rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ.ស.ប.៖ ការ​បោសសម្អាត​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា នៅ​ភូមា គឺ​​នៅតែបន្ត​កើត​មាន!

media
រូប​តំណាង៖ ជន​ជាតិ​រ៉ូហ៊ីងយ៉ា១០នាក់ ត្រូវ​ចាប់​ខ្លួន​ កាលពី​ខែ​កញ្ញា ២០១៧ REUTERS

«នៅ​ភូមា ការ​បោសសម្អាត​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ​គឺ​នៅតែបន្ត​កើត​មាន!» នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​មួយ របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។ ការ​បញ្ជាក់​យ៉ាងដូច្នេះ គឺ​បន្ទាប់ពីមន្ត្រី​ជំនាញ​ជាន់​ខ្ពស់ បាន​ចុះទៅ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ​នៅ​ភូមា នាថ្ងៃ​អង្គារ៍​​ ទី​៦មីនា។


នៅភូមា ការ​បោសសម្អាត​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ហើយនិង​​យុទ្ធនាការប្រើ​ហិង្សា​​គំរាម​កំហែង​ធ្វើ​ទុក្ខ​បុកម្នេញ និង​ការ​បង្អត់​បាយ​ទឹក គឺ​នៅតែបន្ត​កើត​មាន  ដែល​បាន​​បង្ខំ​ឲ្យ​ក្រុម​រ៉ូហ៊ីងយ៉ា រត់​ភៀសខ្លួន​ ចាកចេញ​​ទៅកាន់​ប្រទេស​បង់ក្លាដែស។ នេះ​ជា​ការ​បញ្ជាក់​​របស់​លោក Andrew Gilmour មន្ត្រីជំនាញជាន់ខ្ពស់ របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​​អង្គការ​សហប្រជាជាតិ។

មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​ឲ្យដឹង​ដែរថា បើ​ទោះបី​ជា​រដ្ឋាភិបាល​ភូមា​យល់​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង ទទួល​យក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ាឲ្យ​ត្រឡប់​ចូល​រស់​នៅ​ភូមាវិញ​ក៏ដោយ តែ​គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ ជនជាតិ​​​រ៉ូហ៊ីងយ៉ាម្នាក់​ណា​ឬ​ក្រុម​ណា​ អាច​ត្រឡប់​ចូល​ទៅភូមា​វិញ​ បាននៅឡើយ​ទេ​។

បើ​តាម​ប្រភពដដែល យុទ្ធនាការ​របស់​យោធា​ភូមា​​ធ្វើឡើង​ជាង​៦ខែ​មកនេះ និងដែល​អង្គការ​សហការប្រជាជាតិ ចាត់ទុកថាជាការ​បោសសម្ពាត​ជាតិសាសន៍​ គឺ​បាន​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ​៧០ម៉ឺន​នាក់​ ​ចាកចេញ​ពី​ភូមាចូលទៅ​ព្រំដែន​បង់ក្លាដែស។ នៅ​ក្នុង​ដំណើរ​ភៀសខ្លួន​នេះ ក្រុម​រ៉ូហ៊ីងយ៉ាងទាំង​នោះ​ ត្រូវ​ការកាប់​សម្លាប់​ និង​​រំលោភ​បំពានយ៉ាងអមនុស្សធម៌ ពី​ក្រុម​យោធា​ភូមា​និង​ក្រុម​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ជ្រុល​និយម។ នាពេល​កន្លង​ទៅ​  ក្រុម​យោធាភូមា​ចាត់ទុកពួក​រ៉ូហ៊ីងយ៉ា ថាជា​ក្រុម​ជន​ឧទ្ទាម​និងជា​ភេរវជន។ ចំណែក​ពលរដ្ឋ​ភូមាកាន់ពុទ្ធសាសនា​ជាតិនិយម​ជ្រុល បាន​យល់ថា ពួកអ៊ីស្លាម​​រ៉ូហ៊ីងយ៉ា ជា​ជាតិ​សាសន៍​ថោកទាប មិន​អាច​រួម​រស់​មា​នសញ្ជាតិភូមា​បានទេ​។

នៅ​ក្នុង​តំបន់​ជម្លោះ​ខ្លាំង ភាគ​ខាង​ជើង​រដ្ឋ​រ៉ាក់ឃីន គឺ​ត្រូវ​គេ​ហាម​ឃាត់ មិន​ឲ្យ​អ្នក​កាសែត ឬ​មន្ត្រី​ទូត​ណា​អាច​ចូល​ទៅ​បាន​ឡើយ។ វៀរលែង​ ភ្នាក់ងារ​អង្គការ​កាកបាទ​ក្រហមមួយ​ប៉ុណ្ណោះ ដែល​អាច​ចូលទៅ តែ​ក៏​មានការ​រឹតត្បិត​បំផុត​ណាស់ដែរ។ ចំពោះ​ស្ថានភាព​រស់​នៅ​ដ៏​លំបាក​ខ្លាំង​របស់​ពលរដ្ឋ​រ៉ូហ៊ីយ៉ាដែល​រស់នៅ​ក្នុង​ជំរុំ​ប្រមូលផ្តុំវិញ​ អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភខ្លាំង​​ពី​បញ្ហា​អនាម័យ ដែល​អាច​នឹងបណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្ន​រោគ នា​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់៕​