អានតួអត្ថបទ
អាមេរិក-នូវែលសេឡង់

អាមេរិក​ដក​បម្រាម​ដែល​ដាក់លើ​នាវា​ចម្បាំង​របស់​នូវែលសេឡង់

នៅ​ក្នុង​ដំណើរទស្សនកិច្ច​ ទៅកាន់​ប្រទេស​នូវែលសេឡង់ នៅថ្ងៃ​សុក្រ​នេះ ​លោក​ Leon Panetta រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​បាន​​សម្រេច​ដកចេញ​វិញ​ហើយ បម្រាម​មិន​ឲ្យ​នាវា​ចម្បាំង​នូវែលសេឡង់​ចូលចត​នៅ​កំពង់ផែ​របស់​អាមេរិក។ សេចក្តីសម្រេច​នេះ​គឺ​ជា​ការ​ចាប់បើក​សករាជ​ថ្មី​មួយ​ទៀត នៅ​ក្នុង​​ទំនាក់ទំនង​ ​អាមេរិក-​នូវែលសេឡង់ នៅ​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា កំពុង​ព្យាយាម​បង្កើន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វ៊ិក។

លោក Leon Panetta រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក (ឆ្វេង) ពេល​ជួប​ជាមួយ​សមភាគី​នូវែលសេឡង់
លោក Leon Panetta រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក (ឆ្វេង) ពេល​ជួប​ជាមួយ​សមភាគី​នូវែលសេឡង់ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

បម្រាម​លើ​នាវាចម្បាំង​នូវែលសេឡង់​ត្រូវបាន​អាមេរិក​ដាក់​តាំង​ពី​ឆ្នាំ​១៩៨៦​ម៉្លេះ។ មូលហេតុ គឺ​ដោយសារ​តែ​នូវែលសេឡង់​ប្រកាន់​យក​នូវនយោបាយ​ប្រឆាំង​​នុយក្លេអ៊ែរ។

តាមការពិត អាមេរិក និង​នូវែលសេឡង់​ធ្លាប់​បាន​ចុះ​សន្ធិសញ្ញាបង្កើត​សម្ព័ន្ធភាព​យោធា​​ជាមួយ​គ្នា តាំង​ពី​ឆ្នាំ​១៩៥១ គឺ​សន្ធិសញ្ញា​ត្រីភាគី​អាមេរិក-អូស្រ្តាលី-នូវែលសេឡង់។ ក៏ប៉ុន្តែ វិវាទ​រវាង​អាមេរិក និង​នូវែលសេឡង់​បាន​កើតមាន​ឡើង នៅ​ឆ្នាំ​១៩៨៤ នៅ​ពេល​ដែល​រដ្ឋាភិបាល​នូវែលសេឡង់ ដែល​ប្រកាន់​យក​នយោបាយ​ប្រឆាំង​​នុយក្លេអ៊ែរ បាន​ចេញ​បម្រាម​មិន​ឲ្យ​នាវា​ចម្បាំង​អាមេរិក (ទោះ​ជា​នាវា​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ ឬ​ជា​នាវា​ដែល​មាន​ម៉ាស៊ីន​ដើរដោយ​ឋាមពល​នុយក្លេអ៊ែរ​ក៏ដោយ) ចូលចត​នៅ​តាម​កំពង់ផែ​របស់​នូវែលសេឡង់។ អាមេរិក​ក៏​បានចាត់វិធានការ​តបមកវិញ ដោយ​ហាម​មិន​ឲ្យ​នាវាចម្បាំង​នូវែលសេឡង់​ទាំងអស់​ចូលចត​នៅ​កំពង់​ផែ​របស់​អាមេរិក ទាំងកំពង់ផែ នៅ​លើ​ទឹកដី​អាមេរិក និង​ទាំង​កំពង់ផែ​អាមេរិក នៅ​បរទេស។ សន្ធិសញ្ញា​សម្ព័ន្ធភាព​យោធា​ជាមួយ​នូវែលសេឡង់​ក៏​ត្រូវបាន​ព្យួរ ហើយ​ក្នុង​រយៈពេល​ ៣០ឆ្នាំ​កន្លងទៅនេះ គេ​មិនដែល​ឃើញ​មាន​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​រូបណា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នូវែលសេឡង់​នោះទេ ក្រៅពី​ទស្សនកិច្ច​របស់​លោក Leon Panetta នៅពេលនេះ។

នៅក្នុង​ដំណើរទស្សនកិច្ច​ជាលើក​ទីមួយ​នៅ​នូវែលសេឡង់​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​​បានប្រកាស​​​ដក​បម្រាម​លើ​នាវាចម្បាំង​នូវែលសេឡង់​ចេញ​វិញ បើទោះជា​​រដ្ឋាភិបាល​នូវែលសេឡង់​អះអាង​ថា ខ្លួន​នៅតែ​ប្រកាន់​យក​នយោបាយ​ប្រឆាំង​នុយក្លេអ៊ែរ​ដូចមុន​ក៏ដោយ។ នេះ​មានន័យថា នាវាចម្បាំង​អាមេរិក ដែល​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ ឬ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ នៅតែ​មិន​អាច​ចូលចត​នៅ​តាម​កំពង់ផែ​របស់​នូវែលសេឡង់​ដដែល ប៉ុន្តែ អាមេរិក​នឹង​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​នូវែលសេឡង់​ចូលចត​នៅ​តាម​កំពង់ផែ​របស់​អាមេរិក​។

ការ​ផ្លាស់ប្តូរ​ជំហរ​របស់​អាមេរិក ចំពោះ​នូវែលសេឡង់​នៅពេលនេះ វា​ក៏​មិនមែន​ជា​រឿង​អ្វី​ចម្លែកនោះដែរ។ វា​គឺ​ជា​ផ្នែកមួយ​នៃ​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា ដែល​ចង់​បង្កើន​ឥទ្ធិពល​ទាំង​ខាង​ផ្នែក​នយោបាយ ការទូត និង​យោធា នៅ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វ៊ិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ