នីតិព្រហ្មទណ្ឌ៖ តើអ្វីទៅជាការព្យួរទោស? អ្វីទៅជារបបពាក់កណ្តាលសេរីភាព?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៤
តាមក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា នៅពេលដែលតុលាការប្រកាសផ្តន្ទាទោសជនល្មើសណាមួយ តុលាការអាចបង្គាប់ឲ្យព្យួរទោស ឬក៏អាចបង្គាប់ឲ្យអនុវត្តរបបពាក់កណ្តាលសេរីភាពបាន។ តើអ្វីទៅជាការព្យួរទោស? ហើយអ្វីទៅជារបបពាក់កណ្តាលសេរីភាព?
ការព្យួរទោស
ការព្យួរទោស គឺការអនុញ្ញាតឲ្យជនជាប់ពិរុទ្ធ ដែលត្រូវតុលាការផ្តន្ទាទោស អាចមិនអនុវត្តទោសនេះបាន ប្រសិនបើមិនប្រព្រឹត្តល្មើសថ្មីទៀត ក្នុងរយៈពេលដែលបានកំណត់ណាមួយ។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ទោសដែលអាចព្យួរបាន គឺមានទាំងទោសពន្ធនាគារ និងទោសពិន័យជាប្រាក់ ហើយការព្យួរទោសត្រូវចែកជាពីរប្រភេទ គឺការព្យួរទោសធម្មតា (Sursis simple) និងការព្យួរទោសសាកល្បង (Sursis avec mise à l’épruve)។
ការព្យួរទោសធម្មតា
ប្រសិនបើជនល្មើសត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយត្រូវព្យួរទោស ជនល្មើសនេះមិនត្រូវជាប់ក្នុងពន្ធនាគារទេ។ ក៏ប៉ុន្តែ ប្រសិនបើក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃប្រកាសទោស ជនល្មើសនេះបានប្រព្រឹត្តបទល្មើសណាមួយថ្មីទៀត ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសនឹងត្រូវអនុវត្តទោសទាំងពីរ គឺទាំងទោសទី១ ដែលបានព្យួរ និងទោសទី២ សម្រាប់បទល្មើសដែលប្រព្រឹត្តថ្មីក្រោយ។
ដូចគ្នាចំពោះទោសពិន័យជាប្រាក់។ ប្រសិនបើតុលាការប្រកាសព្យួរទោស ជនល្មើសមិនត្រូវបង់ប្រាក់ពិន័យទេ ប្រសិនបើមិនមានប្រព្រឹត្តបទល្មើសថ្មីទៀត ក្នុងរយៈពេល ៥ឆ្នាំ។
គួរបញ្ជាក់ថា ការប្រកាសព្យួរទោស ឬមិនព្យួរ គឺជាសិទ្ធិអំណាចរបស់តុលាការ ក៏ប៉ុន្តែ ទោសពន្ធនាគារ ដែលតុលាការអាចប្រកាសព្យួរបាន ទាល់តែទោសពន្ធនាគារនោះ មានរយៈពេលយ៉ាងច្រើនបំផុត ៥ឆ្នាំ។ ប្រសិនបើជនល្មើសត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ លើសពី៥ឆ្នាំ តុលាការមិនអាចប្រកាសព្យួរទោសនេះបានទេ។
ម្យ៉ាងទៀត បើទោះបីជាទោសពន្ធនាគារនេះមានរយៈពេលត្រឹម ៥ឆ្នាំ ឬតិចជាង ៥ឆ្នាំក៏ដោយ តុលាការអាចប្រកាសព្យួរទោសបាន លុះត្រាតែជនល្មើសមិនធ្លាប់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្តងសោះ នៅក្នុងរយៈពេល ៥ឆ្នាំមុនអំពើល្មើស។
ឧទាហរណ៍៖ នៅឆ្នាំ២០០៨ ជនល្មើស “ក” ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្តងរួចមកហើយ ស្រាប់តែ ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១២ “ក” បានប្រព្រឹត្តបទល្មើសថ្មីទៀត ហើយត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ។ ទោស ៣ឆ្នាំក្រោយនេះមិនអាចត្រូវព្យួរបានទេ។
ការព្យួរទោសសាកល្បង
ការព្យួរទោសសាកល្បង គឺប្រហាក់ប្រហែលនឹងការព្យួរទោសធម្មតាដែរ គ្រាន់តែមានរយៈពេលសាកល្បងមួយ ដែលមានរយៈពេល ពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងរយៈពេលសាកល្បងនេះ ទណ្ឌិតត្រូវគោរពទៅតាមវិធានការត្រួតពិនិត្យ ដែលកំណត់ដោយតុលាការ៖
- ត្រូវចូលខ្លួនទៅតាមដីកាកោះពីព្រះរាជអាជ្ញា (ឬតំណាងព្រះរាជអាជ្ញា)
- ត្រូវទទួលការមកត្រួតពិនិត្យមើលរបស់ព្រះរាជអាជ្ញា
- ត្រូវផ្តល់ឯកសារ ទៅតាមការបង្គាប់របស់ព្រះរាជអាជ្ញា
- ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរអាសយដ្ឋាន ឬការផ្លាស់ប្តូរមុខរបរ
- ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាមុននឹងធ្វើដំណើរទៅបរទេស
ក្រៅពីវិធានការទាំងអស់នេះ តុលាការអាចកំណត់ឲ្យទណ្ឌិតគោរពទៅតាមកាតព្វកិច្ចមួយចំនួនផ្សេងទៀត នៅក្នុងរយៈពេលសាកល្បង ដូចជា ៖
- ត្រូវបំពេញសកម្មភាពខាងវិជ្ជាជីវៈ
- ត្រូវទៅរៀន ឬទទួលការបណ្តុះបណ្តាលខាងវិជ្ជាជីវៈ
- ត្រូវរស់នៅក្នុងកន្លែងណាមួយជាកំណត់
- ត្រូវទទួលឲ្យពេទ្យធ្វើការពិនិត្យ និងព្យាបាល
- មិនត្រូវមានវត្តមាន នៅទីកន្លែងណាមួយ ដែលកំណត់ដោយតុលាការ
- មិនត្រូវធ្វើសកម្មភាពមួយចំនួន ដូចជា សេពគប់បនល្បែង គ្រឿងស្រវឹង កាន់កាប់ ឬយកអាវុធតាមខ្លួន ឬប្រកបអាជីវកម្មណាមួយ ដែលកំណត់ដោយតុលាការ
- មិនត្រូវទៅក្បែរ ឬទៅជួបជាមួយបុគ្គលខ្លះ ដូចជា អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើស ជាដើម។
នៅក្នុងរយៈពេលសាកល្បង (១ឆ្នាំ ទៅ៣ឆ្នាំ) ប្រសិនបើជនល្មើសមិនគោរពតាមវិធានការត្រួតពិនិត្យ ឬតាមកាតព្វកិច្ច ដែលកំណត់ដោយតុលាការទេ ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសត្រូវតែអនុវត្តទោស។ ប្រសិនបើជនល្មើសប្រព្រឹត្តបទល្មើសថ្មីណាមួយទៀត ក្នុងរយៈពេលសាកល្បងនេះ ការព្យួរទោសក៏ត្រូវលើកចេញវិញដូចគ្នាដែរ ហើយជនល្មើសត្រូវអនុវត្តទោស សម្រាប់បទល្មើសទាំងពីរ ដូចករណីព្យួរទោសធម្មតាដែរ។
គួរបញ្ជាក់ថា តុលាការអាចប្រកាសព្យួរទោសសាកល្បងបាន តែចំពោះទោសពន្ធនាគារប៉ុណ្ណោះ ហើយបានតែចំពោះទោសពន្ធនាគារ ដែលមានរយៈពេល ក្នុងចន្លោះពី ៦ខែ ទៅ ៥ឆ្នាំប៉ុណ្ណោះ។ ទោសពិន័យជាប្រាក់ និងទោសពន្ធនាគារតិចជាង ៦ខែ ឬច្រើនជាង ៥ឆ្នាំ មិនអាចព្យួរដោយមានរយៈពេលសាកល្បងនេះបានទេ។
ចំណុចដែលគួរកត់សម្គាល់ចុងក្រោយ ការប្រកាសព្យួរទោសអាចធ្វើចំពោះទោសទាំងមូល ឬក៏ធ្វើមួយផ្នែកក៏បាន។
ឧទាហរណ៍៖ ជនល្មើស “ក” ប្រព្រឹត្តបទល្មើសឆបោក ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែ ២ឆ្នាំត្រូវព្យួរ។ ក្នុងករណីនេះ ជនល្មើសត្រូវជាប់ពន្ធនាគារតែ ២ឆ្នាំប៉ុណ្ណោះ ដោយត្រូវព្យួរទោស ២ឆ្នាំ។
របបពាក់កណ្តាលសេរីភាព
របបពាក់កណ្តាលសេរីភាពអាចអនុវត្តបានតែចំពោះទោសពន្ធនាគារ ដែលមានរយៈពេល ៦ខែ ឬតិចជាង ៦ខែប៉ុណ្ណោះ។ តុលាការអាចប្រកាសរបបពាក់កណ្តាលសេរីភាព គឺដើម្បីឲ្យទណ្ឌិតអាចបំពេញសកម្មភាពខាងវិជ្ជាជីវៈ ទទួលការសិក្សា ឬការបណ្តុះបណ្តាល ឬការពិនិត្យព្យាបាលជំងឺ ឬជួយឧបត្ថម្ភដល់សេចក្តីត្រូវការរបស់ក្រុមគ្រួសារ។
ទណ្ឌិតដែលស្ថិតក្នុងរបបពាក់កណ្តាលសេរីភាព ត្រូវអនុញ្ញាតឲ្យចាកចេញពីពន្ធនាគារ ក្នុងរយៈពេលជាកំណត់ណាមួយ។ នៅពេលប្រកាសពីរបបពាក់កណ្តាលសេរីភាព តុលាការត្រូវកំណត់នៅក្នុងសេចក្តីសម្រេច អំពីថ្ងៃ និងម៉ោង ដែលទណ្ឌិត អាចចេញពីពន្ធនាគារបាន។
ឧទាហរណ៍៖ ឈ្មោះ “ក” ជានិស្សិត ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៦ខែ ពីបទលួច។ តុលាការពិនិត្យពិចារណាមើលទៅ មិនចង់ឲ្យទណ្ឌិត “ក” ខាតការរៀនសូត្រ ក៏សម្រេចឲ្យអនុវត្តរបបពាក់កណ្តាលសេរីភាព ដើម្បីឲ្យទណ្ឌិត “ក” អាចបន្តការរៀនសូត្របាន។ ដូច្នេះ ទណ្ឌិត “ក” អាចចេញពីពន្ធនាគារបាន ដើម្បីទៅរៀន ទៅតាមថ្ងៃ និងម៉ោងពេល ដែលបានកំណត់ដោយតុលាការ ដូចជា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ អាចចេញពីពន្ធនាគារ ទៅសាលារៀនបាន នៅម៉ោង ៨ព្រឹក ហើយត្រូវត្រឡប់ចូលមកក្នុងពន្ធនាគារវិញ នៅម៉ោង ៥ល្ងាច។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ