អានតួអត្ថបទ
ថៃ

កូនក្មេង១២នាក់​និង​គ្រូបង្វឹកបាល់ទាត់​ដែល​បាត់ខ្លួន​ក្នុង​រូងភ្នំ​ត្រូវ​បាន​រកឃើញ​នៅ​រស់រានមានជីវិត

នៅ​ទីបំផុត​ទៅ ក្រុម​អ្នក​មុជទឹក​ថៃ​និង​អង់គ្លេស បាន​រកឃើញ​កូនក្មេង១២នាក់ រួមទាំង​គ្រូ​ប​ង្វិ​ក​បាល់ទាត់​ម្នាក់ កាលពី​យប់មិញ )២ខែកក្កដា(បន្ទាប់ពី​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ​អស់​រយៈពេល៩ថ្ងៃ។ បច្ចុប្បន្ន​ពួកគេ​មិនទាន់​យកចេញ​ពី​ក្នុង​រូងភ្នំ​នៅឡើយ​ទេ ដោយ​រងចាំ​ក្រុម​សង្គ្រោះ​បន្ថែមទៀត។  

ក្មេងប្រុសថៃនិងគ្រូបង្វិកដែលជាប់កុនក្នុងរូងភ្នំត្រូវបានរកឃើញ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល៩ថ្ងៃ​។
ក្មេងប្រុសថៃនិងគ្រូបង្វិកដែលជាប់កុនក្នុងរូងភ្នំត្រូវបានរកឃើញ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល៩ថ្ងៃ​។ @BKP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ទៅ ប្រតិបត្តិ​ការស្វែងរក​កូនក្មេង​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ១២នាក់ និង​គ្រូ​ប​ង្វិ​ក​បាល់ទាត់​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ជិត​បញ្ចប់​ហើយ បន្ទាប់ពី​គេ​បាន​រកឃើញ​ក្រុម​ក្មេងៗ​ទាំង​នោះ នៅមាន​ជីវិត​នៅឡើយ។ ពួកគេ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​មុជទឹក​ថៃ និង​អង់​គ្លេស នៅក្នុង​រូងភ្នំ​នា​ប្រមាណ​ជា​ម៉ោង ៩និង៤៥នាទី​យប់ ថ្ងៃ​ចន្ទ ទី ២ ខែកក្កដា នៅ​ចំងាយ​៤០០ម៉ែត្រ​​បន្ទាប់​ពី​ល្អាងធំមួយ​​ដែល​គេ​ឲ្យឈ្មោះ​ថា "​ឆ្នេរសមុទ្រ​ប៉ាត់​តា​យ៉ា" (Pattaya Beach) ប្រទេស​ថៃ ជា​កន្លែង​ដែល​មនុស្ស​មួយចំនួន​មិនបាន​គិតដល់។

ទោះបីជា​យ៉ាងណាក៏ដោយ អភិបាលខេត្ត​ឈៀង​រ៉ៃ លោក Narongsak Osotthanakorn បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ពួកគេ​ទាំង១៣នាក់ នៅ​មិនទាន់​យក​ចេញពី​ក្នុង​រូង​ភ្នំ​ភ្លាមៗនៅឡើយ​ទេ ដោយ​រងចាំ​រហូត​ទាល់តែ​ពួកគេ​មាន​សុវត្ថិភាព​គ្រប់គ្រាន់។ ពួកគេ​ត្រូវ​​បានផ្តល់​អាហារ​និង​ទឹក​ដើម្បី​បរិភោគ​ឲ្យ​មាន​កម្លាំង​ឡើងវិញ បន្ទាប់ពី​ពួកគេ​បាន​អត់​អាហារ​​និង​ទឹក អស់​រយៈពេល១០ថ្ងៃ​មកហើយ។ ប៉ុន្តែ ពួកគេ មិនមាន​ន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ ឬ​រងរបួស​នោះឡើយ។

គួរ​ជម្រាបជូន​ថា រូងភ្នំ​ដែល​កូនក្មេង​ទាំង១២នាក់​ដែលមាន​អាយុ​ពី១១ដល់១៦ឆ្នាំ និង​គ្រូ​បង្វឹក​កីឡាបាល់ទាត់​ម្នាក់ បាន​ចូល​និង​ជាប់កុន​តាំងពី​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា​មកនេះ មាន​ឈ្មោះ Tham Luang និង​មាន​ប្រវែង​ជាង ១០គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្ត​ឈៀង​រ៉ៃ ក្បែរ​ព្រំដែន​ប្រទេស​ឡាវ និង​ភូមា។ តាំងពី៩ថ្ងៃ​មកនេះ រដ្ឋអំណាច​ថៃ បាន​ប្រើ​គ្រប់​មធ្យោបាយ និង​ធនធានមនុស្ស​ប្រមាណ​ជាង១០០០នាក់ ដើម្បី​ស្វែងរក​ពួកគេ ក្នុងនោះ មាន​​ទាំង​កងកម្លាំង​ទាហាន​អាមេរិកាំង ចិន និង​កម្លាំង​មុជទឹក​ជនជាតិ​អង់គ្លេស​ផង។ ទន្ទឹម​គ្នានេះ ក៏មាន​ការរៀបចំ​ពិធី​បន់ស្រន់​របស់​ឱ​ពុក​ម្តាយកូន​ក្មេង ព្រមទាំង​ពិធី​សូត្រ​ធម៌​​របស់​​ព្រះសង្ឃ​នៅក្បែរ​ច្រកចូល​រូងភ្នំ​នោះដែរ។

យ៉ាងណាក៏ដោយ នេះ​ចាត់ទុកថា ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​ថៃ ដែល​គេ​បាន​រកឃើញ​ក្រុមក្មេងៗនិង​គ្រូ​ប​ង្វិ​កបាល់​ទាត់​ទាំង១៣នាក់​នៅ​រស់រានមានជីវិត ខណៈដែល​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចេញមក​ជូនពរ​ឲ្យក្មេងៗទាំងនោះ មាន​សុវត្ថិភាព និង​ឆាប់​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ