អានតួអត្ថបទ
ស៊ីរី

កងទ័ព​អាស្សាដ​និង​កងកម្លាំង​ស៊ីរី​សេរី​បញ្ជូន​ទ័ព​បន្ថែម​ទៅទីក្រុង​អាឡេព​ដើម្បី​ប្រយុទ្ធ​ផ្តាច់ព្រ័ត​

នៅថ្ងៃពុធ​ទី២៥​កក្កដា​ឆ្នាំ២០១២​ម្សិលមិញ​ ​ កងកម្លាំង​យោធា​នៃ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ហើយនិង​កងកម្លាំង​ស៊ីរី​សេរី​បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅកាន់​ទីក្រុង​អាឡេព​ ដែលជា​ទីក្រុង​ធំទីពីរ​របស់​ប្រទេស​ស៊ីរី​ ​ ដើម្បី​ធ្វើការ​ប្រយុទ្ធ​ផ្តាច់ព្រ័ត។​ ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​ហិង្សា​និង​ដ៏​សែន​សំខាន់​សម្រាប់​អនាគត​នៃ​ប្រទេស​ស៊ីរី។

យុទ្ធជននៃ​​កងកម្លាំង​​ស៊ីរី​​សេរី​​នៅ​​ខាងជើង​នៃ​ទីក្រុង​​អាឡេព​
យុទ្ធជននៃ​​កងកម្លាំង​​ស៊ីរី​​សេរី​​នៅ​​ខាងជើង​នៃ​ទីក្រុង​​អាឡេព​ AFP PHOTO / BULENT KILIC
ផ្សាយពាណិជ្ជកម្ម

ការវាយ​ប្រយុទ្ធ​ប្រហារ​គ្នា​ដ៏​សែន​ហិង្សា​កំពុង​កើតមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៦​កក្កដា​ឆ្នាំ២០១២នេះ​នៅ​តាម​សង្កាត់​ជាច្រើន​នៃ​ទីក្រុង​អាឡេព​ ​ ដែលជា​ទីក្រុង​សេដ្ឋកិច្ច​និង​ជា​ទីក្រុង​ធំ​ទីពីរ​របស់​ប្រទេស​ស៊ីរី។​ ការវាយ​ប្រហារ​ដ៏​ឃោរឃៅ​បែបនេះ​ពុំ​ដែល​កើតមាន​ឡើយ​ ​ ចាប់តាំងពី​មាន​ការងើប​បះបោរ​និង​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈកាល​១៦ខែមក។

 
នៅឯ​រដ្ឋធានី​ដាម៉ាស​វិញ​ ​ ការវាយ​ប្រយុទ្ធ​ប្រហារគ្នា​បាន​កើតមាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ នៅ​ក្នុង​ជំរំ​ប៉ាលេស្ទីន​ យ៉ារមុក​ ។​ ការវាយ​ប្រយុទ្ធគ្នា​នៅទូទាំង​ប្រទេស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​១៤៣នាក់​ ​ ដែលក្នុងនោះ​មាន​ជនស៊ីវិល​៧៥នាក់​ ៤១នាក់​ជាទាហាន​របស់​អាល-អាស្សាដ​ ​ ហើយនិង​យុទ្ធជន​បះបោរ​២៧នាក់។​ នេះ​ជាតួលេខ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស។

គួរគូស​បញ្ជាក់ថា​ ​ បើ​ប្រសិនជា​ទីក្រុង​អាឡេព​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​របស់​កងកម្លាំង​ស៊ិរី​សេរី​ ​ នោះ​របបគ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ក៏​ត្រូវ​ធ្លាក់​ទៅ​ជាមួយ​ដែរ​នៅពេល​ដ៏ខ្លី​ខាងមុខ​នេះ។​ ទាំងនេះ​ គូបដិបក្ស​ទាំងពីរ​សុទ្ធតែ​ដឹង​រៀងៗខ្លួន។

អគ្គលេខាធិការ​នៃ​អ.ស.ប.​លោក​ បាន​ គីមូន​ បាន​ថ្លែង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​បញ្ឈប់​វាយ​ប្រហារ​ “សម្លាប់​រង្គាល”​ ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទៀត។​ ទាំងនេះ​ ក្នុង​ខណៈពេល​ដែល​ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​សង្កេតការណ៍​របស់​អ.ស.ប.​៣០០នាក់​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី។​ ហើយនេះ​ពិតជា​ការសារភាព​ឲ្យដឹងថា​ ​ វត្តមាន​និង​បេសកកម្ម​របស់​ អ្នក​សង្កេតការណ៍​ អ.ស.ប.​ បាន​ទទួល​បរាជ័យ​ក្នុង​ការ​ជួយ​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​ស៊ីរី។

លោក​ឧត្តសេនីយ៍​ ម៉ាណាហ្វ​ ត្លាស​ ដែលបាន​រត់ចេញ​ពី​កងកម្លាំង​យោធា​ស៊ីរី​របស់​បាស្ហារ​អាល-អាស្សាដ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ ​ តាមរយៈ​សារព័ត៌មាន​អារ៉ាប់​ឈ្មោះ​ Asharq Al-Awsat ថា​ ​ លោក​កំពុង​រៀបចំ​ឲ្យមាន​ “ផែនទី​គោចរ”​មួយ​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ​ ដោយបាន​ទាំង​គូស​បញ្ជាក់​ប្រាប់ថា​ ​ នៅក្នុង​របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ក៏​មាន​ផងដែរ​ “អ្នក​សុចរិត​ត្រឹមត្រូវ​ ​ ពុំមែន​មាន​សុទ្ធតែ​ជន​ទុច្ចរិត​នោះឡើយ”​ ​ ដូច្នេះ​ ​ គេគួរ​យក​អ្នកទាំងនោះ​មកជួយ​រួបរួម​កសាង​ស្ថាបនា​ប្រទេស​ស៊ីរី​ឡើងវិញ។

ហើយ​ លោក​ឧត្តសេនីយ៍​ ម៉ាណាហ្វ​ ត្លាស​ បាន​បញ្ជាក់​បន្ថែម​ទៀតថា​ ​ “លោក​បានត្រៀម​លក្ខណៈ​ជាស្រេច​នឹង​ចូលរួម​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ ​ ហើយនិង​កងកម្លាំង​ស៊ីរី​សេរី​ ASL ​ ដែល​ក្នុងនោះ​ ​ មាន​ក្រុម​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ដែល​បាន​រត់ចោល​កងទ័ព​រដ្ឋាភិបាល​មកចុះចូល​ជាមួយ​ កងកម្លាំង​ស៊ីរី​សេរី​ ASL ​ ​ ហើយ​និង​ក្រុម​ជន​ស៊ីវិល​ប្រដាប់​អាវុធ​ងើប​បះបោរ។

គួរកត់​សម្គាល់ថា​ ​ លោក​ឧត្តសេនីយ៍​ ម៉ាណាហ្វ​ ត្លាស​ ដែលមាន​អាយុ​៤៨ឆ្នាំ​ ​ ធ្លាប់បាន​ថ្លែង​អំពាវនាវ​នៅ​ថ្ងៃអង្គារ​កន្លងទៅ​ ​ “ឲ្យ​ប្រជាជន​ស៊ីរី​មកចូល​រួបរួមគ្នា​ ​ ដើម្បី​កសាង​ស្ថាបនា​ប្រទេស​ស៊ីរី​ថ្មី​មួយ​ឡើងវិញ”។​ នេះ​ជា​សេចក្តី​ប្រកាស​របស់​ លោក​ឧត្តសេនីយ៍​ ម៉ាណាហ្វ​ ត្លាស​ ជាលើក​ទីមួយ​ចាប់តាំងពី​លោក​បាន​រត់ចេញ​ពី​ជួរកងទ័ព​របស់​បាស្ហារ​អាល-អាស្សាដ​នៅ​ថ្ងៃទី៦​កក្កដា​ឆ្នាំ២០១២។

សេតវិមាន​ឯណោះវិញ​ ​ នៅថ្ងៃពុធ​ម្សិលមិញ​បាន​ថ្លែង​ឲ្យដឹងថា​ ​ មាន​ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​ប្រទេស​ស្ហ៊ីព​និង​ប្រទេស​អារ៉ាប់រួម​បាន​រត់​ចាកចេញ​ពី​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​ថ្លែងថា​ “ថ្ងៃអង្សារ​របស់​បាស្ហារ​អាល-អាស្សាដ​ខិតកាន់តែ​ជិត​មកដល់​ហើយ”។

នៅ​ចំពោះមុខ​ស្ថានការណ៍​ស៊ីរី​បែបនេះ​ ​ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ.ស.ប.​លោក​ Vitali Tchourkine ​បាន​ថ្លែងប្រាប់ថា​ ​ ប្រទេស​រុស្ស៊ី​បាន​ត្រៀម​ជាស្រេច​នឹង​រៀបចំ​ឲ្យមាន​ “​ជំនួប​ចរចា​រវាង​គូ​បដិបក្ស​ស៊ីរី”​នៅ​ទីក្រុង​ម៉ូស្គូ។​ ប្រទេស​រុស្ស៊ី​ធ្លាប់បាន​ធ្វើ​សំណើ​បែបនេះ​ម្តង​រួចហើយ​​ នៅខែ​ឧសភា​កន្លងទៅ​ ​ ប៉ុន្តែ​ពុំបាន​ទទួល​ជោគជ័យ។

ផ្ទុយទៅវិញ​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក​ ស៊ែរហ្គេយ​ ឡាវរូវ​ បាន​បរិហារ​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ស៊ីរី​ ​ ហើយពុំ​បាន​ធ្វើការ​ថ្កោលទោស​ទៅលើ​ទង្វើ​ភេរវកម្ម​របស់​អ្នក​ប្រឆាំង​ស៊ីរី​នៅថ្ងៃ​ទី១៨​កក្កដា​កន្លង​ទៅ​នៅ​ទីក្រុង​ដាម៉ាស​ដែលបាន​ផ្តាច់​ជីវិត​មេដឹកនាំ​ស៊ីរី​បីនាក់​ដែល​ជាអ្នក​ជំនិត​របស់​បាស្ហារ​អាល-អាស្សាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ