អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី រឹតចំណងយោធាខ្លួន ជាមួយ អាហ្វ្រិកកណ្តាល  

ថ្ងៃទី​២១ ខែសីហា រុស្ស៊ីបានចុះកិច្ចព្រមព្រៀង ដែលពង្រឹងចំណងយោធាខ្លួន ជាមួយសាធារណរដ្ឋអាហ្វ្រិក​កណ្តាល។ ពិតជាក្នុងប្រទេសនេះ ដែលពេលថ្មីៗ មានប្រព្រឹត្តទៅឃាតកម្ម អ្នកកាសែតរុស្ស៊ី ៣ រូប ពេលគេធ្វើអង្កេតអំពីវត្តមានពួកទាហានស៊ីឈ្នួលរុស្ស៊ី នៅអាហ្វ្រិកកណ្តាល។ ទីនោះ​ ជា​ប្រទេសដែលម៉ូស្គូ បញ្ជូនទៅ ទាំងអាវុធ ទាំងពួកគ្រូបង្វឹកយោធា។

ជំនួប​នៅ​អាហ្វ្រិកកណ្តាល
ជំនួប​នៅ​អាហ្វ្រិកកណ្តាល AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងនេះ ដែលភិនភាគវា ឥតបានត្រូវលម្អិតឲ្យដឹងឡើយ គឺទម្រង់ទៅរួមវិភាគទាន ក្នុងបុព្វហេតុពង្រឹងចំណងរវាងប្រទេសយើងទាំងពីរ ក្នុងវិស័យការពារប្រទេស។ សេចក្តីនេះ គូសបញ្ជាក់ ដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei Shoigou  ក្រោយពីពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាល ជាមួយសមភាគីអាហ្វ្រិកកណ្តាល គឺ​លោកស្រី Marie-Noelle Koyara ។

អាហ្វ្រិកកណ្តាល ជា”ដៃគូប្រកបដោយទស្សនវិស័យរបស់រុស្ស៊ី នៅទ្វីបអាហ្វ្រិក”។ នេះបើតាមសម្តី​លោក  Shoigou  ដែលវត្តមានក្នុងពិធីសម្ពោធន៍ វេទិកាយោធាអន្តរជាតិ តាំងបង្ហាញសព្វាវុធប្រទេសជាច្រើនទៀត មាន ចិន ឥណ្ឌា តួកគី ជាដើម ប្រព្រឹត្តទៅនៅទីប្រជុំជន Koubinka ចម្ងាយ ៦៥ គីឡូម៉ែត្រ និរតីពីរដ្ឋធានីម៉ូស្គូ។

ចំណែកលោកស្រី Koyara បានឲ្យដឹងថា ឯកសារដែលចុះនោះ ក៏ចែងអំពីការជួយបណ្តុះបណ្តាល ដោយ រុស្ស៊ី ជា កងទ័ពជាតិរបស់អាហ្វ្រិកកណ្តាល។

គិតតាំងពីដើមឆ្នាំនេះមក រុស្ស៊ីបានបញ្ជូនទៅអាហ្វ្រិកកណ្តាល គឺ នាយទាហានរុស្ស៊ី ៥ នាក់ និង គ្រូបង្វឹកស៊ីវិល១៧០នាក់ ព្រមទាំងបានផ្តល់អាវុធទៅបំពាក់កងទ័ពជាតិប្រទេសនោះ ស្របនឹងភ្លើងខៀវពី ខាង អ.ស.ប.។ រុស្ស៊ី ក៏បានធានារ៉ាប់រង ការពារសុវត្ថិភាព រូបប្រធានាធិបតី Faustin-Archange Touadéra ដែលមានទីប្រឹក្សាសន្តិសុខរបស់គាត់ គឺ យោធាទៅពីរុស្ស៊ី តែម្តង។

 

ក្រុមអ្នកជំនាញ បានកំណត់អត្តសញ្ញាណ” ពួកគ្រូបង្វឹកស៊ីវិល” នោះ ដែលបញ្ជូនទៅដោយម៉ូស្គូ ថាជា ពួកទាហានស៊ីឈ្នួល នៃក្រុមហ៊ុនយោធាឯកជនរុស្ស៊ីដ៏ខ្លាំងក្លា ក្រោមឈ្មោះថា Wagner ដែលគ្មានអត្ថិភាព ស្របច្បាប់ទេ ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែដែលប៉ុន្មានឆ្នាំចុងក្រោយ បានលេចចេញជារូបរាង ក្នុងប្រទេសស៊ីរី។

គឺក្នុងយប់ឆ្លងចូលថ្ងៃទី៣១ កក្កដា ដែលអ្នកកាសែតរុស្ស៊ី ៣ រូប ត្រូវបានបាញ់សម្លាប់ ដោយពួកជនប្រដាប់ អាវុធ នៅតំបន់ខាងជើងអាហ្វ្រិកកណ្តាល ពេលគេធ្វើអង្កេតអំពីសកម្មភាពក្រុមហ៊ុន Wagner នោះ ស្របតាមគម្រោងរបស់គូប្រឆាំងលោកពូទីន គឺ អតីតមហាសេដ្ឋីឈ្មោះ Mikhail Khodorkovski សព្វថ្ងៃរស់នៅក្នុងស្ថានភាពនិទេស។

ការចូលខ្លួនកាន់តែជ្រៅ របស់រុស្ស៊ី នៅអាហ្វ្រិកកណ្តាល ជាភាគមួយនៃយុទ្ធសាស្ត្រក្រេមឡាំង ខាងដណ្តើមយកវិញ ទីតាំងភូមិសាស្ត្រ-នយោបាយ និង សេដ្ឋកិច្ច នៅទ្វីបអាហ្វ្រិក។

ពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង លោកប្រមុខយោធារុស្ស៊ី បានរំលឹកអំពី ចំណង ដែលធ្លាប់បាន ភ្ជាប់ អាហ្វ្រិកកណ្តាល និង សហភាពសូវៀត ក្នុងទសវត្សរ៍ ទី៦០ និងទី៧០ ដែលកាលណោះ មាន ទីប្រឹក្សា សូវៀត ធ្វើការនៅទីនោះ ដល់ទៅ ១៥០ នាក់។

ថ្ងៃទី២១ សីហា ដែល​ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានចុះកិច្ចព្រមព្រៀងយោធា ជាមួយប្រទេស Burkina Faso  ដោយចាត់ទុកប្រទេសនេះ ជា” ដៃគូប្រកបដោយទស្សនវិស័យ” ជាអាទិ៍ ក្នុងវិស័យប្រយុទ្ធទល់នឹងភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ