rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សេតវិមានអាមេរិក​ចេញផ្សាយខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោកដូណាល់ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន

ដោយ ហេង ឧត្តម

សេតវិមានចេញផ្សាយខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន។ កិច្ចសន្ទនានេះ​ ដែលជាមូលហេតុចម្បងនាំឲ្យសភាសម្រេចបើកនីតិវិធីស៊ើបអង្កេតឈានទៅទម្លាក់លោកដូណាល់ត្រាំពីតំណែង។ ដូច្នេះ​ថា​តើ​ប្រមុខរដ្ឋ​ទាំង​ពីរ​បាន​ជជែក​គ្នា​ពីរឿងសំខាន់ៗ​​អ្វីខ្លះ?

​ហេតុអ្វី​សេតវិ​មាន​ផ្សាយ​ខ្លឹម​សារ​នៃកិច្ច​សន្ទនាតាមទូរស័ព្ទនេះ​?

ប្រធាន​នគរបាល​ស៊ើប​ការ​ណ៍​សម្ងាត់ ​CIA លោក Pfeiffer​ ​បញ្ជាក់ថា ការ​ថត​សំឡេង​របស់​ប្រធានាធិបតី​អាមេរិកទុក គឺ​ត្រូវគេ​ឈប់​ធ្វើ​តាំងពីរយូរ​មកហើយ។ ហើយ​ការ​ផ្សាយ​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា នៅពេល​នេះ គឺធ្វើ​តាម​បញ្ជា​របស់​លោក ដូណាល់ ត្រាំ​។ ការ​ផ្សាយ​នេះ​ គឺ​ផ្អែក​លើ​​កំណត់​ត្រា​ដែល​សរសេរ​ឡើងវិញ តាម​ការស្តាប់ឮ​​និង​ការ​សង្ខេប​របស់​មន្ត្រី​នៃ​សេតវិមាន​។ នៅ​លើ​កំណត់ត្រានោះ ក៏​គេ​មើលឃើញ​មាន​កន្លែង​ខ្លះ ក៏​បញ្ជាក់ដែរថា «ស្តាប់មិន​​ឮមិន​ដឹង​ថា​ម៉េច» (Inaudible)​​។

តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​សេតវិមាន ការ​សន្ទានា​តាម​ទូរសព្ទ​រវាង​ប្រមុខ​រដ្ឋ​ទាំង​ពីរ គឺ មាន​រយៈ​ពេល​៣០នាទី​គត់​តែម្តង គឺចាប់ផ្តើម​ពីម៉ោង​៩និង៣នាទី រហូត​ដល់​ម៉ោង​៩និង​៣៣នាទី ហើយ​ការ​សន្ទ​នា​នេះ គឺ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥កក្កដាឆ្នាំ​២០១៩​។ ពោល​គឺតែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ដែល​លោក Volodymyr Zelensky ​បានឈ្នះ​សំឡេង​ភាគ​ច្រើន ​នៅ​សភា​អ៊ុយក្រែន​។  

ពី​ដំបូង​ឡើយ ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​អបអរសារទ​ចំពោះ​ជោគជ័យ​យ៉ាង​សម្បើម​អស្ចារ្យ​របស់​លោក Zelensky ដែល​ជា​តារា​សម្តែង​ភាពយន្តដ៏​មាន​ប្រជាប្រិយភាព​ និងបាន​ក្លាយ​​ជា​ប្រធានាធិបតី​វ័យ​ក្មេង​ថ្មី​របស់​អ៊ុយ​ក្រែន។

ចំណែក​លោក Zelensky ក៏​បាន​ឆ្លើយ​អរគុណ​លោក​ត្រាំ ​យ៉ាង​ច្រើន ដោយ​រម្លឹក​ថា លោក​ ត្រាំ ខំប្រឹង​ហៅទូរសព្ទ​មក​រកលោក និងបាន​​កោតសរសើរ​រូប​លោក​ដល់ទៅពីរដង។ ម្តងពេល​ លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ហើយ​ម្តងទៀត ក្រោយ​គណ​បក្ស​របស់​លោកឈ្នះ​សំឡេង​ភាគច្រើន​នៅរដ្ឋ​សភា។ លោកប្រធានាអ៊ុយក្រែន​និយាយ​បែប​លេងសើច​ផងថា បើ​ដូច្នេះ រូប​គាត់​​នឹង​ត្រូវ​ខំប្រឹង​ប្រកួតយកឈ្នះ​​ក្នុង​ការ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ដង​តទៅទៀត ដើម្បី​បាន​លោកត្រាំ ហៅ​ទូរសព្ទ​ទៅ​បា​នញឹកញាប់​ផង។ ភាគីទាំង​ពីរ​​ក៏​សើច​ព្រម​។

ការ​និយាយ​គ្នា​មា​នវែង​តទៅទៀត តែ​បើ​យើង​សរុប​ជារួម​មក មា​នរឿង​ពីរ​សំខាន់ខ្លាំង​ គឺទី១ លោកទាំង​ពីរ និយាយ​ឌឺដង​រិះ​គន់សហភាព​អឺរ៉ុប​​ពីការ​មិន​អើពើ ឬមិន​ឈឺឆ្កាល​ឱ្យ​ដិតដល់​​ចំពោះ​អ៊ុយក្រែន ហើយ​ទី២ គឺ​រឿង​ដែល​លោក​ដូណាល់ ត្រាំ​ ពឹងស្នើ​​ឱ្យ​អ៊ុយក្រែង​ស៊ើប​អង្កេត​សំណុំរឿង​ពុក​រលួយ​របស់​កូន​ប្រុស​លោក Joe Biden ដែល​ជាគូប្រជែក​របស់​លោក ត្រាំ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នាពេល​ខាងមុខនេះ​។​

​លោក ដូណាល់​ ត្រាំ «ពឹងស្នើ​»ឱ្យ​សមភាគី​អ៊ុយក្រែន​បើ​ក​ការ​អង្កេត​ចំពោះ​រឿង​ពុក​រលួយ​នៃកូន​ប្រុស​របស់លោក​ Joe Biden

នៅក្នុង​កិច្ចសន្ទនានោះ លោក ដូណាល់ ត្រាំ ពិត​ជា​បាន​ស្នើ​ឱ្យលោក Zelensky សើរើ​មើល​ឡើងវិញ ពី​ករណី​ប្រព្រឹត្ត​រឿង​ពុករលួយ​ទៅ​​លើ​ក្រុមគ្រួសារ​របស់​​លោក​ Joe Biden ពិសេស​កូនប្រុស​លោក​ Biden ​ឈ្មោះ ​Hunter Biden ដែល​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយក្រែន​ តាំង​ពី​ឆ្នាំ ២០១៤។ កាលពី​ជំនាន់​នោះ លោក​ Joe Biden គឺធ្វើ​​ជាអនុប្រធានាធិបតីអាមេរិក ​ក្នុង​អាណត្តិដឹកនាំ​​របស់​លោក បារ៉ាក់ អូបាម៉ា។

​បើ​តាម​លោក ដូណាល់​ ត្រាំ, លោក Joe Biden បាន​ដាក់​សម្ពាធ​ដល់​រដ្ឋអាជ្ញា​អ៊ុយ​ក្រែន ឱ្យ​បិតបាំង​និង​លុប​ចោល​រឿង​ក្តី​ទាំងអស់ ហើយ​លោកត្រាំ ថែមទាំង​លើកឡើង​ទៀតថា លោក Hunter Biden បាន​ចាកចេញពី​អ៊ុយក្រែន ដោយ​នាំមកជាមួយ​លុយ​រាប់​លាន​ដុល្លារ ដែល​ជា​លុយ​ពុករលួយ ដូច្នេះ​បើ​អ៊ុយក្រែន​ស៊ើប​អង្កេត​ករណី​ពុករលួយ​នេះ គឺ​ជារឿង​ល្អ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែង​ផង។

ពី​ចំណែខ្លួន លោក Zelensky ឆ្លើយ​បក​វិញថា លោក​អាច​នឹង​តែងតាំង​អគ្គ​រដ្ឋ​អាជ្ញា​ ដើម្បី​ស៊ើរសើរើ​រឿងកខ្វក់​​នេះ ពីព្រោះថា ក្រុម​គណបក្ស​របស់​លោក ​មាន​សំឡេង​ភាគ​ច្រើន​នៅសភា ហើយ​ក្នុង​តំណែង​លោក​ជា​ប្រធានាធិបតី​អ៊ុយក្រែន​ស្រាប់ គឺរឿង​តែងតាំង​អគ្គ​រដ្ឋ​អាជ្ញា​សម្រាប់​ស៊ើប​អង្កេត​ គឺជារឿង​ងាយ​នោះទេ។ ហើយ​លោក Zelensky ធានាអះអាង​ចំពោះ​លោក ដូណាល់ ត្រាំ ថាបញ្ហា​នេះ ទុកចិត្ត​លើ​រូប​លោកចុះ ព្រោះអ៊ុយក្រែង​មាន​សុទ្ធតែ​មនុស្ស​ខ្លាំងៗ ជំនាញ​ខាង​រឿង​នេះ។

ពីខ្សែទូរសព្ទ​ម្ខាង​ទៀត លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ប្រធានាធិបតី​អ៊ុយក្រែងថា លោក​នឹង​ផ្តាំ​ឱ្យ​លោក ជីអ៊ុយលីយ៉ានី Giuliani ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក និង​លោករដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ William Barr ទាក់​ទៅ​ទៅ​លោក Zelensky ដើម្បី​ធ្វើ​កិច្ចការដ៏​សំខាន់​នេះ និង​ដែល​ជា​ការ​ពឹង​ពាក់​ផ្ទាល់​របស់​លោកប្រធានាធិបតី ដូណាល់​ ត្រាំ។

ការ​ជជែក​សន្ទនា​តាម​ទូរសព្ទ​រវាង​ប្រមុខ​រដ្ឋ​ទាំង​នេះ បាន​ល្អូក​ល្អិន និង​ត្រូវ​រូវ​គ្នាណាស់។ ប្រធានាធិបតីទាំងពី​រ​ថែមទាំង​ចង់​ជួប​គ្នា​ដោយ​ផ្ទាល់​​តែម្តង។ ពីម្ខាង លោក ត្រាំ ចង់​អញ្ជើញ លោក Zelensky មក​សេតវិមាន​អាមេរិក​ ហើយ​ម្ខាងទៀត លោក Zelensky ក៏​ចង់​អញ្ជើញ​លោក ត្រាំ ទៅ​វិមាន​របស់​លោកវិញដែរ នៅក្រុង គៀវ។

ប្រធានាធិបតីអាមេរិក​និងប្រធានាធិបតីអ៊ុយក្រែន ​រិះគន់ចាស់ដៃ​​​​ចំពោះថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប

ក្នុង​ការ​ឆ្លើយឆ្លងតាមទូរសព្ទ​នោះ, ពី​ខាង​ប្រធានាធិបតីអាមេរិក, ​លោកដូណាល់ ត្រាំ​ ពន្យល់​លោកប្រធានាធិបតីអ៊ុយក្រែនថា ​សហ​គម​អឺរ៉ុប បា​នត្រឹម​តែ​និយាយ​ តែបើ​សាច់​ការជាក់ស្តែង ​គឺគ្មាន​បាន​អ្វីសោះ​។ ​លោក ត្រាំ និយាយ​ចំៗឈ្មោះ​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​តែម្តង ថា​លោកបាន​ជជែក​ជាមួយ​លោកស្រី​អធិការ​បតី អង់ហ្គឺឡា ម៉ាក់គែល ពី​សំណុំ​រឿង​អ៊ុយ​ក្រែន ដែល​ត្រូវ​រុស្ស៊ី​ឈ្លាន​ពាន​យក​ទឹក​ដី​គ្រីមេ។ ​លោកត្រាំថា លោក​ស្រី ​ម៉ាក់គែល បាន​ត្រឹមតែ​សម្តី តែគ្មាន​បាន​ធ្វើ​អ្វី​សម្រាប់​អ៊ុយក្រែនទេ ហើយប្រទេស​ផ្សេងទៀត​នៅ​សហគមអឺរ៉ុប​ ក៏​ដូចគ្នាអ៊ីចឹង​ដែរ។​ លោក ដូណាល់ ត្រាំ ថែមទាំងបាន​លើកសរសើរ​អាមេរិករបស់ខ្លួន​គាត់ ថាគឺមា​នតែ​អាមេរិក​ទេ ដែល​ជួយ​អ៊ុយក្រែនច្រើន​ជាង ច្រើន​ជាង​នរណា​ៗទាំង​អស់ និងថា អាមេរិក​ប្រឹង​ប្រែង​ច្រើន​ និង​ចំណាយ​ពេល​ច្រើន​ណាស់ ដើម្បី​ជួយ​អ៊ុយក្រែន​។​

ពីចំណែកប្រធានាធិបតីអ៊ុយក្រែនវិញ, លោក Volodymyr Zelensky ក៏​បាន​ឆ្លើយត​ប​ថា​លោក​ឯកសារ​ភាព​នឹង​ប្រសាសន៍​របស់​លោក ដូណាល់ ត្រាំ ១០០ភាគរយ និងថាលោកត្រាំ​និយា​យត្រូវ ១ពាន់​ភាគ​រយឯណោះ​​។ លើសពីនេះ លោក Zelensky ថាលោក​ក៏បាន​ជួបនិង​ជជែក​ជាមួយ​ប្រធានាធិបតីបារាំងលោក អេម៉ាណុយអែល ម៉ាក្រុង ​ដែរ ហើយ​ថ្នាក់ដឹក​នាំ​អឺរ៉ុប​ថា មិន​អាច​ជួយ​អ្វី​ទៀត​ក្រៅតែពី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ហើយ​ចំពោះ​ទណ្ឌកម្ម​នោះសោត ក៏​មិនសូវ​ខ្លះ និង​មិន​បាន​អនុវត្ត​ឱ្យ​តឹង​រឹង​ទៅទៀត។

ក្រៅពី​រិះគន់​ថ្នាក់ដឹកនាំ​សហគមអឺរ៉ុប លោក Zelensky បាន​អរគុណ​អាមេរិក​ជាអនេកប្បការ ហើយ​លោកថា អ៊ុយក្រែន​ បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បីទិញ​អាវុធ​អាមេរិក ដើម្បី​ការពារ​ខ្លួន ទប់​ទប់​នឹងការ​យារយី​ពី​​រុស្ស៊ី។

កិច្ចសន្ទនានេះ គឺធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំទាំងពីរ កំពុង​ប្រឈម​មុខ​នឹងការ​លំបាក​រៀង​ខ្លួន។ ចំពោះលោក ដូណាល់ ត្រាំ ត្រូវរដ្ឋ​សភាបើ​កនីតិវិធី​ស៊ើបអង្កេត ដើម្បី​រកផ្លូវ​ទម្លាក់​ប្រធានាធិបតី​។​ ចំណែកលោក Zelensky ត្រូវគេ​ចាត់ទុកថា​ «ជាការ​អាមាស់​បំផុត​សម្រាប់​អ៊ុយក្រែន»៕​

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី