អានតួអត្ថបទ
អាស៊ី

​កំណើន​ម៉ាស៊ីន​ស្វ័យប្រវត្តិ ធ្វើ​ឲ្យ​បាត់​បង់ការ​ងារ​ ជាង​៦លាន​នាក់ ​នៅ​អាស៊ី​អាគ្នេយ៍​

របាយការណ៍​សិក្សា​ថ្មីមួយ​ បា​នបញ្ជាក់ថា កំណើន​ម៉ាស៊ីន​ស្វ័យប្រវត្តិ បង្កឲ្យ​បាត់​បង់ការ​ងារធ្វើ​​ ជាង​៦លាន៦សែន​​នាក់ ​នៅ​អាស៊ី​អាគ្នេយ៍​។ ការសិក្សា​នេះ បាន​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ នៅក្នុង​​វេទិកាសេដ្ឋកិច្ច​ពិភពលោក ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ ក្នុង​ប្រទេស​​វៀតណាម។ នាយករដ្ឋមន្ត្រី​វៀតណាម ក៏​បាន​ទទួល​ស្គាល់​ដែរថា កម្មករ​រោង​ចក្រកាត់​ដេរ​​ ជាង​ពាក់កណ្តាល​ អាច​នឹង​ត្រូវ​បាត់​បង់​ការងារ នៅក្នុង​អំលុង​ពេល​១០ឆ្នាំខាង​មុខ​នេះ​។ 

នាយករដ្ឋមន្ត្រីវៀតណាម Nguyên Xuân Phuc ពេលបើកវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងហាណូយ
នាយករដ្ឋមន្ត្រីវៀតណាម Nguyên Xuân Phuc ពេលបើកវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងហាណូយ reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុង​ហាណូយ ថ្ងៃទី​១២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម Nguyên Xuân Phuc បាន​គូស​បញ្ជាក់ថា ការ​រីក​ចម្រើន​បច្ចេកវិជ្ជា​និង​សេដ្ឋកិច្ច​ឌីជីថត គឺជា​​សក្កានុពលដ៏សំខាន់​សម្រាប់​​សេដ្ឋកិច្ច​របស់​អាស៊ាន​ ហើយ​វិស័យនេះ​ នឹង​កាន់តែ​រីកច្រើន​ ដល់ទៅ​៤ដង ក្នុង​វង្វង់ទឹក​ប្រាក់​២០០ពាន់​លាន​ដុល្លារ នៅឆ្នាំ​២០២៥។

ទន្ទឹម​នឹង​កំណើន​បច្ចេកវិជ្ជាដែល​នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែរនោះ ថ្នាក់​ដឹកនាំ​វៀតណាម ដែល​ក្នុង​នាម​ជា​សហប្រធាន​នៃ​វេទិកាសេដ្ឋកិច្ច​ពិភពលោក បាន​លើកបង្ហាញ​ពីគុណ​វិបត្តិ​ដែរ ថា​​វិស័យ​​រោងចក្រកាត់​ដេរ​ដែល​ជា​ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម ក៏នឹង​ត្រូវ​​ប្រឈមចំពោះការ​បាត់​បង់​ការងារ​ធ្វើ គឺប្រមាណ​ជា​៥៦ភាគរយឯណោះ​​។ នាយករដ្ឋមន្ត្រី​វៀតណាម​ថ្លែង​បែបនេះ គឺ​យោង​តាម​របាយការណ៍​សិក្សា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ។

របាយការណ៍​នេះ គឺស្រដៀង​គ្នា​ទៅ​នឹង​ការ​សន្និដ្ឋាន​របស់​វិទ្យាស្ថាន​ Verisk Maplecroft ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ ចេញផ្សាយ​កាលពី​កក្កដា​កន្លងទៅ​។​ ការ​បាត់​បង់​ការងារ​ក្នុងផ្នែក​​រោង​ចក្រ​កាត់​ដេរ​ ​នឹង​កើត​មាន​នៅប្រទេស​៥ ក្នុង​តំបន់​អាស៊ី​​អាគ្នេយ៍។ នោះ​គឺ​វៀតណាម កម្ពុជា ថៃ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​​​។ កម្មករ​នៅ​កម្ពុជានិង​វៀតណាម​ អាច​នឹង​រងគ្រោះ​ខ្លាំង ដោយសារ​ប្រទេសពីរ​នេះ ពឹង​ផ្នែកច្រើន​​ទៅលើ​វិស័យ​កាត់​ដេរ។ អ្នក​ដែល​ត្រូវ​រង​គ្រោះ​ខ្លាំង​ជាង​គេ​ គឺ​ស្ត្រីភេទ ដែល​កំពុងតែ​មា​ន​ចំនួន​ច្រើន ក្នុង​វិស័យ​កាត់ដេរ។​

ចំណែក ក្រុមហ៊ុនបច្ចេកវិជ្ជា Cisco និង​វិទ្យាស្ថាន​ Oxform ក៏​បាន​ធ្វើ​ការ​សិក្សា​មួយ​ថ្មីដែរ ដោយ​បញ្ជាក់ថា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ការងារសិប្បកម្ម ឬ​ការងារ​ដោយ​ប្រើ​កម្លាំង​មនុស្សក្នុង​រោង​ចក្រ ​ប្រមាណ​ជា ៦លាន​៦សែន នឹង​ត្រូវ​បាត់​បង់ នៅ​រវាង​១០ឆ្នាំ​ខាងមុខ។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ អ្នក​ជំនាញបាន​ដាស់​តឿន​​​ថ្នាក់​ដឹកនាំប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ​ឲ្យឆាប់​អប់រំពលរដ្ឋ​ខ្លួន​ពី​បច្ចេកវិជ្ជា​​។ រដ្ឋ​សមាជិក​អាស៊ាន​ ត្រូវ​​គិតគូរដោយ​ប្រុងប្រយ័ត្ន​ចំពោះ​កម្ម​ករ​របស់​ខ្លួន ហើយ​បើ​សិន​គ្មានចំណាត់ការត្រឹម​ត្រូវ​នោះទេ ច្បាស់​ជា​​ប្រទេសនោះ រត់​មិន​ទាន់​ការ​ប្រកួត​ប្រជែកផ្នែក​​សេដ្ឋកិច្ច​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ