អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​បញ្ចាំង​ភាពយន្ត​ថៃ​៖​ឧបសគ្គ​ឬ​ឱកាស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្ដរជាតិ​និង​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​រៀប​ចំ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​នៅ​កម្ពុជា​ឡើង​វិញ​បន្ទាប់​ពី​អវត្តមាន​ភាពយន្ត​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ​អស់​រយៈពេល​ជាង​មួយ​ទស្សវត្ស។​ការ​អនុញ្ញាត​ឲ្យ​បញ្ចាំង​ភាព​យន្ត​ថៃ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ជាថ្មី​នា​ពេល​នេះ​បាន​ទទួល​រង​ការ​រិះគន់​និង​តវ៉ា​ប្រឆាំង​ពី​សំណាក់​សិល្បករ​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន។​រិះគន់​និង​តវ៉ា​ប្រឆាំង​ព្រោះ​ពួកគេ​អះអាង​ថា​វា​អាច​ទាញ​ទម្លាក់​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​ដុនដាប​ដូច​កាល​ពី​១០​ឆ្នាំ​មុន។​តើ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ​ពិត​ជា​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជា​ថ្មី​ទៀត​មែន​ឬ​យ៉ាង​ណា?​និង​ថា​តើ​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ថៃ​ជា​ឧបសគ្គឬ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា?

ភាពយន្ត​ថៃ​ត្រូវ​បាន​អនុញ្ញាត​អោយ​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។
ភាពយន្ត​ថៃ​ត្រូវ​បាន​អនុញ្ញាត​អោយ​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ សហការី
ផ្សាយពាណិជ្ជកម្ម

ជាង១០ឆ្នាំ​ក្រោយមក ខ្សែភាពយន្ត​និង​រឿង​ភាគ​ថៃ កំពុងតែ​ត្រឡប់មក​បង្ហាញខ្លួន​ជាថ្មី​នៅ​កម្ពុជា នៅតាម​រោងភាពយន្តទំនើបៗ និង​ប៉ុស្តិ៍​ទូរទស្សន៍​មួយចំនួន។ សិល្បករ អ្នកដឹកនាំ​រឿង និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​សម្ដែង​ការមិន​ពេញចិត្ត ចំពោះ​ការចាក់​បញ្ចាំង​ភាព​យន្ត​ថៃ​ឡើងវិញ​នៅ​កម្ពុជា​នាពេលនេះ ដោយ​អះអាងថា ក្នុងអំឡុងពេល១០ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ភាពយន្ត​ខ្មែរ​បាន និង​កំពុងតែ​រីកដុះដាល​យ៉ាងសន្សឹមៗ គួរ​ជាទី​មោទនៈ។ ហើយ​ថា ការចាក់​បញ្ចាំងភាពយន្ត​ថៃ​ឡើងវិញ​នាពេលនេះ អាច​ទាញ​ទម្លាក់​វិស័យ​ភាពយន្ត​ខ្មែរ ឲ្យ​ធ្លាក់ចុះ​ដុនដាប ដូច​កាលពី​ជាង១០ឆ្នាំមុន។

មានការ​ពិត​មួយ ដែល​គេ​ត្រូវតែទទួលស្គាល់។ ជនជាតិខ្មែរ​មួយ​ភាគ​ធំ និយម​ចូលចិត្ត​ទស្សនា​​​ភាពយន្ត​ថៃ បើទោះបីជា​វា​ផ្ដល់​គំរូ​អាក្រក់​ដល់​សង្គម​ខ្មែរ​ក៏ដោយ។ អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែលជា​ផលិតករ​ភាពយន្ត​ពោរ​ពេញ​ដោយ​សមត្ថភាព​មួយ​ព្រះអង្គ​នោះ ធ្លាប់មាន​ព្រះរាជឱង្ការ​ថា រឿង​ភាគ​ថៃ​ជា​រឿង​ពាលា មានតែ​ស្រី​វាយ​គ្នា​ដណ្ដើម​ប្រុស ពុំគួរ​ណា​ប្រជាជន​ខ្មែរ​នាំគ្នា​ទស្សនា​សោះឡើយ។

គ្មាន​ភាពយន្ត​ថៃ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ខ្មែរ មិនមែន​មានន័យថា ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​ទស្សនា​រឿង​ភាគ​ថៃ​នោះទេ។ រឿង​ភាគ​ថៃ​នៅតែ​ពេញនិយម​ជានិច្ច នៅតាម​ហាង​ជួល​ឌី​ស។ រឿង​ដុំ​ថៃ ជាពិសេស​រឿង​ខ្មោច នៅតែ​អាច​ទាក់ទាញ​អ្នកទស្សនា​បានពេញៗរោងកុន​មួយ នៅ​​ចំ​កណ្ដាល​ក្រុងភ្នំពេញ។ អវត្តមាន​ភាពយន្ត​ថៃ ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ​ចាប់ផ្ដើម​បញ្ចាំង​រឿង​ភាគ​ចិន​បកប្រែ និង​ចុង​ក្រោយនេះ រឿង​ភាគ​កូរ៉េ និង​ឥណ្ឌា ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើន​លើសលប់ ពី​សំណាក់​ទស្សនិកជន​នៅតាម​ផ្ទះ។

យ៉ាងណាក៏ដោយ អវត្តមាន​ខ្សែភាពយន្ត​ថៃ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា តាំងពី​ឆ្នាំ​​២០០៣ ​បានធ្វើ​ឲ្យ​ភាពយន្ត​ខ្មែរ រស់​ឡើងវិញ បើទោះបីជា​មិន​រស់​រវើក​ក៏ដោយ។ នៅតាម​រោងកុន គេ​ឃើញ​មាន​ភាពយន្ត​ខ្មែរ​ដាក់​បញ្ចាំង​ជា​ញឹកញាប់។ ប៉ុស្តិ៍​ទូរទស្សន៍​ជាច្រើន​ដែល​ធ្លាប់តែ​បញ្ចាំង​រឿង​ភាគ​ថៃ បាន​ងាក​មក​ចាប់ផ្ដើម​ផលិត​និង​ចាក់ផ្សាយ​រឿង​ភាគ​ខ្មែរ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ការ​ងើបឡើង​វិញ នៃ​វិស័យ​ភាពយន្ត​ខ្មែរ ក្នុង​រយៈពេល​មួយ​ទស្សវត្ស​ចុងក្រោយ​នេះ មិនអាច​ធានាបាន​នូវ​គុណភាព​ឡើយ។ វា​គ្រាន់តែ​បានធ្វើ​ឲ្យ​សិល្បករ​ខ្មែរ និង​ផលិតករ​ភាពយន្ត​ខ្មែរ មានការ​ងារ​ធ្វើ​តែប៉ុណ្ណោះ។

ខណៈដែល​ពិភពលោក​កំពុងតែ​វិល​ទៅមុខ ភាពយន្ត​ខ្មែរ​ហាក់ដូចជា​នៅ​ទ្រឹង ឬ​ពេលខ្លះ​ហាក់​ដូចជា​ដើរ​ថយក្រោយ​ផង។ រោងកុនទំនើបៗមួយចំនួន​នៅ​ភ្នំពេញ មាន​កូតា​ដាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ​ដែលមាន​គុណភាព ពី១០ ទៅ២០រឿង​ក្នុង​មួយឆ្នាំ ប៉ុន្តែ​កូតា​នេះ​មិនទាន់​អាច​សម្រេច​បានទេ។ ព្រោះ​អ្វី? មិនបាច់​និយាយ​ដល់​ភាពយន្ត​ខ្មែរ​មានគុណ​ភាព​នោះទេ គ្រាន់​តែ​ផលិតភាព​យន្ត​ឲ្យ​គ្រប់​កូតា​ចាក់​នៅតាម​រោងកុន ក៏​ធ្វើ​មិនបាន​ផង។ យូរៗម្ដង ទើប​គេ​អាច​ទស្សនា ខ្សែភាពយន្ត​ខ្មែរ​ប្រកបដោយ​គុណភាព នៅតាម​រោងកុន​នានា។

នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ការចាក់​បញ្ចាំងភាពយន្ត​ថៃ មិនមែនជា​កត្តា​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ ធ្លាក់ចុះ​ប្រជាប្រិយភាព​នោះទេ។ ហើយ​វា​ក៏​មិនមែនជា​ឧបសគ្គ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដែរ។ មាន​ឬ​គ្មាន​ការ​បញ្ចាំងភាពយន្ត​ថៃ ភាពយន្ត​ខ្មែរ​នឹង​ដាំ​ក្បាល​ចុះ ប្រសិនបើ​គុណភាព​នៅតែ​គ្មានអ្វី​ប្រែប្រួល​យ៉ាង​ដូច្នេះ។ ខណៈដែល​គុណភាព​ភាពយន្ត​ខ្មែរ​នៅមានកម្រិត ការចាក់​បញ្ចាំងភាពយន្ត​ថៃ​នៅ​កម្ពុជា​នាពេលនេះ អាច​ជា​ឱកាស​សម្រាប់​ផលិតករ​ភាពយន្ត​ខ្មែរ តារា​សម្ដែង​ខ្មែរ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ភាពយន្ត​ទាំងឡាយ រៀនសូត្រ និង​អភិវឌ្ឍ​ស្នាដៃ​របស់ខ្លួន​ឲ្យ​មានគុណ​ភាព។ ប្រសិនបើ​ភាពយន្ត​ខ្មែរ និង​ថៃ មាន​សាច់រឿង​ទាក់ទាញ​ដូចគ្នា មាន​តួ​សម្ដែង​សម និង​ស្អាត​ដូចគ្នា មាន​បច្ចេកទេស​ថត​ល្អ​ដូចគ្នា សួរថា​តើ​ខ្មែរ​ណា​មិន​គាំទ្រ​ខ្មែរ​គ្នាឯង​នោះ?៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ