ការស៊ើបអង្កេតរឿងរុស្ស៊ីលូកដៃចូលការបោះឆ្នោតអាមេរិកឈានដល់ដំណាក់កាលថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៩
ការស៊ើបអង្កេតទាក់ទងការលូកដៃរបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦ បានឈានចូលដំណាក់កាលថ្មី។ សារព័ត៌មានអាមេរិកបានចុះផ្សាយថា លោក Robert Mueller ជារដ្ឋអាជ្ញាពិសេសអាមេរិក ដែលមានតួនាទីស៊ើបអង្កេតសំណុំរឿងនេះ បានរៀបចំបង្កើតក្រុមអង្គជំនុំជម្រះមួយ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាក្រុមការងារមានសមាសភាពចេញមកពីប្រជាជនស៊ីវិល។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ចេញកំហឹងជាថ្មីជុំវិញសំណុំរឿងស៊ើបអង្កេតនេះ ដោយបានចោទថា វាជារឿងប្រឌិតឡើងទាំងស្រុង។
សំណុំរឿងស៊ើបអង្កេតពីការលូកដៃរបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ឈានចូលដំណាក់កាលថ្មី
សំណុំរឿងស៊ើបអង្កេតនេះប្រហែលជាកំពុងវិវត្តន៍ទៅមុខ រឺមានតម្រុយអ្វីមួយ ទើបមានការចុះផ្សាយថា រដ្ឋអាជ្ញាពិសេសអាមេរិក បានបង្កើតក្រុមអង្គជំនុំជម្រះ សម្រាប់សំណុំរឿងនេះ។ ក្រុមការងារអង្គជំនុំជម្រះនេះ កើតចេញពីប្រជាជនស៊ីវិល។ ក្រុមការងារនេះត្រូវជជជែកគ្នា វិភាគពិនិត្យលើសំណុំឯកសាររបស់រដ្ឋអាជ្ញា ដើម្បីសម្រេចថា តើពិតជាអាចអោយមានការជាប់ពិរុទ្ធបានទេ។ ការងាររបស់ក្រុមអង្គជំនុំជម្រះមួយនេះ គឺធ្វើក្នុងបន្ទប់បិទជិត មិនអនុញ្ញាតអោយអ្នកកាសែតចូលទៅយកព័ត៌មានទេ។ កាសែតWall Street Journal, Washington Post និង New York Times បាននាំគ្នាចុះផ្សាយថា រដ្ឋអាជ្ញាពិសេសអាមេរិក គឺលោក Robert Mueller ទើបបានរៀបចំក្រុមការងារនេះឡើង នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ។ រដ្ឋអាជ្ញាពិសេស Robert Mueller អាចពឹងពាក់ក្រុមអង្គជំនុំជម្រះនេះ ដើម្បីពង្រីកការស៊ើបអង្កេត រឺក៏ចេញដីកាអោយចូលមកបំភ្លឺជាដើម។
លោក Robert Muellerជាអតីតនាយកអេហ្វប៊ីអាយមួយរូប។ លោកត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេសកាលពីខែឧសភា អោយស៊ើបអង្កេតរឿងរុស្ស៊ីលូកដៃចូលការបោះឆ្នោតអាមេរិក និងរឿងដែលក្រុមការងាររបស់លោកដូណាល់ ត្រាំ អាចជាប់ពាក់ព័ន្ធនឹងរុស្ស៊ីនេះដែរ។ សំណុំរឿងទាំងនេះជារឿងរសើប លោកត្រាំច្បាស់ជាមិនពេញចិត្តដែលឃើញលោកមូលឡឺ អតីតនាយកអេហ្វប៊ីអាយ ត្រូវមកធ្វើការស៊ើបអង្កេតរឿងនេះទេ។ ការដែលលោកRobert Mueller អាចរហូតបង្កើតសមាសភាពអង្គជំនុំជម្រះ ចេញពីសង្គមស៊ីវិល ជាសញ្ញាថា ការស៊ើបអង្កេតកំពុងវិវត្តន៍ទៅមុខ រឺក៏អាចមានតម្រុយថា មានការបំពានផ្លូវច្បាប់ណាមួយ។ ពេលនេះ សមាជិករដ្ឋបាលលោកត្រាំ រឺក៏អតីតសមាជិកណាមួយរបស់លោកត្រាំ អាចនឹងត្រូវកោះហៅអោយទៅធ្វើសាក្សី រឺផ្តល់ឯកសារណាមួយបាន។
ត្បិតថា លោកដូណាល់ ត្រាំ បដិសេធម្តងហើយម្តងទៀត ថាក្រុមការងារលោកមិនជាប់ពាក់ព័ន្ធនឹងរុស្ស៊ី ក៏គេពិបាកជឿដែរ។ មានហេតុការណ៍ និងរឿងរ៉ាវជាច្រើនដែលបែកធ្លាយមក តាំងពីលោកត្រាំឡើងកាន់អំណាច ធ្វើអោយគេកាន់តែសង្ស័យបកទៅលោកត្រាំវិញ។ ឧទាហរណ៍ រឿងកូនប្រុសច្បងលោកត្រាំ ជួបស្ត្រីមេធាវីរុស្ស៊ី កាលពីឆ្នាំមុនអញ្ចឹង ជំនួបនេះបានកើតឡើងក្នុងពេលអាមេរិកកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយមានទាំងវត្តមានកូនប្រសាលោកត្រាំ និងវត្តមានអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតដែរ។ កាសែត ញូវយក ថែមស៍ ផ្សាយថា ជំនួបនេះគឺដើម្បីទទួលបានព័ត៌មានមិនល្អទាក់ទងលោកស្រីហ៊ីលឡារី គ្លីនតុន ដែលជាគូប្រជែងកៅអីប្រធានាធីបតីរបស់លោកត្រាំ។ អញ្ចឹងទៅ គេរឹតតែសង្ស័យទៅទៀតថា ក្រុមការងារលោកត្រាំពិតជាមានពាក់ព័ន្ធនឹងរុស្ស៊ីមែនហើយ ហើយរុស្ស៊ីអាចនឹងជួយផ្តល់ព័ត៌មានធ្វើបាបលោកស្រីគ្លីនតុន ដើម្បីជ្រោមជ្រែងលោកត្រាំអោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ឧទាហរណ៍មួយទៀត កាលពីខែឧសភា លោកត្រាំបានបណ្តេញលោកចេម ខមី ជានាយកអេហ្វប៊ីអាយ ពីតំណែងទៀតផង ទាំងដឺងថា លោកខមីស៊ើបអង្កេតរឿងដែលថា ក្រុមការងារលោកត្រាំអាចពាក់ព័ន្ធនឹងរុស្ស៊ីនេះ។
ព្រឹទ្ធសភាអាមេរិកចង់ការពាររដ្ឋអាជ្ញាពិសេស Robert Mueller
សំណុំរឿងរុស្ស៊ីជារឿងក្តៅគគុក សំណុំរឿងស៊ើបអង្កេតនេះ ដាក់សម្ពាធលើលោកRobert Mueller ជារដ្ឋអាជ្ញាពិសេស។ ព្រឹទ្ធសភាចង់ការពារតំណែងលោក Mueller។ ដើម្បីការពារកុំអោយប្រធានាធិបតីអាមេរិក បណ្តេញលោករដ្ឋអាជ្ញាពិសេសនេះបាន ម្សិលមិញនេះ សមាជិកព្រឹទ្ធសភា២រូបបានបង្ហាញគម្រោងច្បាប់ការពារលោក។ ករណីលោកត្រាំបណ្តេញលោកចេញពីតំណែង ឧទាហរណ៍ក្រោមមូលហេតុថា ដេញលោកដោយសាររឿងផលប្រយោជន៍ផ្ទាល់ខ្លួន ចៅក្រម៣រូបអាចសម្រេចថា អោយលោកនៅតែបន្តមុខងារលោកតទៅទៀតបាន។
មួយរយៈចុងក្រោយនេះ លោកដូណាល់ ត្រាំ តាមរករឿងលោក ចេហ្វ សេសស្យុន Jeff Sessions ជារដ្ឋមន្ត្រីយុត្តិធម៌មិនតិចទេ ដោយសារលោកចាត់ទុករដ្ឋមន្ត្រីយុត្តិធម៌ថា លែងមានសមត្ថភាពអាចការពារលោកតទៅទៀតបាន។ បើការអង្កេតឯករាជ្យរបស់រដ្ឋអាជ្ញាពិសេស រកឃើញថាមានការពាក់ព័ន្ធរវាងលោកត្រាំ និងរុស្ស៊ី ក្នុងពេលឃោសនាបោះឆ្នោតមែន ហើយលោកត្រាំ ពិតជាបានប្រើអំណាចរារាំងការស៊ើបអង្កេតរបស់FBI អាមេរិកពិតជានឹងអាចធ្វើការចោទប្រកាន់ប្រធានាធិបតី ស្របតាមនីតិវិធី Impeachment នៃមាត្រា២របស់រដ្ឋធម្មនុញ្ញ ដែលនឹងអាចឈានដល់ការដកតំណែងប្រធានាធិបតីបានហើយ។
លោកដូណាល់ ត្រាំ ចោទព្រឹទ្ធសភាថា ធ្វើអោយទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីធ្លាក់ក្នុងស្ថានការណ៍គ្រោះថ្នាក់
ការសង្ស័យរុស្ស៊ីលូកដៃចូលការបោះឆ្នោតអាមេរិកធ្វើអោយសភាអាមេរិកទាំង២ បោះឆ្នោតអនុម័តច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដោយសម្លេងលើសលុប។ ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជាទណ្ឌកម្មវាយប្រហារវិស័យថាមពលរុស្ស៊ី ធ្វើអោយនាយករដ្ឋមន្ត្រីរុស្ស៊ីចាត់ទុកថា អាមេរិកប្រកាសសង្គ្រាមសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី។ លោកដូណាល់ ត្រាំ លើកឡើងថាសំណុំរឿងទាក់ទងរុស្ស៊ីនេះ ជាការប្រឌិតទាំងស្រុង ហើយការបោះឆ្នោតអនុម័តទណ្ឌកម្មប្រឆាំងរុស្ស៊ី ធ្វើអោយទំនាក់ទំនងអាមេរិកជាមួយរុស្ស៊ី ធ្លាក់ក្នុងស្ថានការណ៍គ្រោះថ្នាក់។ លោកត្រាំថែមទាំងចោទថា សមាជិកព្រឹទ្ធសភាអាមេរិកគ្មានសមត្ថភាពដោះស្រាយច្បាប់សុខភាពទៀតផង។ គឺលោកនៅខឹងមិនទាន់បាត់ទេ ដែលច្បាប់អូបាម៉ាឃែរ សូម្បីតែខ្លឹមសារច្បាប់មួយចំណែកមិនត្រូវបានអនុញ្ញាតអោយលុបចោលនោះ។
សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋដូចជាលោកចន ម៉ាក់ឃែន បានវាយបកទៅលោកត្រាំវិញ ថា ទាំងនេះគឺមកពីលោកពូទីនវាយប្រហារលទ្ធិប្រជាធិបតេយ្យអាមេរិក មកពីពូទីនឈ្លានពានប្រទេសជិតខាង រឺក៏គំរាមប្រទេសដៃគូអាមេរិកនោះហើយ។ ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីពេលនេះ ដុនដាបខ្លាំង។ ខាងអង្គការអូតង់វិញ លើកឡើងដែរថា ទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែពិបាកជាងមុន។ អូតង់បាន អំពាវនាវអោយចៀសវាងកុំអោយស្ថានការណ៍ធ្លាក់រហូតដល់ថ្នាក់ជាសង្គ្រាមត្រជាក់។ អូតង់ប្រាកដជាបារម្ភហើយ។ អាមេរិកមិនត្រឹមអនុម័តគម្រោងច្បាប់បន្ថែមទណ្ឌកម្មលើរុស្ស៊ីទេ តែក៏ដាក់បន្ថែមទៅលើអ៊ីរ៉ង់ និងកូរ៉េខាងជើងដែរ។ អ៊ីរ៉ង់ព្រមានរួចហើយថា ត្រៀមប្រតិកម្មបកទៅវិញ ព្រោះទណ្ឌកម្មអាមេរិករំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមហាអំណាចច្រើនប្រទេសសម្រេចបានជាមួយអ៊ីរ៉ង់ កន្លងមក។ គិតទៅ បើស្ថានការណ៍ធ្លាក់ដល់ថ្នាក់ជាសង្គ្រាមត្រជាក់ ខាងក្រុមរុស្ស៊ី ច្បាស់ជាមានអ៊ីរ៉ង់ ហើយក៏អាចមានចិន រឺក៏តួកគីដែរក៏ថាបាន។
ដោយឡែក ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីលឡឺសុន ត្រូវជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្កី ឡាវ្រូវ នៅហ្វីលីពីន។ អាមេរិកសង្ឃឹមថា អាចនឹងប្រឹងធ្វើអោយទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី បានប្រសើរឡើងវិញបន្តិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ