អានតួអត្ថបទ
អ៊ីតាលី-FAO

សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​ការ​នេសាទ​ខុសច្បាប់​ចូលជា​ធរមាន​

នៅថ្ងៃ​អាទិត្យ​៥មិថុនានេះ អង្គការ​​ស្បៀងស្បៀងអាហារ​​ពិភពលោក ហៅកាត់ថា FAO បាន​ប្រកាស​នូវការ​ចូលជាធរមាន​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​ ​​​ចែង​ប្រឆាំង​ការនេសាទ​ខុសច្បាប់។ គេអាច​ហៅ​កិច្ចព្រមព្រៀង​នេះ​​ថា ជា​សន្ធិសញ្ញា​ទី១​ ​មាន​លក្ខណៈ​បង្ខិតបង្ខំ​​ ដើម្បី​​ការពារ​ធនធានត្រី។ ​ប្រទេស​ជាង​៣០បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ​ចិននិង​ជប៉ុន ដែល​មានទីផ្សារ​ត្រី​ដ៏ធំក្នុង​ពិភពលោក​​ មិនបាន​ចុះហត្ថលេខា​ទេ។

កប៉ាល់​អូស្ត្រាលី Océanic Viking មានតួនាទី​ត្រួតពិនិត្យ​ការនេសាទ​ផ្សេងៗ
កប៉ាល់​អូស្ត្រាលី Océanic Viking មានតួនាទី​ត្រួតពិនិត្យ​ការនេសាទ​ផ្សេងៗ TAAF
ផ្សាយពាណិជ្ជកម្ម

ចាប់​​ពី​ថ្ងៃអាទិត្យ​៥មិថុនា​នេះទៅ សន្ធិសញ្ញា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​នេសាទខុសច្បាប់ ចូលជា​ធរមា​នហើយ នៅតាម​បណ្តាប្រទេស​ដូចជា​ថៃ អ៊ីស្លង់ នរវែស អូស្ត្រាលី គុយបា អាហ្វ្រិកខាងត្បូង រឺសូម៉ាលី​ជាដើម។

សន្ធិសញ្ញា ​អន្តរជាតិនេះ​មានទិសដៅ​ធានាអោយបាន​នូវការ​នេសាទ​ដ៏ត្រឹមត្រូវ ហើយ​ដែលអាច​ផ្គត់ផ្គង់​តំរូវការ​ពិភពលោក។ ប្រទេស​ហត្ថលេខីនៃសន្ធិសញ្ញា​​ត្រូវចាត់​វិធានការ​​រារាំង​កុំអោយ​មានការ​ នាំត្រី​ដែលគេ​នេសាទ​ខុសច្បាប់ អាច​យកចេញ​ទៅលក់​នៅទីផ្សារ។ ពួកគេ​ត្រូវ​ចែករំលែក​ព័ត៌មាន រវាងគ្នា​នឹងគ្នា ​​អោយបាន​ទូលំទូលាយ​ ទាក់ទង​កប៉ាល់​ដែល​អាច​ជាប់​សង្ស័យថា នេសាទ​ខុសច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ រឺក៏ត្រូវ​​ត្រួតពិនិត្យ​​បណ្តា​កប៉ាល់ដែល​ជាប់​សង្ស័យ​ជាដើម។

បណ្តាប្រទេស​ទាំងនេះ​មានសិទ្ធិ​បដិសេធ​មិនអោយកប៉ាល់​ដែលជាប់​សង្ស័យ បាន​ចូល​មក​ចុះចត​ចាក់សាំងក្នុង​ដែនទឹក​ខ្លួន។ ចាប់ពីពេលនេះ​ទៅ កប៉ាល់​បរទេស​ដែល​ចង់ចូល​កំពង់ផែ​ ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុនសិន ហើយ​ត្រូវ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​​ទាក់ទង​នឹង​អត្តសញ្ញាណ​ សកម្មភាព​ រឺ​ក៏​បរិមាណ​​ត្រី​ដែល​មាន​លើ​កប៉ាល់​របស់​ខ្លួន។
 

យោងតាម​អង្គការ​​​ស្បៀងអាហារ​ពិភពលោក (FAO) ការបើកបរផ្លូវទឹក​​គ្មានការ​អនុញ្ញាត​ត្រឹមត្រូវ ការនេសាទ​ប្រភេទ​ត្រី​ដែល​គេ​ការពារ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការ​មិនគោរព​កូតា​នេសាទ សុទ្ធសឹង​ជា​សកម្មភាព​ដែល​ឧស្សាហ៍​​​កើតឡើង​​ញឹកញាប់​។ សកម្មភាព​ទាំងនេះ​បណ្តាល​អោយ​ប៉ះពាល់​ដល់​ការ​បន្តពូជ​រ​បស់ត្រី ហើយ​ក៏អាច​ធ្វើអោយបាត់បង់​ពូជ​​ត្រី​​​ផងដែរ។

 
ទោះយ៉ាងនេះ​ក្តី មហាអំណាច​ចិន​និង​ជប៉ុន​ដែល​មានទីផ្សារ​ត្រី​ដ៏ធំ​ក្នុង​ពិភពលោក មិនបាន​ចុះ​ហត្ថលេខា​​លើ​សន្ធិសញ្ញា​នេះទេ។ អង្គការ​FAO អំពាវនាវ​អោយ​រាល់​ប្រទេស​ដែល​ពុំទាន់​បានចុះ​ហត្ថលេខា ប្រញាប់​មកចុះ​ហត្ថលេខា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​នេសាទ​​ខុសច្បាប់ ពិសេស​ការពារ​ធនធាន​ត្រី​ក្នុងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ