អានតួអត្ថបទ
វៀតណាម

អតីត​ចារកម្មវៀតណាម​​ម្នាក់​ត្រូវ​​​ចាប់ខ្លួន​នៅ​សិង្ហបុរី

អតីត​ចារកម្មវៀតណាម​​ម្នាក់ ត្រូវ​ចាប់ខ្លួន​ នៅព្រលាន​យន្តហោះ​​​​សិង្ហបុរី នៅថ្ងៃ​អង្គារ៍​ ទី​២មករានេះ។ លោក Phan Văn Anh Vũ គឺ​ជាមហាសេដ្ឋី និងជាអតីត​មន្ត្រីជាន់​ខ្ពស់ភ្នាក់ងារ​​​ស៊ើប​ការសម្ងាត់ ​ ត្រូវក្រសួង​ការពារជាតិ​​វៀតណាម ចោទប្រកាន់​​ កាលពី​សប្តាហ៍​មុន​ ពី​បទ​ទម្លាយ​ការ​សម្ងាត់​របស់​ជាតិ។

Phan Văn Anh Vũ  មហាសេដ្ឋីអចលនទ្រព្យ ប្រចាំនៅខេត្តដាណាង និងជាអតីតចារកម្ម មានឋានៈ រវសេនីយឯក។
Phan Văn Anh Vũ មហាសេដ្ឋីអចលនទ្រព្យ ប្រចាំនៅខេត្តដាណាង និងជាអតីតចារកម្ម មានឋានៈ រវសេនីយឯក។ @nguoiduatin
ផ្សាយពាណិជ្ជកម្ម

ការ​​​ចាប់​ឃាត់​ខ្លួននេះ ធ្វើ​ឡើង​នៅពេល​ដែល​លោក Phan Văn Anh Vũ ​ប្រុង​​នឹង​ធ្វើ​ដំណើរឆ្លងកាត់​ទៅប្រទេស​ម៉ាឡេស៊ី។ ព័ត៌មាន​នេះ ទម្លាយ​ឲ្យ​ដឹង​តាមរយៈ​មេធាវី​ការពារ​ក្តី​​របស់​លោក។ ក៏ប៉ុន្តែគេនៅ​​ពុំ​បាន​ដឹងច្បាស់​​ទេថា តើ​រដ្ឋអំណាច​វៀតណាម ជាអ្នក​បញ្ចូន​ភ្នាក់​សម្ងាត់​ទៅ​ចាប់ខ្លួន​ដោយ​ផ្ទាល់ ឬក៏​មានកិច្ច​​សហការ​ពី​រដ្ឋអំណាច​សិង្ហបុរី​ដែរឬយ៉ាងណា។​ ​​ក្រោយ​ការ​ចាប់ខ្លួន អាជ្ញាធរ​សិង្ហបុរី ក៏​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​នៅឡើយទេ។

ជាការ​កត់​សម្គាល់​ ប៉ូលីស​វៀតណាម ធ្លាប់​បាន​​ចាប់ខ្លួន​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្រៅប្រទេសរួច​ម្តង​ហើយ​។ កាលពីខែ​កក្កដា ឆ្នាំ​២០១៧កន្លងទៅ​ ​មហាសេដ្ឋី​ធនាគារ​វៀតណាម​ម្នាក់ ត្រូវ​ចាប់ខ្លួន​ នៅ​​ទីក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។ នៅពេល​នោះ ​អាល្លឺ​ម៉ង់​ បាន​​ចោទថា ជាទង្វើ​របស់​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​​វៀតណាម ​ហើយ​និង​​​ចាត់ទុក​ថា ជាការ​រំលោភ​អធិបតីភាព​ដែន​ដី។

មេធាវី​ការពារ​ក្តី​របស់​លោក អាញ់ វូ បាន​ឲ្យដឹងដែរ​​​ថា​ មុន​ការ​ចាប់ខ្លួន​ កូន​ក្តី​របស់​គាត់ បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិភៀសខ្លួន​ទៅកាន់សហភាព​អឺរ៉ុប។ តាម​ប្រភព​មេធាវី​ដដែល​ នៅពេលនេះ ក្រុម​គ្រួសារ​របស់លោក អាញ់ វូ កំពុង​តែព្រួយ​បារម្ភ ខ្លាចក្រែង​អាជ្ញាធរសិង្ហបុរីសុខ​ចិត្ត​យល់ព្រមឲ្យ​​​​ធ្វើមាតុភូមិ​និវត្ត​ន៍​​​រូប​លោក ទៅ​​វៀត​ណាម។​

មាន​អាយុ៤២ឆ្នាំ លោក អាញ់ វូ គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​ ប្រចាំ​នៅ​ខេត្ត​ដាណាង ដែល​​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​៣ ហើយ​លោក​ក៏​ជា​អតីតចារកម្ម​ មាន​ឋានៈ រវសេនីយឯក។​ អាជ្ញាធរ​វៀតណាម​ បាន​​​បណ្តេញ​លោក​ចេញពី​តំណែង កាលពី​ឆ្នាំ​២០១៧ ដោយសារ​តែ​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​ នៅក្នុង​គម្រោង​អភិវឌ្ឍ​ នៅ​ខេត្ត​​ដាណាង​ និង​បាន​​ចោទ​ប្រកាន់ ពី​បទ​ទម្ងាយការសម្ងាត់​របស់​ជាតិ។ លោក អាញ់ វូ បាន​រត់​គេច​ខ្លួន​ ចូល​ទៅកាន់​ទឹក​ដី​សិង្ហបុរី នៅ​ថ្ងៃទី​២១ធ្នូ២០១៧ តែ​បាន​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ អាជ្ញាធរ​វៀត​ណាម​បាន​ប្រកាស​លុបលិខិត​ឆ្លងដែន​របស់​គាត់​ចោល​។

គួរ​បញ្ជាក់ថា ក្នុង​​ប្រតិបត្តិការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​មាន​ជាប់ពាក់ព័ន្ធ​ក្នុង​គម្រោង​អភិវឌ្ឍ​ នៅ​ខេត្ត​ដាណាង​​, ​វៀតណាម​បា​នចាប់ខ្លួន​មន្ត្រី​ធំៗ​ប្រមាណ​១០នាក់មកហើយ។ ​មហាសេដ្ឋី​ធនាគារម្នាក់ ដែល​ចាប់ខ្លួន​ពីក្រុង​បែរឡាំង នឹងត្រូវកាត់​ទោស​ក្នុង​ខែ​មករានេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ