rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក តួកគី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តួកគី​ថ្កោល​ទោស​អាមេរិក ដែល​កាត់ទោស​ អនុប្រធាន​ធនាគារ​តួកគី

media
ធនាគារ Halkbank ​របស់​តួកគី REUTERS/Umit Bektas

នៅថ្ងៃ​ព្រហស្បតិ៍​ ទី​៤មករា​ ក្រសួង​ការ​បរទេសតួកគី បាន​ចេញ​សេចក្តីថ្លែងការ​ណ៍​ថ្កោលទោស​ អាមេរិក ដែល​សម្រេច​កាត់ទោស អនុប្រធាន​ធនាគារ​តួកគីម្នាក់ ពី​បទ​​គេចពន្ធ និង​លាងលុយកខ្វក់។ តួកគី​ ចាត់ទុក​សេចក្តី​សម្រច​របស់​តុលាការ​ក្រុង​ញូវយ៉ក ថា​ជា​អំពើ​អយុត្តិធម៌​ និងជាការ​អាម៉ាស់​។


ក្នុង​សវនាការ​កាលពីថ្ងៃពុធ ទី​៣មករា នាទីក្រុង ញូវយ៉ក ចៅក្រម​អាមេរិក បានរកឃើញថា ​ Mehmet Hakan Atilla អនុប្រធាន​ធនាគារ  Halkbank របស់​​តួកគី មាន​កំហុស​៥ករណី ក្នុង​នោះមានជាអាទិ៍ គឺ​អំពើពុករលួយ គេចពន្ធ និង​ការ​ជួយ​លាង​លុយ​ឲ្យ​អ៊ីរ៉ង់ រំលោភទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​ទៅលើអ៊ីរ៉ង់។

លោក អាទីឡា​ ដែល​ត្រូវ​ចាប់ខ្លួន​ នៅក្នុង​រដ្ឋមីយ៉ាមី កាលពី​ឆ្នាំ​២០១៦ ជាចុង​ចោទ បាន​ច្រាន​ចោល​រាល់​បទ​ចោទប្រកាន់ទាំងអស់ និង​បាន​ចាត់​ទុកថា​ការ​ផ្តន្ទាទោស​រើ​សរូប​ខ្លួន ​គឺ​ជារឿង​នយោបាយ​សុទ្ធសាធ។ ជាពិសេស​ គឺ​កើត​ចេញ​ពី​ព្យាការី Fethullah Gülen ជាជន​នៅពីក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច នៅ​ប្រទេស​តួកគី​កាលពីឆ្នាំ​២០១៦។ នេះ​ក៏​ជាការ​យល់ឃើញ​របស់​ប្រធានាធិបតីតួកគី និង​រដ្ឋមន្ត្រី​ផ្សេងទៀត​ដែរ។

ក៏ប៉ុន្តែ មេធាវី​ភាគី​ខាង​អាមេរិក បាន​លើកឡើង​នៅក្នុង​សវនាការថា «ធនាគារ​បរទេស​មាន​ជម្រើសមួយ​។​ អ្នកអាចជ្រើសរើសជួយអ៊ីរ៉ង់និងប្រទេសដែលបានរង​ទណ្ឌកម្ម គេច​ច្បាប់​របស់​សហរដ្ឋអាមេរិក ឬអ្នកអាចធ្វើ​ធនាគារធ្វើចរាចរជាដុល្លារអាមេរិក ប៉ុន្តែអ្នក​មិន​អាច​ធ្វើទាំងពីរបានទេ»។ មេធាវី​រូបនោះ បន្ថែមថា ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ក្លែងបន្លំ​ឯកសារ និង​គេចពន្ធ​បន្លំភ្នែក​ ក្រសួង​ហិរញ្ញវត្ថុអាមេរិក អ្នក​ក៏​ត្រូវ​ត្រៀម​ខ្លួន ទទួល​ផលវិបាក​នោះដែរ។​

យ៉ាងណាក៏ដោយ ការ​សម្រេច​ដាក់​គុកឬពិន័យ​ប្រាក់ប៉ុន្មាន ចំពោះ​លោកលោក អាទីឡា​ នោះ​ ត្រូវ​រង់ចាំ​ស្តាប់​ការ​ប្រកាស​សម្រេច​ នៅ​ថ្ងៃទី​១១ ខែ​មេសាខាងមុខ៕​