អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ប្រធានាធិបតី​ចិន​ផ្តើម​ទស្សនកិច្ច​នៅ​អាស៊ី​ខាងត្បូង​ដែល​ជា​តំបន់​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ផ្តើម​ទស្សនកិច្ច​នៅ​អាស៊ីខាងត្បូង​ពី​ថ្ងៃ​អាទិត្យ ទី១៤ ដល់​ថ្ងៃ​សុក្រ ទី១៩ កញ្ញា។ ទស្សនកិច្ច​នៅ​អាស៊ីខាងត្បូង​របស់​លោក​ស៊ី ជីនពីង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ត្រឡប់​ពី​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​ដែល​បាន​រៀបចំ​ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី ១២ កញ្ញា​ក្នុង​ទីក្រុង​ឌូហ្សានបេ​នៃ​ប្រទេស​តាហ្ស៊ីគីស្ថាន។ មុន​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី១៧ កញ្ញា​សប្តាហ៍​ក្រោយ លោក​ប្រធានាធិបតី​ចិន​បាន​អញ្ជើញ​ទៅ​ប្រទេស​ម៉ាល់ឌីវ និង​ប្រទេស​ស្រីលង្កា។ អ្វី​ជា​ការ​កត់សម្គាល់ លោក​ប្រមុខ​រដ្ឋ​ចិន​កំពុង​ដាក់​ជើង​នៅ​ក្នុង​តំបន់​ដែល​ជា​ដែន​ឥទ្ធិពល​របស់​ប្រទេស​ឥណ្ឌា។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​នាយករដ្ឋមន្រ្តី​របស់​គាត់
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​នាយករដ្ឋមន្រ្តី​របស់​គាត់ Reuters
ផ្សាយពាណិជ្ជកម្ម

គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​នៅ​អាស៊ីខាងត្បូង គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ការ​បង្កើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ដែល​តាម​ប្រពៃណី ជា​ដែនអំណាច​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ឥណ្ឌា។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បន្ទាប់​ពី​ប្រទេស​ម៉ាល់ឌីវ និង​ស្រីលង្កា​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​មុន​គេ លោក​ស៊ី ជីនពីង​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែរ។ នៅ​ថ្ងៃ​នេះ លោក​ស៊ី ជីនពីង​ទើប​បាន​ទៅ​ដល់​ប្រទេស​ម៉ាល់ឌីវ​ដែល​ចិន​បាន​ចាប់​ផ្តើម​បង្កើន​ទំនាក់ទំនង​កាន់​តែ​ខ្លំាង​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ពិសេស​តំាង​ពី​ទីក្រុង​ប៉េកំាង​ដាក់​ទូត​ជា​ថ្មី​កាល​ពី​ឆ្នំា ២០១១។ មួយ​វិញ​ទៀត តំាង​ពី​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​ម៉ាល់ឌីវ​កាល​ពី ៤២ឆ្នំា​មុន​មក នេះ​ជា​លើកទីមួយ​បង្អស់​ដែល​មាន​ប្រមុខរដ្ឋ​ចិន​ម្នាក់​បាន​ដាក់​ជើង​ជាន់​ទឹកដី​ម៉ាល់ឌីវ។ យោង​តាម​ក្រសួង​ការបរទេស​ចិន ទីក្រុង​ប៉េកំាង និង​ទីក្រុង​ម៉ាល​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ជា​ច្រើន​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង។

 
នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ដែល​ចិន​បាន​ភ្ជាប់​ទំនាក់ទនង​ការទូត​តំាង​ពី ៥៧ឆ្នំា​កន្លង​មក លោក​ប្រធានាធិបតី​ចិន​នឹង​ទៅ​ទស្សនកិច្ច​អាកាសយានដ្ឋាន និង​កំពុងផែ​ដ៏ធំ​មួយ​ដែល​ចិន​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ ១ ៤០០លានដុល្លារ។ កំពុងផែ​ដ៏ធំ​នេះ គឺ​ជា​និមិត្តរូប​នៃ​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប្រឈម​ទល់​នឹង​ឥណ្ឌា ព្រោះ​ថា ទីតំាង​កំពុងផែ​នោះ​មាន​ចម្ងាយ​មិន​ដល់ ២៥០គីឡូម៉ែត្រ​ផង​ពី​ឆ្នេរ​សមុទ្រឥណ្ឌា។ មួយ​វិញ​ទៀត ចិន​បាន​ចាត់​ទុក​ប្រទេស​ស្រីលង្កា​ថា ជា​តំបន់​ឆ្លង​កាត់​ដ៏​សំខាន់​មួយ​នៃ​ចរាចរណ៍​ផ្លូវសមុទ្រ​ដែល​មមាញឹក​ជាង​គេ។

ឥណ្ឌា និង​ជប៉ុន​ពួតដៃ​គ្នា​ទប់​នឹង​ចិន

ជា​ទូទៅ ឥណ្ឌា​មិន​សូវ​សប្បាយ​ចិត្ត​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនំា​ចិន​នៅ​ក្នុង​តំបន់​ទេ។ ក៏​ប៉ុន្តែ ឥណ្ឌា​ក៏​មិន​អាច​រារំាង​ចិន​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ចិន​ចង់​ធ្វើ​នោះ​ទេ ព្រោះ​ថា ចិន​ក៏​ជា​ប្រទេស​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​ដែរ។ ការ​ដែល​លោក​ស៊ី ជីនពីង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​ពេល​នេះ​ក៏​ជា​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្រ្តី​ថ្មី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ជា​អ្នកជាតិនិយម​ម្នាក់​ក៏​បាន​ព្យាយាម​ទប់ស្កាត់​ចិន​ដែល​បន្ត​ចែចង់​បណ្តា​ប្រទេស​ជាប់របង​ជាមួយ​ឥណ្ឌា។ អ៊ីចឹង​ហើយ​បាន​ជា​លោក​ម៉ូឌី​បាន​ជ្រើស​យក​ប្រទេស​ប៊ូតង់ និង​នេប៉ាល់​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើកទី១ នៅ​បរទេស ក្នុង​នោះ ក៏​បាន​ឆ្លៀត​បោះដៃ​ទៅ​រក​ប៉ាគីស្ថាន​ដែល​ជា​សត្រូវ​របស់​ឥណ្ឌា​ដែរ។

មួយ​វិញ​ទៀត និង​ដើម្បី​អាច​ទប់​នឹង​ឥទ្ធិពល​របស់​ចិន លោក​ម៉ូឌី​អាច​ពឹងពាក់​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​មួយ​របស់​ឥណ្ឌា។ ថ្មីៗ​នេះ​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ូឌី​នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​បាន​សន្យា​បង្កើន​វិនិយោគ​ទ្វេដង​នៅ​ឥណ្ឌា​ចាប់​ពី​ពេល​នេះ​ទៅ ៥ឆ្នំា​ខាង​មុខ។ គួរ​ជម្រាប​ជូន​ថា ទីក្រុង​ញូដែលី និង​ទីក្រុង​តូក្យូ​សុទ្ធតែ​បាន​សម្តែង​ក្តីបារម្ភ​ដូច​គ្នា​ចំពោះ​ឥទ្ធិពល​កាន់​តែ​ខ្លំាង​របស់​ចិន​នៅ​ក្នុង​តំបន់។ មួយ​វិញ​ទៀត ជប៉ុន និង​ឥណ្ឌា​ក៏​កំពុង​មាន​ជម្លោះ​ដែនដី​ជាមួយ​ចិន​ដូច​គ្នា​ដែរ។ គឺ​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​ដ៏​ប្រសើរ​រវាង​ឥណ្ឌា និង​ជប៉ុន​ពេល​នេះ​ហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត តែ​វា​ជា​ថ្នំាប៉ូវកម្លំាង​មួយ​ដែល​ឥណ្ឌា​ត្រូវ​ប្រើ​ដើម្បី​អាច​មាន​ប្រៀប​លើ​ចិន​នៅ​ក្នុង​កិច្ចចរចា។

ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា​កំពុង​បន្ត​បំពុល​ដោយ​ជម្លោះ​ដែនដី

គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ឥណ្ឌា​មាន​ពីរ ទី១ ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ផ្នែក​ដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ និង​ទី២ ការ​ព្យាយាម​កាត់​បន្ថយ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ជម្លោះ​ដែនដី។ លោក​ប្រមុខ​រដ្ឋ​ចិន​ស៊ី ជីនពីង​នឹង​លើក​យក​ទៅ​ជជែក​ជាមួយ​លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​នូវ​គម្រោង​វិនិយោគ​ក្នុង​ផ្នែក​ផ្លូវដែក និង​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​ស៊ីវិល។ ជា​ការ​ពិត ចិន និង​ឥណ្ឌា​កំពុង​បន្ត​មើល​មុខ​គ្នា​មិន​សូវ​ចំ​ដោយសារ​តែ​ជម្លោះ​ដែនដី តែ​ប្រទេស​មហាអំណាច​អាស៊ី​ទំាង​ពីរ​នេះ​ក៏​ត្រូវ​ការ​គ្នា​ដោយ​ខាន​មិន​បាន​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត។ ចិន​ធ្លាប់​បាន​សន្យា​ដោយ​ចាត់​ទុក​ឥណ្ឌា​ក្នុង​ជំនាន់​លោក​នាយករដ្ឋមន្រ្តី​ម៉ូឌី​ថា ជា​ដៃគូអភិវឌ្ឍន៍​មួយ​មិន​អាច​ខ្វះ​បាន និង​ថា ចិន​គ្មាន​បំណង​ណា​មួយ​ដើម្បី​ប្រជែង​កាច់​បំបាក់​ឥណ្ឌា​ទេ។ មួយ​វិញ​ទៀត ចិន និង​ឥណ្ឌា​ថែម​ទំាង​បាន​ចាត់​ទុក​ឆ្នំា ២០១៤ ជា​ឆ្នំា​នៃ​ការ​ដោះដូរ​មិត្តភាព​រវាង​គ្នា​ទៀត​ផង។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទំនាក់ទំនង​រវាង​ឥណ្ឌា និង​ចិន​ក៏​កំពុង​បន្ត​បំពុល​ដោយ​ជម្លោះ​ដែនដី​នៅ​ក្នុង​រដ្ឋ​អារូណាស្ហាល ប្រាដេស។ គឺ​ជា​ដែនដី​មួយ​ដែល​សព្វ​ថ្ងៃ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ឥណ្ឌា តែ​ចិន​កំពុង​បន្ត​ទាមទារ​ជា​របស់​ខ្លួន។ ជម្លោះ​ដែល​បាន​រុញ​ច្រាន​ប្រទេស​ទំាង​ពីរ​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​យ៉ាង​បង្ហូរ​ឈាម​កាល​ពី​ឆ្នំា ១៩៦២។ តំាង​ពី​ពេល​នោះ​មក ស្ថានការណ៍​នៅ​បន្ត​តានតឹង​ជា​អចិន្ត្រែយ៍​ដោយ​ប្រទេស​នីមួយៗ​បន្ត​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​តាម​រយៈ​ការ​ពង្រឹង​កម្លំាង​ទ័ព និង​ការ​ដាក់​តំាង​សព្វាវុធ​ទំនើប​​នៅ​តាម​ព្រំដែន។ ជា​រឿយៗ ទាហាន​ចិន​បាន​ឆ្លង​កាត់​ខ្សែព្រំដែន រួច​បោះជំរំ​សំពត់ និង​ទង់ជាតិ​នៅ​ក្នុង​ដែនដី​ឥណ្ឌា។ ដូច្នេះ និង​ដើម្បី​ឲ្យ​ចិន និង​ឥណ្ឌា​អាច​បង្កើន​ទំនាក់ទំនង​ល្អ​ធម្មតា​ជា​ថ្មី​បាន លោក​ស៊ី ជីនពីង និង​លោក​ណារ៉េនដ្រា ម៉ូឌី​ត្រូវ​តែ​ដក​ឆ្អឹង​ដែល​កំពុង​ជាប់​ទទឹង ក មួយ​នេះ​ជា​មុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ