អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​ពាណិជ្ជកម្ម​ ចិន​និងអាមេរិក ចាប់​ផ្តើម​ហើយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​៦កក្កដា​នេះ ​សង្គ្រាម​ពាណិជ្ជកម្ម​​​ រវាង​អាមេរិក​ជាមួយ​ចិន បាន​ចាប់​ផ្តើម​មែនទែន​ហើយ។ ច្បាប់​កំណត់​ពន្ធ​គយ​របស់​អាមេរិកដែល​កម្រិត​​ពន្ធ​លើ​ទំនិញនាំចូល​ពី​​ចិន បាន​​ចូល​ជាធរមាន តាំងពីពេល​រំ​លង​អធ្រាត្រ​មក​ម្ល៉េះ។ អាមេរិក​របស់​លោក ដូណាល់​ ត្រាំ បាន​ដាក់​រណាំង​ពន្ធគយ ចំនួន​២៥ភាគ​រយចំពោះ​ទំនិញជាង​៨០០​មុខរបស់​ចិន​ដែល​នាំ​ចូលទៅ​ក្នុង​ទឹក​​ដី​អាមេរិក។ លើស​ពីនេះ នៅ​​ពីរ​សប្តាហ៍​ខាង​មុខ​​ រដ្ឋាភិបាល​របស់​លោក​ត្រាំ ​នឹង​បន្ថែម​ពន្ធ​គយ​១០ភាគរយ​​ថែម​ទៀតចំពោះ​ទំនិញ​នាំចូល​ពី​ចិន​។ ចំណែក​​​ចិន​វិញ ​បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ ថា​ចិន​នឹង​វាយ​បកយ៉ាង​សម​ស្រប​ចំពោះ​ទង្វើ​របស់​អាមេរិក។ ហើយ​ចិនក៏​​បាន​ចោទ​អាមេរិក​ថា​ជា​អ្នក​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ជា​ប្រវត្តិ​សាស្ត្រ។ ចំពោះ​ចិន អាមេរិក​គឺ​កំពុងតែ​​រំលោភ​គោល​ការ​ណ៍ផ្តោះប្តូរ​​ពាណិជ្ជ​កម្ម​សេរី​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​។

លោកដូណាល់ ត្រាំ ចាប់ដៃ​ជាមួយ​លោក​ស៊ី ជីនពីង
លោកដូណាល់ ត្រាំ ចាប់ដៃ​ជាមួយ​លោក​ស៊ី ជីនពីង REUTERS
ផ្សាយពាណិជ្ជកម្ម

តើសង្គ្រាមពាណិជ្ជកម្ម ​រវាង​អាមេរិក​និង​ចិន​ នឹង​មាន​អ្វី​កើត​ឡើង?

សង្គ្រាម​នេះ គឺ​គ្មាន​ការ​ផ្ទុះ​អាវុធ​ដោយ​ផ្ទាល់ជាមួយ​គ្នា​ រវាង​អាមេរិក​និង​ចិន​ទេ តែសង្គ្រាមពាណិជ្ជកម្ម វា​​ទាក់​ទង​ជាមួយ​នឹង​រឿងរក​ស៊ី​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។ ប្រធានា​ធិបតី​​អាមេរិក ដែល​ប្រកាន់​យក​គោល​ការណ៍​អាត្មា​និយម គិត​ប្រយោជន៍​អាមេរិក​ជា​ធំ បាន​សង្គ្រឿត​ធ្មេញ​ដាក់​ចិន ជាច្រើន​ខែ​មកហើយ។ អាមេរិក​របស់​លោក ដូណាល់ ត្រាំ ដោយសារតែ​ខឹង ​ថា ​ចិនកេញ​ចំណេញ​ចំពោះ​ការ​នាំចូល​ទំនិ​ញ​ទៅ​លក់​នៅ​អាមេរិក​។ មិន​តែ​ប៉ុណ្ណោះ លោក ត្រាំ​ គុំកួន​​ខឹង​ចិន​យូរ​មកហើយ ថា​ចិន​លួច​កម្មសិទ្ធិ​បញ្ញា​និង​បច្ចេកវិជ្ជា​ថ្មីៗ​របស់​អាមេរិក។

ចំពោះ​ច្បាប់​ថ្មី ដែល​កម្រិត​ពី​ចំនួន​ពន្ធ​លើទំនិញ​​របស់​ចិន​នាំ​ចូល​អាមេរិក​នេះ គឺ​វាប៉ះពាល់​ដល់​ផលិតផល​ទំនិញ​របស់​ចិន ដល់​ទៅ​៨១៨មុខ​ឯណោះ​។ អាមេរិក​របស់​លោក ត្រាំ នឹង​យក​ពន្ធ​ ចំនួន​២៥ភាគរយទៅលើ​​ទំនិញ​ទាំង​នេះ ដែល​ក្នុង​នោះ​រាប់​ចាប់​តាំង​ពី គ្រឿងគ្រៅ​សម្ភារៈ​ផលិត​ឡាន សម្ភារៈ​ផលិត​យន្តហោះ និង​បរិក្ខារ​របស់​កុំព្យូទ័រ​ជា​ដើម។ គេ​អាច​វាយ​តម្លៃ​ថា វា​អាច​ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​ ៣៤ពាន់​លាន​ដុល្លារ​អាមេរិក។

ថែម​ពីនេះ រដ្ឋបាល​របស់​លោក ត្រាំ ក៏បាន​ដាក់​ឱសានុវាទ​២សប្តាហ៍ទៀត សម្រាប់​ពិនិត្យ​ពិចារណា ដាក់​ពន្ធ​បន្ថែម​ ១០ភាគ​រយៈ​បន្ថែមទៀត សម្រាប់​ទំនិញ​របស់​ចិន​ដែល​នាំទៅ​លក់​នៅ​អាមេរិក។ ចំនួន​នេះ គឺ​អាច​ស្មើ​នឹង​ទឹក​ប្រាក់​១៦ពាន់​លាន​ដុល្លារថែមទៀត​។

​​ជា​សរុប ពន្ធគយ​របស់​អាមេរិក​ គឺទំនង​ជា​ស្មើ​នឹង​៥០ពាន់​លាន​ដុល្លារ ចំពោះ​ពន្ធគយ​ប្រចាំឆ្នាំ​ នៃ​ផលិត​ផល​ចិន​នៅ​អាមេរិក។

ធ្ងន់ធ្ងរ​ជាង​នេះទៀត រដ្ឋបាល​របស់​លោក ត្រាំ ថា​អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដាក់ពន្ធ​រហូត​ដល់​២០០ពាន់លានដុល្លារ ប្រសិន​បើ​ចិននៅតែ​ហ៊ាន​រឹង​ថ្អឹង ដំឡើង​ពន្ធ​ជាថ្មី​ចំពោះ​ផលិត​ផល​ទំនិញ​ពី​អាមេរិក​ទៅលក់​នៅ​ចិន​ទៀត​នោះ។

នៅ​ទី​បំផុតទៅ​ តើ​សង្គ្រាមពាណិជ្ជកម្មនេះ នរណា​ឈ្នះ​នរណា​ចាញ់?

គ្មាន​នរណា​ឈ្មះ​ឬ​ចាញ់​ទេ តែ​អាច​មាន​អ្នក​ខាត​បង់​ទាំង​ពីរ​ខាង។ បើយើង​គិត​តែ​ពី​តួលេខនៃ​ទឹក​ប្រាក់​ គឺ​អាមេរិក​អាច​នឹង​ដាក់​ពន្ធនាំ​ចូលរបស់​ផលិត​ផល​ចិន​ ក្នុង​រង្វង់​ទឹក​ប្រាក់៥០ពាន់​លានដុល្លារ​។ ប៉ុន្តែ​អាច​នឹង​មាន​វិធាន​ការ​ជា​ថ្មី​បន្តបន្ទាប់​ច្រើន​ជាង​នេះផង​ក៏​មិន​ដឹង​។ តែ​ពីភា​ខាង​ចិន​វិញ បើ​តាម​របាយការណ៍​វិភាគ​ឯករាជ្យ​មួយ ចំពោះ​វិធានការណ៍​ឆ្លើយ​តប​ដែល​ចិន​អាច​នឹង​ដាក់​ពន្ធគយ​លើទំនិញ​អាមេរិក នោះ គឺវា​អាច​ប៉ះពាល់​ដល់​ទឹក​ប្រាក់​៧៥ពាន់​លាន​ឯណោះ។

​ចិន ​បាន​អះអាង​ជា​ញឹក​ញយ​មកហើយថា បើ​អាមេរិក​ចង់​សាក គឺ​ចិន​អាច​កំដរ​បាន។ ​ នៅថ្ងៃ៦កក្កដានេះទៀត រដ្ឋាភិបាល​ចិន បាន​ឆ្លើយ​បក​ភ្លាមៗ​ ថា ចិន​នឹង​ចេញ​ប្រតិកម្ម​ផ្លូវ​ការ​ឲ្យ​សម​ស្រប​ទៅ​នឹង​ទង្វើ​របស់​អាមេរិក។​ លោក Gao Feng ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​នៅ​ក្រុង​ប៉េកាំង​ បាន​លើកឡើងថា ចិន​ពុំ​បាន​បង្កការ​គំរាម​កំហែង ហើយ​ចិន​ក៏​មិនអាច​ជា​កម្មវត្ថុ​នៃ​ការ​គំរាម​ផង​ដែរ។

យ៉ាង​ណាមិញ មហាយក្ស​ចិន បានចង្អុរមុខ​ចោទអាមេរិកថាជាអ្នកបង្កសង្គ្រាម ពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ហើយ​អាមេរិក កំពុងតែរំលោភគោលការណ៍ផ្តោះប្តូរ ពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក។

ទោះបី​យ៉ាងក៏ដោយ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​អង្គការ​ពិភព​លោក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ដើម បាន​សម្តែង​ក្តី​ព្រួយ​បារម្ភជាយូរ​ណាស់​មក​ហើយ​​ ហើយ​គេ​​បាន​ដាស់​តឿន​ ទាំង​ពីរ​ភាគី​ថា កុំ​ឲ្យ​ចង់​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើ​អ្វី ដ្បិត​វា​មិន​ចំណេញ​ទេ។ អ្ន​កជំនាញ​ បញ្ជាក់ទៀត​ ថា សង្គ្រាម​នេះ វាមិនគ្រាន់តែ​បង្ក​ផល​លំបាក​ដល់​អាមេរិក​និង​ចិន​ខ្លួន​ឯងប៉ុណ្ណោះ​​ទេ តែវា​នាំ​ទុក្ខ​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំងមូល។​

​អ្នក​ជំនាញ​ខ្លះ វាយ​តម្លៃ​ថា ផល​លំបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​លើកនេះ​ ​អាច​មា​នទំហំ​ធំ ​គឺអាច​ប្រៀប​បាន​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ២​០០៨។

អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​ជា​ច្រើន​មើលឃើញថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក​លើកនេះ គឺជា​គំនិត​ព្យុះ​សង្ឃរា ដែល​បោកបក់​លើ​សេដ្ឋកិច្ចពាណិជ្ជ​កម្ម​ពិភព​លោកទាំងមូល។

ចំពោះ​ផល​ប៉ះពាល់ គឺ​វា​អាច​មាន​សេណារីយ៉ូ​ជា​ច្រើន​។ បើ​តាម​ការ​គន់​គូរ​ជា​បឋមរបស់​អ្នក​ជំនាញ ទាំង​អាមេរិក​ ទាំង​ចិន និង​សហភាព​អឺរ៉ុប អាច​នឹង​កាត់​បន្ថយ​ចំណូល​ក្នុង​ស្រុក​សរុប​ ពី​៣ទៅ​៤ចំណុច។ ចំណែក​បំផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​បារាំង និងប្រទេស​ផ្សេង​ទៀត​ក្នុង​​ពិភពលោក​ គឺ​អាច​ប៉ះពាល់​ដល់ទៅ​ជាង​៤០ភាគ​រយ​ ហើយចំណែក​ផល​ប៉ះពាល់​ គឺ ទំនង​ជាអាច​ជះឥទ្ធិពល​ ​ប្រៀប​បាន​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​២០០៨ដែរ។

នៅ​ពេល​នេះ ពិភព​លោក កំពុង​តែ​បញ្ឈរ​ភ្នែក​តាម​ដានរឿ​ង​នេះ​សម្បើម​ណាស់។ ភាគី​ខាង​រុស្ស៊ី​ឯណោះ បាន​ប្រុង​ប្រៀង​ជើង​ការ​ស្រេច​ហើយ។ អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង និយាយ​ប្រាប់​អ្ន​កកាសែត​នាប៉ុន្មាន​នាទី​មុន​នេះ​ ថា រុស្ស៊ី នឹង​រៀបចំ​​វិធានចាំបាច់​ជា​​បន្តបន្ទាប់ដើម្បី​ទប់​ទល់​លំហូរ​ឥទ្ធិពល​នៃវិបត្តិ​របស់​សង្គ្រាម​ពាណិជ្ជកម្ម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ