rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សង្គ្រាម​ពាណិជ្ជកម្ម៖ ​អាមេរិកសម្រេចដាក់​ពន្ធគយ​​២០០ពាន់​លានដុល្លារ​​បន្ថែម​ទៀតចំពោះ​ទំនិញ​របស់​ចិន

media
ប្រធានាធិបតីចិន និង​អាមេរិក reuters

ថ្ងៃពុធទី​១១កក្កដា​នេះ រដ្ឋាភិបាល​អាមេរិក​របស់​លោក ដូណាល់​ ត្រាំ បា​ន​សម្រេច​ដាក់​ពន្ធ​គយ​ចំពោះ​មុខ​ទំនិញ​បន្ថែម​ទៀតរបស់​ចិន ដែល​សរុប​ទឹក​ប្រាក់​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ។ ការ​ដាក់​បន្ថែមរណាំង​ពន្ធគយ​នេះ គឺ​បន្ទាប់ពី​បាន​សម្រេច​ដាក់ពន្ធគយ​ពី​សប្តាហ៍​មុន​ ក្នុង​ទឹក​ប្រាក់​៥០ពាន់​លាន​ដុល្លារ​រួច​ម្តង​ហើយ។​ វិធានការថ្មី​​នេះ នឹង​សម្រេច​អនុវត្ត​នៅ​ខែ​កញ្ញាខាងមុខនេះ។


«ជាង​មួយ​ឆ្នាំហើយ ដែលរដ្ឋាភិបា​លអាមេរិក​បា​នស្នើឲ្យ​ចិន​បញ្ឈប់​ការ​រកស៊ី​ពាណិជ្ជកម្ម​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ ហើយឲ្យ​​បើក​ចំហ​ទីផ្សារ​ និង​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ទំនិញ​ដោយ​ស្មើភាព​គ្នា។​ ក៏ប៉ុន្តែ គួរ​​ឲ្យសោក​​ស្តាយ ចិន​មិន​ព្រម​កែប្រែផ្លាស់​ប្តូរ​ចរិត​សោះ»។ នេះ​ជាការ​បញ្ជាក់​របស់មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នៅ​ក្នុង​​សេចក្តីថ្លែងការណ៍មួយ។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ដដែល លើកឡើងទៀត​ថា ការ​ប្រតិកម្ម​ឆ្លើយ​តប​របស់​ចិន ដោយដាក់​ពន្ធគយ​ចំពោះ​ទំនិញ​អាមេរិក​ទៅ​លក់​នៅ​ចិន​នោះទៀត​សោត​ គឺ​ជា​រឿង​ដែល​គ្មាន​យុត្តិធម៌​ និង​ហាក់​ដូច​ជា​វិធានការ​មិន​សមហេតុ​ផល ពីភាគី​ចិន​។ ដូច្នេះហើយ ទើប​រដ្ឋបាល​របស់​លោក ត្រាំ បា​នសម្រេច​ដាក់​សម្រេច​ដាក់​ព​ន្ធគយ ដល់ទៅ​២០០ពាន់លានដុល្លារបន្ថែមទៀតចំពោះទំនិញរបស់ចិន នៅពេល​នេះ។

ជា​ប្រតិកម្ម​តបភ្លាមៗ ចំពោះ​ភាគី​ចិន ចំណាត់​ការ​របស់​រដ្ឋ​បាល​អាមេរិក​ គឺ​គ្មាន​អ្វី​ថ្មីទេ។ ចិនថា ចំណាត់​ការ​ជា​បន្តបន្ទាប់​របស់​អាមេរិក​ គឺជារឿង​ដែល​ពុំ​អាច​ទទួល​យក​បាន​នោះឡើយ​ ហើយ​ចិនយល់​ថា ចរិត​ធ្វើការ​ងារ​របស់​រដ្ឋាបាល​លោត្រាំ ក៏​​មិន​សម​ហេតុ​ផង​។ លើស​ពីនេះ ក្រសួង​ពាណិជ្ជកម្ម​ចិន បានព្រមាន​ទៅវិញ​ថា ចិន​នឹង​សងសឹង ឲ្យ​សក្តិ​សមបំផុត។ សូម​រម្លឹក​ជូនដែរថា កាលពី​ពេល​ដែល​អាមេរិក​ដាក់​ពន្ធគយ​ចំពោះ​ទំនិញ​ចិន​ពី​សប្តាហ៍​មុន ចិន​បា​នចោទ​អាមេរិក​ថា ជា​អ្នក​បង្ក​សង្គ្រាម​ពាណិជ្ជ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិ​សាស្ត្រ​។​ សង្គ្រាម​នេះ គឺ​ពុំ​មែន​ផ្តល់​ទុក្ខ​ទោស​តែ​ចំពោះ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះទេ តែ​វា​​នាំផលលំបាក​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល​តែ​ម្តង។

គួរ​ជ្រាប​ថា ​ច្បាប់​ថ្មី ដែល​កម្រិត​ពី​ចំនួន​ពន្ធ​លើទំនិញ​​របស់​ចិន​នាំ​ចូល​អាមេរិក និង​ដែល​ចូល​ជាធរមាន​ថ្មីនេះ​ គឺ​វាបាន​ប៉ះពាល់​ដល់​ផលិតផល​ទំនិញ​របស់​ចិន ដល់​ទៅ​៨១៨មុខ​ឯណោះ​។ អាមេរិក​របស់​លោក ត្រាំ យក​ពន្ធ​ ចំនួន​២៥ភាគរយទៅលើ​​ទំនិញរបស់​ចិន​ ​រាប់​ចាប់​តាំង​ពី ​សម្ភារៈ​ផលិត​ឡាន សម្ភារៈ​ផលិត​យន្តហោះ និង​បរិក្ខារ​របស់​កុំព្យូទ័រ​ជា​ដើម។ ចំណែក​វិធានការ​ថ្មី​លើកនេះទៀត អាមេរិក​ បា​នដំឡើងពន្ធលើទំនិញ​ចិន រាប់ចាប់តាំងពី​ ត្រីងៀត កង់ឡាន ក្រដាស ជាដើម។ ជារុប​ទាំងអស់​ គឺ​ក្នុង​តម្លៃ​ទឹក​ប្រាក់ ២៥០ពាន់លានដុល្លារ៕