អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

បុរស​ខ្លាំង​ទាំង​២​នាក់ ព្រម​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ចុង​ខែ​ឧសភា​

បន្ទាប់​ពី​បាន​ឌឺ​ដង​ដាក់​គ្នាគ្រប់​ពាក្យ​សម្តី​អាក្រក់​ៗ​រួច​មក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​មួយ ព្រម​ជួប​ពិភាក្សា​គ្នា​ជា​លើក​ដំបូង ជាមួ​យ​លោក គីម ជុងអ៊ុន នៅ​ចុង​ខែ​ឧសភា​ខាង​មុខ។ ជា​ជំនួប ដែល​សេតវិមាន រំពឹង​អាច​មាន​​កិច្ច​ព្រមព្រៀងបញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ សម្រាប់​លោក គីម ជុងអ៊ុន វិញ ជំនួប​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​បង្រួបបង្រួម​បងប្អូន​កូរ៉េ​ទាំង ២​ឡើង​វិញ​។ ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ឧបទ្វីប​កូរ៉េ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល តែ​ក៏​ស្វាគមន៍​ចំពោះ​ដំណើរ​វត្តន៍​ជា​វិជ្ជមាន​នេះ​ដែរ​។ យ៉ាង​ណា​មិញ អ្វី​ៗ​គឺ​នៅ​តែ​ស្ថិត​ក្នុង​ការ​សង្កេត​មើល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ​។

លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (ស្តាំ)។
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (ស្តាំ)។ @CNN
ផ្សាយពាណិជ្ជកម្ម

ទីប្រឹក្សា​សន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បាន​ឈរប្រកាស​នៅមុខ​សេតវិមានអាមេរិកតែម្តង នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះថា ជំនួប​រវាង​លោក​ប្រធានាធិបតីអាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង ច្បាស់ណាស់នឹងធ្វើឡើងនៅចុងខែឧសភាខាងមុខ។ ជាការ​ប្រកាស​បន្ទាប់ពី​លោក បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​កាលពីពេលថ្មីៗនេះ ក្នុងទីក្រុង​ព្យុងយ៉ាង ទីដែលលោក​បានជួប​ពិភាក្សាជាមួយ​លោក គីម ជុងអ៊ុន ហើយ​បាន​លឺផ្ទាល់​ត្រចៀកពីបំណង​បញ្ឈប់​កម្មវិធីអាវុធនុយក្លេអ៊ែរ និងការសម្តែង​ភាព​តក់​ក្រហល់​របស់​លោក​គីម ជុងអ៊ុន ដែល​ចង់​ជួប​លោក​ដូណាល់ ត្រាំ។

ពេល​មក​ដល់​អាមេរិក លោក Chung Eui-yong ក៏​បាន​ពាំនាំពាក្យ​សម្តីទាំង​​នេះ មក​ប្រាប់​លោក​ត្រាំ ហើយ​លោក​ប្រធានាធិបតីអាមេរិករូបនេះ ទំនង​ជារំភើប​ចិត្ត​ដែរ រួច​ក៏​បាន​យល់​ព្រម​ជួប​លោក​គីម ជុងអ៊ុន និង​ថា​វា​ជារឿង​អស្ចារ្យ ដែល​អាចញុំាងឲ្យ​ព្យុងយ៉ាងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរបាន។ យ៉ាងណាក៏ដោយ អាមេរិក នៅតែបន្ត​ការ​ចារណាពីការដាក់ទណ្ឌកម្មដដែលលើប្រទេសកូរ៉េខាងជើង។

បន្ទាប់ពីបាន​ដឹងដំណឹងនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក​ស៊ិនហ្សូ អាបេ បាន​សម្តែងការភ្ញាក់ផ្អើល ប៉ុន្តែក៏បាន​សម្តែងការ​កោតសរសើរ​ចំពោះដំណើរ​ផ្លាស់ប្តូរជាវិជ្ជមាននេះ ព្រោះជប៉ុន​ដែលជាប្រទេសជិតខាងរបស់​ឧបទ្វីបកូរ៉េ ពិតណាស់​ថា​បានធុញទ្រាន់​នឹង​ការសាកល្បងបាញ់មីស៊ីលជាញឹកញយ​របស់កូរ៉េខាងជើង នាពេលកន្លងមក។ ប៉ុន្តែចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់កូរ៉េខាងជើង នៅមិនទាន់​បង្ហាញ​ប្រតិកម្មណាមួយនៅឡើយទេ។

គេនៅ​មិនទាន់​ដឹងទេ ថា​តើ​ជំនួប​កំពូល​រវាងបុរសខ្លាំងទាំង ២នាក់ ដែលធ្លាក់​ឌឺដង​ផ្ចាញ់ផ្ចាល​ដាក់គ្នា​​នេះ នឹង​ធ្វើឡើងនៅទីណា​។ ស្តាប់​ទៅ​ទីកន្លែង​ វា​មិន​សម​ជាបញ្ហាសោះ ប៉ុន្តែបើ​សម្លឹង​មើលពីអត្ត​ចរឹតរបស់មេដឹកនាំទាំង ២ យើងអាចកត់សម្គាល់បានថា ប្រសិនបើ​ជំនួបនេះ ធ្វើឡើង​នៅសេតវិមាន​អាមេរិក នោះមានន័យ​ថា​លោក​គីម ជុងអ៊ុន ត្រូវចាកចេញពីកូរ៉េខាងជើងជាលើកដំបូង តាំងពីពេល​លោកកាន់អំណាច កាលពីឆ្នាំ ២០១១ ដើម្បីទៅគោរពលោក​ត្រាំ។ លោក​គីម ជុងអ៊ុន មិន​ដែល​ចេញ​ទៅក្រៅប្រទេសម្តងណាទេ សូម្បីតែពេលដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង ឡើង​កាន់អំណាច កាលពីឆ្នាំ ២០១៣ ក៏លោក​មិនបានឆ្លៀតទៅចូលរួមដែរ ដែល​កាលណោះប៉េកាំង ខឹងជាខ្លាំងចំពោះអត្ត​ចរឹតមេដឹកនាំ​នៃ​ប្រទេសជិតខាងនេះ ហើយ​ក៏បានសម្រេច​ជាមួយសហគមន៍អន្តរជាតិ​ផ្សេងទៀត ដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង។

ប៉ុន្តែបើ​សិន​ជា​ជំនួបនេះ ធ្វើឡើងនៅព្យុងយ៉ាង នោះមានន័យ​ថា បុរសចំណាស់ ដែល​ធ្លាប់​ដៀល​លោកគីម ថាជាក្មេង​ព្រហើន​នោះ នឹង​ត្រូវ​ទៅគោរព​ក្មេងនោះ ដល់​ផ្ទះវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ