អានតួអត្ថបទ
អាមេរិក-អ៊ុយរូហ្គាយ

អាមេរិក​បាន​បញ្ជូន​អ្នកទោស ៦នាក់​នៅ​ពន្ធនាគារ Guantanamo ទៅកាន់​ប្រទេស​អ៊ុយរូហ្គាយ

នៅ​ថ្ងៃ​អាទិត្យ ទី៧ ធ្នូ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បញ្ជូន​អ្នកទោស​ចំនួន ៦នាក់​ពី​ពន្ធនាគារ Guantanamo ក្នុង​ប្រទេស​គុយបា​ទៅ​កាន់​ប្រទេស​អ៊ុយរូហ្គាយ។ អ្នកទោស​ទំាង ៦នាក់​ដែល​បាន​ជាប់​ក្នុង​គុក Guantanamo តំាង​ពី ១០ឆ្នំា​មក​ហើយ​នោះ មាន​ជនជាតិ​ស៊ីរី​ចំនួន ៤នាក់ ទុយនីស៊ី​ម្នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ប៉ាឡេស្ទីន។ ការ​បញ្ជូន​អ្នកទោស​នៅ Guantanamo ទៅ​កាន់​ប្រទេស​អ៊ុយរូហ្គាយ​ពេល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​ម៉ុងតេវីដេអូ។

ពន្ធនាគារ Guantanamo ក្នុង​ប្រទេសគុយបា
ពន្ធនាគារ Guantanamo ក្នុង​ប្រទេសគុយបា Creative commons
ផ្សាយពាណិជ្ជកម្ម

យោង​តាម​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​អ៊ុយរូហ្គាយ អ្នកទោស​ទំាង ៦នាក់​នឹង​ត្រូវ​ទទួល​ស្វាគមន៍​ដូច​ជា​ជនភៀសខ្លួន​ផ្សេង​ទៀត​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​អ៊ុយរូហ្គាយ​ដែរ មាន​ន័យ​ថា ពួក​គេ​នឹង​ទទួល​បាន​ទីកន្លែង​ស្នាក់នៅ អាច​បំពេញ​ការងារ និង​មាន​សិទ្ធិ​ទទួល​ជំនួយ​សង្គម​ផ្សេងៗ។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​អ៊ុយរូហ្គាយ​ពីពី មូយីកា អ្នកទោស​ទំាង​នោះ​អាច​នឹង​ចាកចេញ​ពី​ប្រទេស​អ៊ុយរូហ្គាយ​នៅ​ពេល​ណា​ក៏​បាន ប្រសិន​បើ​ពួក​គេ​ចង់​ចេញ ពោល​គឺ​ខុស​ពី​ការ​ទាមទារ​ចង់​បាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដែល​តម្រូវ​ឲ្យ​ពួក​នេះ​ត្រូវ​ស្នាក់នៅ​ក្នុង​ប្រទេស​អ៊ុយរូហ្គាយ​យ៉ាង​តិច ២ឆ្នំា​នោះ។

គួរ​ជម្រាប​ជូន​ថា លោក​ប្រធានាធិបតី​អ៊ុយរូហ្គាយ​ពីពី មូយីកា​ដែល​ជា​អតីត​ឧទ្ទាមទ័ពព្រៃ និង​ដែល​អណត្តិ​របស់​លោក​ត្រូវ​ចប់​ឆាប់ៗ​ខាង​មុខ​ធ្លាប់​បាន​ចេញ​មុខ​ទាមទារ​ឲ្យ​ទ្វីប​អាមេរិកឡាទីន​ទទួល​យក​អ្នកទោស​នៅ Guantanamo។ រីឯ​លោក​តាបារ៉េ វ៉ាកេ​ដែល​ត្រូវ​ស្នង​តំណែង​ពី​លោក​មូយីកា​ក៏​បាន​គំាទ្រ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​ចាត់​ទុក​ជា​ទង្វើ​មនុស្សធម៌​សុទ្ធសាធ។ ដោយឡែក លោក​មូយីកា​បាន​រម្លឹក​ជា​ថ្មី​ថា គោលបំណង​របស់​លោក​ក្នុង​ការ​ទទួល​យក​អ្នកទោស​នៅ Guantanamo គឺ​ដើម្បី​ជួយ​លោក​អូបាម៉ា​ដែល​បាន​សន្យា​បិទ​ពន្ធនាគារ​យោធា Guantanamo ក្នុង​ប្រទេស​គុយបា​ដ៏​ចម្រូងចម្រាស។ គឺ​ជា​គុក​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី Georges W.Bush បាន​បង្កើត​ឡើង​សម្រាប់​ដាក់​ពួក​ភេរវជន។ កន្លង​មក កម្មវត្ថុ​របស់​លោក​អូបាម៉ា​ដែល​ចង់​យក​អ្នកទោស​នៅ Guantanamo ទៅ​ឃុំឃំាង​នៅ​ពន្ធនាគារ​ក្នុង​ទឹកដី​អាមេរិកំាង​បាន​ប្រឈម​នឹង​ការ​ជំទាស់​យ៉ាង​ខ្លំាង​ពី​សភា។

តែ​លោក​ប្រធានាធិបតី​អ៊ុយរូហ្គាយ​បាន​បញ្ជាក់​ថា លោក​បាន​សុំ​ជា​ថ្នូរ​ពី​អាមេរិក​វិញ ឲ្យ​បញ្ឈប់​ការ​ដាក់ទ័ណ្ឌកម្ម​លើ​ប្រទេស​គុយបា ព្រម​ទំាង​ដោះលែង​អ្នកទោស​ចំនួន ៤នាក់ ពិសេស​ជនជាតិ​គុយបា ៣នាក់​ជា​សមាជិក​របស់​ក្រុម « Cuban five » ដែល​ត្រូវ​បាន​អាមេរិក​កាត់ទោស​ក្នុង​ឆ្នំា ១៩៩៨ ពី​បទ​ធ្វើ​ចារកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ