ជំនួបកំពូលត្រាំ-គីម៖ លោក ដូណាល់ត្រាំចាប់ដៃ លោកគីម ជាប្រវត្តិសាស្ត្រ
នៅព្រឹកថ្ងៃទី១២ ខែមិថុនា វេលាម៉ោង៩ព្រឹកម៉ោងនៅសិង្ហបុរី ត្រូវនឹងម៉ោង៨ព្រឹកនៅកម្ពុជា កិច្ចប្រជុំកំពូលមិនធ្លាប់មានរវាង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានចាប់ផ្តើមជាមួយនឹងការស្វាគមន៍គ្នាតាមរយៈការចាប់ដៃជាប្រវត្តិសាស្ត្ររវាងមេដឹកនាំទាំងពីរ។ ក្រោយចប់កិច្ចប្រជុំលោកត្រាំបញ្ជាក់ថានឹងអញ្ជើញលោក គីម ទៅសេតវិមានអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងប្រាប់អ្នកកាសែត នៅថ្ងៃត្រង់ ក្រោយពីកិច្ចប្រជុំថា នេះគឺជាជំនួបដ៏អស្ចារ្យ និងប្រព្រឹត្តិទៅដោយរលូន និងមានភាពវិជ្ជមាន។ លោកបន្តថានេះ គឺជាជំនួបដ៏ល្អមួយ លើសពីការរំពឹងទុករបស់គ្រប់គ្នាទៅទៀត។
មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងជាមួយគ្នាផងដែរនាថ្ងៃនេះ។ នៅក្រោយកិច្ចប្រជុំកំពូល លោកត្រាំបញ្ជាក់ថា លោកនឹងអញ្ជើញលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទៅសេតវិមានអាមេរិក។ ក្រៅពីនេះលោកត្រាំបញ្ជាក់ថា កិច្ចព្រមព្រៀង នាពេលនេះ នឹងដោះស្រាយនូវបញ្ហាដ៏គ្រោះថ្នាក់របស់ពិភពលោក ហើយថាការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងចាប់ផ្តើមឆាប់ៗនេះ។
មុននឹងផ្តើមកិច្ចប្រជុំទ្វាភាគីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មេដឹកនាំទាំងពីរបានចាប់ដៃគ្នាញញឹមរកគ្នានៅចំពោះមុខអ្នកកាសែតអន្តរជាតិរាប់ពាន់នាក់ក្នុងសណ្ឋាគា Capella នាប្រទេសសិង្ហបុរី។ ជាការចាប់ដៃគ្នាលើកទី១ និងជាប្រវត្តិសាស្ត្ររវាងមេដឹកនាំទាំងពីរ ស្ថិតនៅនឹងមុខទង់ជាតិនៃប្រទេសទាំងពីរ។ បន្ទាប់ពីចាប់ដៃគ្នាប្រមាណ១០វិនាទី មេដឹកនាំទាំងពីរបានបណ្តើរគ្នាចូលក្នុងបន្ទប់ប្រជុំយ៉ាងស្និទ្ធស្នាល។
មុននឹងចាប់ផ្តើមជជែកគ្នា លោកត្រាំ បានថ្លែងប្រាប់អ្នកកាសែតក្នុងពេល ដែលលោកកំពុងអង្គុយក្បែរលោកគីម ថា នេះគឺជាកិត្តិយសណាស់សម្រាប់លោក ហើយអាមេរិក និងកូរ៉េខាងជើងនឹងមានទំនាក់ទំនងដ៏អស្ចារ្យ ហើយលោកជឿថា គ្មានអ្វីដែលគួរឱ្យសង្ស័យទៀតឡើយ។
ក្រោយមកលោក គីម បាននិយាយជាភាសាកូរ៉េថា វាមិនមែនជារឿងងាយស្រួលទេ ដែលអ្វីគ្រប់យ៉ាងបានកើតឡើង នាពេលនេះ ហើយអ្វីដែលបានកើតពីមុនមករវាងមេដឹកនាំទាំងពីរដែលជាឧបសគ្គនោះ នាពេលនេះប្រទេសទាំងពីរបានជម្នះវា និងបានមកជួបគ្នានៅទីនេះដូចការគ្រោងទុក។
បន្ទាប់ពីការជជែកគ្នារវាងលោកត្រាំ និងលោកគីម ដែលចំណាយពេលប្រមាណ៤៨នាទី កិច្ចប្រជុំទ្វាភាគីនៃសហរដ្ឋអាមេរិក និងកូរ៉េជាងជើងបានចាប់ផ្តើម។ ក្រោយពីកិច្ចប្រជុំទ្វេភាគីចប់ លោកដូណាល់ត្រាំ និងលោកគីមជុងអ៊ុន បានពិសារអាហារថ្ងៃត្រង់រួមគ្នាជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។
នៅថ្ងៃម្សិលមិញ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តលនូវការធានាសន្តិសុខដ៏សំខាន់មួយសម្រាប់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចប្រជុំកំពូលនាពេលនេះ គឺជាកិច្ចប្រជុំដ៏ធំមួយរបស់បុរសខ្លាំងទាំងពីរ ដូចគ្នាទៅនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Richard Nixon ទៅកាន់ប្រទេសចិនក្នុងឆ្នាំ១៩៧២ ឬជំនួបកំពូលរបស់លោកប្រធានាធិបតី Ronald Reagan ជាមួយមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev នៅអ៊ីស្លង់ក្នុងឆ្នាំ ១៩៨៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ