អានតួអត្ថបទ
ថៃ

ព្រះមហាក្សត្រ​ថៃ​តែងតាំង​ក្រុម​ទីប្រឹក្សា​ថ្មី​ដែល​មាន​សមាសភាព​ភាគច្រើន​ជា​មេដឹកនាំ​កងទ័ព

ព្រះមហាក្សត្រ​ថ្មី​របស់​ថៃ គឺ​ព្រះបាទ មហាវជិរ៉ាឡុងកន បាន​ធ្វើការ​តែងតាំង​ក្រុម​ទីប្រឹក្សា​ថ្មី នៅថ្ងៃ​អង្គារ​នេះ ហើយ​សមាសភាព​ក្រុមទីប្រឹក្សា​ថ្មីនេះ ក៏​មិនខុស​ពី​កាល​ជំនាន់​ព្រះចៅ​ភូមិផុន ​អាឌុនយ៉ាដេត​នោះដែរ គឺ​ភាគច្រើន​ជា​មេដឹកនាំ​កងទ័ព។ លើសពីនេះ​ទៅទៀត គេ​សង្កេតឃើញ​ថា សមាសភាព​ថ្មី៣រូប ដែល​ព្រះបាទ​មហាវជិរ៉ាឡុងកន ទើប​នឹង​តែងតាំង​ថ្មី នៅថ្ងៃ​អង្គារ​នេះ គឺ​សុទ្ធតែ​ជា​អ្នក​មាន​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​នឹង​របបសឹក។

ឧត្តមសេនីយ៍ ព្រេម ទីនស៊ូឡាណុន (អង្គុយលើកៅអី) ប្រធានក្រុមទីប្រឹក្សា​ព្រះមហាក្សត្រ ពេល​ចូលគាល់​ព្រះបាទ មហាវជិរ៉ាឡុងកន កាល​ពីថ្ងៃ​ទី១​ធ្នូ​២០១៦
ឧត្តមសេនីយ៍ ព្រេម ទីនស៊ូឡាណុន (អង្គុយលើកៅអី) ប្រធានក្រុមទីប្រឹក្សា​ព្រះមហាក្សត្រ ពេល​ចូលគាល់​ព្រះបាទ មហាវជិរ៉ាឡុងកន កាល​ពីថ្ងៃ​ទី១​ធ្នូ​២០១៦
ផ្សាយពាណិជ្ជកម្ម

ជាទម្លាប់​រាប់​ទសវត្សរ៍​មក​ហើយ ក្រុមទីប្រឹក្សា​ព្រះមហាក្សត្រ គឺ​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​មួយ នៅ​ក្នុង​ឆាក​នយោបាយ​ថៃ។ ការតែងតាំង​សមាសភាព​ទីប្រឹក្សា​នេះ គឺ​ជា​ឯកសិទ្ធិ​របស់​ព្រះមហាក្សត្រ។ ហេតុដូច្នេះហើយ​បាន​ជា ព្រះបាទ​មហា វជិរ៉ាឡុងកន ធ្វើការ​​តែងតាំង​ក្រុមប្រឹក្សា​ថ្មី ជំនួស​​​ក្រុមប្រឹក្សា​ចាស់​ ដែល​តែងតាំង​ឡើង​ដោយ​ព្រះចៅភូមិផុន អាឌុនយ៉ាដេត។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា ក្រុមប្រឹក្សា​ថ្មី​នេះ​មិនសូវ​ជា​មាន​ការ​ផ្លាស់ប្តូរ​ពី​ក្រុមប្រឹក្សា​ចាស់ប៉ុន្មាន​នោះទេ។ ក្រៅតែ​ពី​ការ​កាត់បន្ថយ​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ពី ១៦រូប ឲ្យ​ចុះ​មក​នៅ​ត្រឹម ១១រូប សមាជិក​ចាស់ៗ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ព្រះបាទ​មហា វជិរ៉ាឡុងកន​រក្សា​ទុក​ឲ្យ​នៅ​ដដែល។

 

សមាជិក​ថ្មី​ដែល​ព្រះអង្គ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុម​ទីប្រឹក្សា​នៅថ្ងៃ​អង្គារ​នេះ គឺ​មានតែ ៣រូប​ប៉ុណ្ណោះ ហើយ​សមាជិក​ថ្មី​ទាំង ៣រូបនេះ គឺ​សុទ្ធសឹង​ជា​មន្រ្តី​ក្នុង​ជួរ​មេដឹកនាំ​កងទ័ព ក្នុងនោះ ២រូប គឺ​ជា​សមាជិក​រដ្ឋាភិបាល​នៃ​របបសឹក​បច្ចុប្បន្ន គឺ​ឧត្តមសេនីយ៍ ផៃប៊ូន ឃុមឆាយ៉ា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ និង​ឧត្តមសេនីយ៍ ដាផុង រតនសុវ៉ាន់ រដ្ឋមន្រ្តី​ក្រសួង​អប់រំ។ ចំណែក​ឯ​សមាជិក​ថ្មីទី៣ គឺ​ឧត្តមសេនីយ៍ ធីរ៉ាឆៃ ណាកវ៉ានីត ដែល​ធ្លាប់​ជា​អគ្គបញ្ជាការ​កងទ័ព​ថៃ នៅ​ក្នុង​របបសឹក ហើយ​ទើប​នឹង​ចូល​និវត្តន៍​កាល​ពីដើមឆ្នាំនេះ។

 

លើសពីនេះ​ទៅទៀត ឧត្តមសេនីយ៍ ព្រេម ទីនស៊ូឡាណុន ដែល​ជា​ប្រធាន​ក្រុមទីប្រឹក្សា​ចាស់ ត្រូវ​បាន​ព្រះបាទ​មហា វជិរ៉ាឡុងកន រក្សាទុក​ឲ្យ​នៅ​ជា​ប្រធានក្រុម​ទីប្រឹក្សា​ដដែល។

 

គួរបញ្ជាក់ថា លោក​ព្រេម​ទីនស៊ូឡាណុន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជាមនុស្ស​ដ៏​​ជំនិតបំផុត​របស់​ព្រះមហាក្សត្រមុន ហើយ​​ក៏​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដែរ ​នៅ​ក្នុង​ជួរ​កងទ័ព ក៏ដូចជា នៅ​ក្នុង​ឆាក​នយោបាយ​ថៃ​ជាទូទៅ។ គឺ​លោក​ព្រេម ដែល​ត្រូវ​គេសង្ស័យ​ថា​ជា​អ្នក​ញាក់ខ្សែ​ពីក្រោយ​ឆាក នៅ​ក្នុង​វិបត្តិ​នយោបាយ​ថៃ​នាពេល​បច្ចុប្បន្ន ជាពិសេស គឺ​រងការ​ចោទប្រកាន់​ថា​ជា​អ្នក​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន កាលពីឆ្នាំ២០០៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ