អានតួអត្ថបទ
អង់គ្លេស

អង់គ្លេសចង់​ក្លាយ​ជា​ប្រទេស​វិនិយោគ​ធំ​ទី១​នៅ​អាហ្វ្រិក

លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ចង់ឱ្យ​​អង់គ្លេស​ក្លាយ​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​លំដាប់​ទី១ នៅ​អាហ្វ្រិក​។ ការ​ថ្លែង​ក្តី​ស្រមៃ​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើងថ្ងៃទី​២៨សីហា ​​នៅប្រទេស​អាហ្វ្រិក​ខាង​ត្បួង ជាទី​ដែល​លោកស្រី​ធ្វើ​​​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​អាហ្វ្រិក។ សូមជ្រាបថា លោកស្រី​នាយករដ្ឋមន្ត្រីអង់គ្លេស គឺ​ទើបតែ​ទៅ​ជាន់​ទឹក​ដឹក​អាហ្វ្រិក​ ជា​លើកទី​១មួយ​តែប៉ុណ្ណោះ ចាប់តាំងពី​បាន​ឡើង​កាន់​តំណែង​នៅឆ្នាំ​២០១៦មក។ 

លោកស្រីនាយករដ្ឋមន្ត្រី Theresa May ពន្យល់ថា ការវិនិយោគរបស់អង់គ្លេសនៅអាហ្វ្រិក គឺឈរលើស្មារតីនៃភាពរីកចម្រើនរួមគ្នា និងសុវត្ថិភាពទាំងសងខាង។
លោកស្រីនាយករដ្ឋមន្ត្រី Theresa May ពន្យល់ថា ការវិនិយោគរបស់អង់គ្លេសនៅអាហ្វ្រិក គឺឈរលើស្មារតីនៃភាពរីកចម្រើនរួមគ្នា និងសុវត្ថិភាពទាំងសងខាង។ Reuters
ផ្សាយពាណិជ្ជកម្ម

​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ពន្យល់ថា ការ​វិនិយោគ​របស់​អង់គ្លេសនៅ​អាហ្វ្រិក​ គឺ​ឈរ​លើ​ស្មារតី​នៃភាព​រី​ក​ចម្រើន​រួម​គ្នា និង​សុវត្ថិភាពទាំង​សង​ខាង ហើយ​វា​ការ​ចាំបាច់​ណាស់​ដែល​ត្រូ​វ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​នៅ​អាហ្វ្រិក ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ចំណាក​ស្រុក ដែល​ហូរ​ដូច​ទឹក​បាក់​ទំនប់​ទៅ​ទ្វីបអឺរ៉ុប។ ហើយ​ការ​វិនិយោគ​របស់​អង់គ្លេស គឺនឹង​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​រក្សា​ស្ថិរភាពនៅ​អាហ្វ្រិក​​ផងដែរ។

គួរ​គូស​បញ្ជាក់ថា មហិច្ឆតារបស់​លោកស្រី May ចង់​​ក្លាយ​ជា​ប្រទេស​វិនិយោគ​ទុន​ធំ​ជាង​គេនៅ​អាហ្វ្រិក​​នេះ គឺ​ធំ​ជាង​គេ តែ​​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ឧស្សាហ៍​លូត​លាស់​ខ្លាំង ហៅកាត់​ថា G7 តែប៉ុណ្ណោះ ដែល​មាន អាមេរិក ជប៉ុន អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​កាណាដា (G8 + រុស្ស៊ី​ តែ​ត្រូវ​ដក​ចេញ​កាល​ពីឆ្នាំ​២០១៤)។ ក៏ប៉ុន្តែ អង់គ្លេស ច្បាស់​ជា​ត្រូវ​ប្រឈម​មុខ​នឹង​គូ​ប្រជែង​ ​យ៉ាងហោច​ពីរជា​ចម្បង​។ ទី១ ដែន​ដី​អាហ្វ្រិក គឺ​ជា​ ទីលាន​ចាស់​របស់​បារាំង ហើយ​ទី២ គឺ​​មហាយក្ស​ចិន ដែល​បានចូល​​ទៅ​វាតទី​យ៉ាង​កក្រើក​រួច​ស្រេច​ហើយ។ ជាក់​ស្តែង​ ជំនួប​កំពូល​សេដ្ឋកិច្ច​ចិន​អាហ្វ្រិក​ នឹង​ត្រូវ​រៀបចំ​ដោយមហាយក្ស​​ចិន​ នៅ​សប្តាហ៍​ក្រោយ​នេះ ​​។

ដោយ​ដឹង​យ៉ាង​ដូច្នេះ លោកស្រីនាយករដ្ឋមន្ត្រី​ បញ្ជាក់​ថា អង់គ្លេសត្រូវ​ធ្វើ​ការ​ជាមួយ​ដៃ​គូ​ចាស់​ ដែល​ជា​ក្បាល​ម៉ាស៊ីន​របស់​អឺរ៉ុប។ ចំណែក​ការ​ប្រឈម​ជាមួយ​ចិន​នៅ​អាហ្វ្រិកនោះ​ លោកស្រី​ May បកស្រាយថា គេ​មិ​នអាច​ប្រកួត​ប្រជែង​ជាមួយ​មហាយក្ស​មួយ​ចំនួន​ដែល​កំពុង​វិនិយោគ​នៅ​អាហ្វ្រិក​ស្រាប់​ហើយ​នោះទេ ក៏ប៉ុន្តែ អ្វី​ដែល​អង់គ្លេស​អាច​ជូន​អាហ្វ្រិក​បាន​ នោះគឺ​ការ​វិនិយោគ​ទុន​មួយ ដែល​មាន​លក្ខណៈ​យូរ​អង្វេង​ ជាមួយ​នឹង​គុណភាព​ខ្ពស់។​

សូម​ជ្រាប​ថា សុបិន​​ដ៏សម្បើមរបស់​អង់គ្លេស​នេះ​ គឺត្រូវ​លោក​ស្រី​ Theresa May ប្តេជ្ញា​ចិត្ត​ថា​​​ធ្វើ​ឲ្យ​សម្រេច​ចាប់ពី​ពេល​នេះ រហូត​នៅ​​ឆ្នាំ​២០២២។ អ្នក​វិភាគ​សេដ្ឋកិច្ច កត់​សម្គាល់ថា  អង់គ្លេស នឹង​​ត្រូវ​ប្រឈមមុខ​នឹងការ​លំបាក​ច្រើនផ្នែក​សេដ្ឋកិច្ច បន្ទាប់ពីដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការ​។ ហេតុ​នេះហើយ ទើបអង់គ្លេស សង្ឃឹមថា​នឹង​អាច​ស្រង់​ដើមបាន​ខ្លះ​​ សម្រាប់​​​បះប៉ូវ​ការ​ខូត​ខាត​សេដ្ឋកិច្ច​ តាមរយៈការ​វិនិយោគ​នៅ​អាហ្វ្រិក​នេះឯង។ ក្នុង​ដំណាក់​កាល​ដំបូន​នេះ អង់គ្លេស គ្រោង​ដាក់​កញ្ចប់​ទុន ប្រមាណជា​ ៥ពាន់​ ពាន់​លាន​ដុល្លារ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ