅលើ​លំហពេល​ក៏​ជា​គន្លឹះ​ដ៏សំខាន់​មួយ​ដែរ នៅ​ក្នុង​ដំណើរការ​នៃ​ប្រព័ន្ធ​កំណត់​ទីតាំង (GPS) ពីព្រោះ​ថា សុក្រឹតភាព​នៃ​ប្រព័ន្ធ​ GPS នេះ គឺ​វា​អាស្រ័យ​ទៅលើ​សុក្រឹតភាព​ រវាង​ម៉ោង​នៅលើ​ភពផែនដី និង​ម៉ោង​នៅលើ​ផ្កាយរណប។ យោងតាម​ទ្រឹស្តី Special និង Genral Relativity របស់​អាញ់ស្តាញ់ ផ្កាយរណប GPS ដែល​ស្ថិត​នៅ​កម្ពស់​រាប់រយ​គីឡូម៉ែត្រ​ពី​ភពផែនដី ត្រូវ​ទទួល​រង​ឥទ្ធិពល​កម្លាំង​ទំនាញ​ផែនដី​​តិច​ជាង ហើយ​ម៉ោង​នៅលើ​ផ្កាយរណប​ទាំងនេះ ក៏​ត្រូវ​ដើរ​លឿន​ជាង​ម៉ោង​នៅលើ​ផែនដី។ គម្លាត​រវាង​ម៉ោង​ទាំងពីរ​នេះ​ថ្វីដ្បិត​តែ​មាន​ទំហំ​តូច (ត្រឹមតែ​ប្រមាណ​ជា ៤០ microseconds ក្នុងមួយថ្ងៃ) ក៏ប៉ុន្តែ ប្រសិនបើ​គេ​មិន​គិតបញ្ចូល​ទ្រឹស្តី Relativity របស់​អាញ់ស្តាញ់​នេះ​ទេ​ សុក្រឹតភាព​នៃ​ប្រព័ន្ធ GPS អាច​នឹង​ត្រូវ​ប្រែប្រួល​រហូតដល់​ទៅ​រាប់គីឡូម៉ែត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ