អានតួអត្ថបទ
លីប៊ី

អាមេរិក​ចាប់បើក​ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​ទីតាំង​ជីហាត​នៅ​លីប៊ី

កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ យន្តហោះ​ចម្បាំង​របស់​អាមេរិក​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ទឹកដី​របស់​លីប៊ី ដោយ​ឆ្លើយ​តប​ទៅតាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិលីប៊ី។ រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ដោយ​អ.ស.ប និង​ប្រទេស​លោកខាងលិច។ មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ឲ្យដឹង​ថា ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅលីប៊ី​នេះ គឺ​ជា​ប្រតិបត្តិការ​ដែល​នឹង​ត្រូវ​ធ្វើ​ជាលក្ខណៈ​យូរ​អង្វែង​ ដើម្បី​ជា​ជំនួយ​ដល់​កងទ័ព​លីប៊ី ក្នុងការ​វាយលុក​យក​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

កងកម្លាំង​រដ្ឋាភិបាល​រួបរួមជាតិ​លីប៊ី​គាំទ្រ​ដោយ​អ.ស.ប នៅ​ក្នុង​ប្រតិបត្តិការ​វាយលុក​ទៅលើ​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ទីក្រុង​សៀត កាល​ពីថ្ងៃ​ទី១២ កក្កដា ២០១៦
កងកម្លាំង​រដ្ឋាភិបាល​រួបរួមជាតិ​លីប៊ី​គាំទ្រ​ដោយ​អ.ស.ប នៅ​ក្នុង​ប្រតិបត្តិការ​វាយលុក​ទៅលើ​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ទីក្រុង​សៀត កាល​ពីថ្ងៃ​ទី១២ កក្កដា ២០១៦ REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ខែមកហើយ ពោលគឺ ចាប់តាំង​ពី​ខែ​ឧសភា​មក ដែល​កងទ័ព​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​លីប៊ី បាន​បើក​ប្រតិបត្តិការ​វាយលុក​ ព្យាយាម​ដណ្តើម​កាន់កាប់​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ទីក្រុង​សៀត។

ទី​ក្រុង​សៀត​នេះ ដែល​ជា​ក្រុង​កំណើត​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី ត្រូវ​បាន​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​វាយដណ្តើម​កាន់កាប់ កាល​ពី​ឆ្នាំ​ទៅមិញ ហើយ​បាន​បង្កើត​ជា​មូលដ្ឋាន​ដ៏ធំ​ទី៣ បន្ទាប់​ពី​អ៊ីរ៉ាក់ និង​ស៊ីរី។

ថ្លែងតាមទូរទស្សន៍​ជាតិ​ កាល​ពីយប់ថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​លីប៊ី​បាន​ឲ្យដឹង​ថា លីប៊ី​បាន​សម្រេច​ចូលរួម​ក្នុង​បក្ស​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ហើយ​បាន​ស្នើ​សុំ​ជាផ្លូវការ​ឲ្យ​អាមេរិក​បើក​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​​ទីតាំង​ក្រុម​ជីហាត​នៅ​លីប៊ី។

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​វិញ បាន​បញ្ជាក់ថា ការវាយប្រហារ​តាមផ្លូវអាកាស កាល​ពីថ្ងៃ​ចន្ទ​នេះ គឺ​សំដៅ​កម្ទេច​រថក្រោះ និង​រថយន្ត​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ហើយ​ថា ការវាយប្រហារ​បែបនេះ​នឹង​ត្រូវ​បន្ត​ធ្វើ​តទៅមុខទៀត​ជា​ប្រចាំ ដោយ​មិនទាន់មាន​កំណត់ពេល​ថា​នឹង​ត្រូវ​បញ្ចប់​នៅពេលណា​នៅឡើយទេ។

ទោះជាយ៉ាងណា បើ​យោងតាម​នាយករដ្ឋមន្រ្តី​លីប៊ី ប្រតិបត្តិការ​ទ័ព​អាកាស​របស់​អាមេរិក​នៅលីប៊ី នឹង​ត្រូវ​ធ្វើ​តែ​នៅ​ក្នុង​រង្វង់​ទីក្រុង​សៀតតែប៉ុណ្ណោះ ហើយ​សេតវិមាន​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា អន្តរាគមន៍​របស់​អាមេរិក​នៅលីប៊ី គឺ​មាន​ត្រឹមតែ​ប្រតិបត្តិការ​ទ័ព​អាកាស និង​ប្រតិបត្តិការណ៍​ចារកិច្ច​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​វត្តមាន​កងទ័ព​ថ្មើរជើង​អាមេរិក នៅ​ក្នុង​សមរភូមិ​នោះទេ។

ប្រតិបត្តិការ​ទ័ព​អាកាស​អាមេរិក​នៅលីប៊ី នឹង​ក្លាយ​​ជា​សមរភូមិ​ទី៣ បន្ទាប់​ពី​អ៊ីរ៉ាក់ និង​ស៊ីរី នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម បើក​ធ្វើ​ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ