rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច កាត់ដេរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធាន​សមាគម​រោង​ចក្រ៖ ប្រាក់​​ឈ្នួល​​របស់​​កម្មករ​​កាត់​​ដេរ​​នៅ​​កម្ពុជា​​កើន​​ឡើង​​លឿន​​ពេក​

media
កម្មការនីកាត់ដេរ @សហការី

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃទី២៩ ខែ​មីនា​នេះ ក្នុង​វេទិកា​រាជរដ្ឋាភិ​បាល-ផ្នែក​ឯក​ជន​លើក​ទី១៨ បាន​​ស្នើ​​នៅ​​ចំពោះ​​មុខ​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​មាន​ការ​ពិនិត្យ​​លើ​​ការ​​ដំឡើង​​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ ដោយ​សារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​មាន​ការ​កើន​ឡើង​លឿន​ពេក​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​។ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ឆ្លើយ​តបភ្លាមៗ​ចំពោះ​សំណើ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។


លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នៅ​ថ្ងៃទី​២៩ ខែ​មីនា​នេះ បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពិនិត្យ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​កាត់ដេរ ដោយ​សារ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា​មាន​ការ​កើន​ឡើង​លឿន​ពេក។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា​ខ្ពស់​ជាង​ប្រទេស​ប្រកួត​ប្រជែង ដូច​ជា​ប្រទេស​វៀតណាម ភូមា​ និង​បង់ក្លាដេស​ជា​ដើម​។

នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នេះ លោក វ៉ាន់ ស៊ូអៀង ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លទ្ធភាព​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្សេងៗ​គ្នា សម្រាប់​ខេត្ត និង​តំបន់​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា​ការ​កំណត់​បែប​នេះ​ នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​កាន់​តែ​លឿន​នៅ​តាម​តំបន់​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប, លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​ការងារ​គិត​គូរ​ពីវិធីសាស្ត្រ​ក្នុង​ការ​គណនា​ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់​ឈ្នួល​អប្បបរមា​តាម​តំបន់ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ចង់​ឲ្យ​មាន​ការ​ពិនិត្យ​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​នៅ​តាម​តំបន់ ដែល​មិន​ទាន់​មាន​រោងចក្រ ព្រោះ​បើ​ពិនិត្យ​ក្នុង​តំបន់​ដែល​មាន​រោង​ចក្រ​ស្រាប់​នោះ​អាច​នឹង​មាន​ផល​ប៉ះពាល់​។

លោក អាត ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បញ្ជាក់​ថា ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​តែង​តែ​មិន​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់​ដេរ ទោះ​បីជា​គ្មាន​ការ​គំរាម​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBAក៏​ដោយ។​ លោក​បន្ថែម​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​កន្លង​មក ​គឺ​ដោយ​សារ​តែ​ការ​ខិតខំ​តវ៉ា​របស់កម្មករ និង​សហជីព។

លោក អាត ធន់ ក៏​បាន​បញ្ជាក់​ដែរ​ថា​ស្ថានភាព​ផ្ទៃដី​ប្រទេស​កម្ពុជា​ខុស​ពី​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​វៀតណាម​ជា​ដើម ហើយ​ស្ថានភាព​ចំណាយ​ក៏​មិន​សូវ​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការ​កំណត់​ប្រាក់​ឈ្នួល​តាម​តំបន់​អាច​នឹង​មាន​បញ្ហា​ប៉ះពាល់​ដល់​កម្មករ​។

សូម​ជម្រាប​ជូន​ថា ប្រាក់​ឈ្នួល​​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​ ត្រូវ​បាន​ដំឡើង​ពី​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​នេះ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៧៧​ដុល្លារ សម្រាប់​កម្មករ​និយោជិត​សាក​ល្បង​។ ប្រាក់​ឈ្នួលឆ្នាំ២០១៩នេះ ​មិន​រាប់​បញ្ចូល​នូវ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​នោះ​ទេ​។

លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បញ្ជាក់​ថា​វិស័យ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​បាន​ផ្តល់​ការងារ​ផ្ទាល់​ដល់​កម្មករ​ប្រមាណ​៧៥ម៉ឺន​នាក់​ និង​ការ​នាំ​ចេញ​ក្នុងទំហំ​ទឹក​ប្រាក់​ប្រមាណ​៩ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ក្នុង​មួយ​ឆ្នាំៗ​ប្រាក់​ឈ្នួល​ប្រមាណ​២ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បើក​ទៅ​កម្មករ​ក្នុង​វិស័យ​នេះ​៕