អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អាមេរិក​លាលែង​ចេញ​ពីមុខតំណែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​បាន​រង​សម្ពាធ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ ទីបំផុត​ លោក​ Scott Blackmun ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​អាមេរិក​បាន​ប្រកាស​លាឈប់​ពី​មុខ​តំណែង។ សេចក្តី​សសម្រេច​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​ស្ថាប័ន​អូឡាំពិក​អាមេរិក​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំពោះ​អំពើ​បៀត​បៀន​ផ្លូវ​ភេទ​លើ​អត្តពលិកនារី​នៃ​ក្រុម​ជម្រើស​ជាតិ​អាមេរិក។​ ថ្មីៗ​នេះ រឿង​អាស្រូវ​​រំលោភ​បំពាន​ផ្លូវ​ភេទ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ពិភព​កីឡា​អត្តពលកម្ម​អាមេរិក។​ គ្រូពេទ្យ​ម្នាក់ប្រចាំ​សហព័ន្ធ​អត្តពលកម្ម​អាមេរិក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន​រយៈ​ពេល​១៧៥​ឆ្នាំ។​

លោក Scott Blackmun ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអាមេរិក
លោក Scott Blackmun ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអាមេរិក REUTERS
ផ្សាយពាណិជ្ជកម្ម

​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ​កន្លង​ទៅនេះ​ ប្រមុខ​ដឹកនាំ​វិស័យ​កីឡា​អាមេរិក​រូប​ គឺ​លោក​ Scott Blackmun បាន​ប្រកាស​លាឈប់​ពី​មុខ​តំណែង។​ មាន​អាយុ​ ៦០ឆ្នាំ បុរស​រូប​នេះ​​បាន​កាន់​កាប់​មុខ​តំណែង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អាមេរិក​អស់​រយៈ​ពេល៨ ឆ្នាំ។​ បើ​ទោះបី​ជា​គាត់​បាន​លើកយក​ហេតុ​ផល​សុខភាព​មក​បកស្រាយ ក៏​ដោយ​ ព្រោះ​​កន្លង​មក​ គាត់​ធ្លាប់​​មានអាការៈ​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ប៉ុន្តែ ការ​លាលែង​តំណែង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ដោយសារ​តែ​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​បំពាន​ផ្លូវភេទ​របស់​គ្រូពេទ្យ​ម្នាក់​ប្រចាំ​សហព័ន្ធ​អត្តពលកម្ម​អាមេរិក។

កាលពី​ដើមខែ​​កុម្ភៈ​កន្លង​នេះ​ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន​ពីរ​រូប​បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ ដើម្បី​ទាមទារ​ឲ្យ​លោក​ ​Scott Blackmun ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​អាមេរិកលាលែង​ចេញ​ពី​មុខ​តំណែង។​ នៅ​ក្នុង​ខ្លឹមសារ​លិខិត​នោះ​ សមាជិក​ព្រឹទ្ធ​សភាទាំង​ពីរ​រូប​នោះ​បាន​ផ្អែក​លើ​អំណះ​អំណាង​នៃ​អត្ថបទ​ស៊ើប​អង្កេត​មួយ​របស់​សារព័ត៌មាន​ Wall Street Journal។ បើ​យោង​តាម​សារព័ត៌មាន​ដ៏​ល្បី​ឈ្មោះ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អាមេរិក​បាន​ទទួល​ពាក្យ​បណ្តឹង​ជុំវិញ​ការ​​រំលោភ​បំពាន​ផ្លូវភេទ​​នេះ​ តាំង​ពីខែ​កក្ក​ដា​​ ​ឆ្នាំ២០១៥ ​មក​ម្ល៉េះ។​ ប៉ុន្តែ នាពេល​នោះ​ ថ្នាក់​ដឹកនាំ​អូឡាំពិក​អាមេរិកហាក់​ធ្វើ​ព្រងើយ​កន្តើយ​មិន​បាន​ធ្វើ​អន្តរាគមន៍​អ្វី​បន្តិចណា​ឡើយ។​

ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ចម្រូង​ចម្រាស​បែប​នេះ​ទើប​ប្រមុខ​អូឡាំពិក​អាមេរិក​បាន​សម្រេច​ចិត្ត​លាឈប់​ពីមុខ​តំណែង។​

សូម​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី២៤ ខែ​មករា​កន្លង​ទៅ​នេះ តុលាការ​ប្រចាំរដ្ឋ​ Michigan បាន​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​គ្រូពេទ្យ​ឈ្មោះ​ Larry Nassar ឲ្យ​ជាប់​​ពន្ធនាគារ​សរុប​រយៈ​ពេល​ ១៧៥ ឆ្នាំ។ គ្រូ​ពេទ្យ​ឯកទេសផែ្នក​ព្យាបាល​ឆ្អឹង​ដោយ​ម៉ាស្សា​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អត្តពលិក​នារី​អាមេរិកចំនួនប្រមាណ​ ២៦៥ នាក់​ក្នុង​រយៈ​ពេល​ ២២​ ឆ្នាំ​ចុង​ក្រោយ​នេះ។ ចន្លោះ​ពីឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៦ គ្រូពេទ្យ​រូប​នេះបាន​​បម្រើ​​ការ​ឲ្យ​សហព័ន្ធ​អត្តពលកម្ម​អាមេរិក, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អាមេរិក​ និង​សាកល​វិទ្យាល័យ​រដ្ឋ​ Michigan។​ ជន​រង​គ្រោះ​សុទ្ធសឹង​តែ​អត្តពលិក​នារី​ស្ថិត​ក្នុង​វ័យ​កុមារ​ ឬ​វ័យ​ជំទង់។

មាន​អាយុ៥៤ឆ្នាំ គ្រូពេទ្យ​រូប​នេះ​បាន​​ព្យាបាល​អត្តពលិកនារី​អាមេរិក​នៅ​គ្លីនិក​កីឡា​ប្រចាំ​សាកល​វិទ្យាល័យ​រដ្ឋ​ Michigan និងគ្លីនិក​ប្រចាំ​សហព័ន្ធ​អត្តពលកម្ម​អាមេរិក។​ ក្នុង​រយៈ​ពេល​ជួប​ព្យាបាល​អត្តពលិកនារី​ម្នាក់ៗ​ ដោយ​​យក​លេស​ត្រូវ​ធ្វើ​ម៉ាស្សាព្យាបាល​របួស​​ឆ្អឹង​ ឬ​ចង្កេះ ​គ្រូ​ពេទ្យ​ម៉ាស្សា​រូប​នោះ​តែង​បានឆ្លៀត​ឱកាស​ប៉ះពាល់ ឬ​ស្ទាប​អង្អែល​រាង​កាយ​ជន​រងគ្រោះ​។ រឿង​អាស្រូវ​នេះបាន​​ផ្ទុះ​ឡើង​ ក្រោយ​ពី​សារព័ត៌មាន​បាន​លាត​ត្រដាងកាលពី​ឆ្នាំ​២០១៦។ ក្រោយ​ពី​បាន​ចាប់​ខ្លួន​ គ្រូពេទ្យ​រូប​នោះ​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ក្តី​ចំនួន​បី​ដាច់​ដោយ​ឡែក​ពី​គ្នា។​ ក្នុង​ចំណោម​នោះ ​មាន​រឿង​ក្តី​​ពាក់​ព័ន្ធ​នឹង​ការ​​ផ្ទុក​រូបភាព​អាស​អាភាស​កុមារដោយ​​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៦០ ឆ្នាំ​។​

ចំពោះ​រឿង​ក្តី​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អត្តពលិកនារី​អាមេរិក​ សវនាការ​​បាន​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ។ នារី​ជាជន​រងគ្រោះ​ចំនួន​ ១៥៦ នាក់​បាន​ឡើង​មក​ធ្វើ​សក្ខីកម្ម​ជា​បន្ត​បន្ទាប់។​ នារី​រង​គ្រោះ​ទាំង​នោះ​សុទ្ធ​តែ​បាន​រៀបរាប់​ដូច​គ្នា​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ពី​សំណាក់​គ្រូពេទ្យ​រូប​នោះ។​ ដោយ​រង​ការ​ចោទ​ប្រកាន់​ចំនួន៧ករណី​ តុលាការ​ប្រចាំ​រដ្ឋ​ Michigan បាន​កាត់​ទោស​គ្រូ​ពេទ្យ​នោះ​ឲ្យ​ជាប់​ឃុំ​ពន្ធនាគារ​សរុប​១៧៥ ឆ្នាំ។​ បើ​យោង​តាម​សាលក្រម​តុលាការ​ ជន​ជាប់​ចោទ​គ្មាន​សិទ្ធិ​សុំ​ដោះលែង​ខ្លួន​ឲ្យ​មាន​សេរីភាព​​មុន​ពេល​បញ្ចប់​ទោស​ឡើយ។ ដោយ​យោង​តាម​ស្ថាន​ទម្ងន់​ទោស​ដ៏​ធ្ងន់​ធ្ងរ​នេះ​ ជនជាប់​ចោទ​រូប​នេះ​នឹង​ចំណាយ​ពេល​មួយ​ជីវិត​របស់​ខ្លួន​រស់នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​រហូត​ដល់​ថ្ងៃ​ស្លាប់។

សូម​រំលឹក​ជូន​ថា​ ​ក្រោយ​ពីមាន​ការ​ផ្ទុះ​រឿង​អាស្រូវ​រំលោភ​ផ្លូវ​ភេទ​ក្នុង​ពិភព​កីឡា​អត្តពលកម្ម​អាមេរិក ​សំឡេង​តវ៉ា​មក​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​បណ្តា​សហព័ន្ធ​កីឡា​អាមេរិក​។​ ពិសេស​ គឺ​ស្ថាប័ន​ជាតិ​អូឡាំពិក​អាមេរិកដែល​បាន​សំងំ​បិទ​ភែ្នក​បណ្តែត​បណ្តោយ​ឲ្យ​រឿង​រ៉ាវ​នេះ​កើត​ឡើង​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ។ គេ​កំពុង​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​គេ​អាច​​បណ្តែត​បណ្តោយ​ឲ្យ​គ្រូពេទ្យ​ម្នាក់​នេះ​ប្រព្រឹត្ត​អំពើ​រំលោភ​ផ្លូវភេទ​​លើ​អត្តពលិកនារី​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដោយ​ពុំ​មាន​ការ​ខ្វាយ​ខ្វល់អ្វី​បន្តិច​ឡើយ។

បច្ចុប្បន្ននេះ​​ លោកស្រី​ Susanne Lyons ​ត្រូវ​បាន​តែងតាំង​​បណ្តោះជា​ប្រធាន​អាសន្ន​គណៈកម្មាធិការជាតិ​​អូឡាំពិក​អាមេរិក។​ ស្របពេល​គ្នា​នេះ​ផង​ដែរ​ អ្នក​ទទួល​ខុស​ត្រូវ​ជា​ច្រើន​រូប​ប្រចាំ​សហព័ន្ធ​អត្តពលកម្ម​អាមេរិក​បាន​លាលែង​ចេញ​​ពី​មុខ​តំណែង​ជា​បន្ត​បន្ទាប់។​ ​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អាមេរិក​ ទាំង​សហព័ន្ធ​អត្តពលកម្ម​អាមេរិក​ កំពុង​តែ​បើក​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ។ ចំណែក​គ្រូ​បង្វិក​អត្តពលកម្ម​នៃ​ក្រុម​ជម្រើស​ជាតិ​នារីអាមេរិកក៏​​ត្រូវ​បាន​សហព័ន្ធ​ព្យួរ​មុខ​ងារ​បណ្តោះ​អាសន្ន​ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុងនេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ