អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាឡាវី៖បរិយាកាស​នយោបាយ​កំពុង​តានតឹង​ខ្លំាង​នៅ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

១០ថ្ងៃ​មក​ហើយ​ដែល​ប្រទេស​ម៉ាឡាវី​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ពោល​កាល​ពី​ថ្ងៃទី២០ ឧសភា។ តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​ដឹង​លទ្ធផល​ផ្លូវការ​នៅ​ឡើយ។ តាម​ពិត​ទៅ និង​បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត លោកស្រី​ប្រធានាធិបតី​ផុតអាណត្តិ​ចយ បង់ដា (Joyce Banda) បាន​ចាញ់​ឆ្នោត​ប្រឈម​នឹង​គូប្រជែង គឺ​លោក​ភីទ័រ មុយតារីកា (Peter Mutharika)។ ភ្លាមៗ លោកស្រី​បង់ដា​ក៏​បាន​ប្រកាស​លុបចោល​ការ​បោះឆ្នោត​នោះ និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ តែ​លោក​មុយតារីកា​មិន​ព្រម។ តើ​រឿងអាស្រូវ​មួយ​នេះ​មិន​មែន​ជា​ការ​ចាប់​ផ្តើម​វិបត្តិនយោបាយ​នៅ​ម៉ាឡាវី​ទេ ឬ​យ៉ាង​ណា?

លោកស្រី​ប្រធានាធិបតី​ផុតអាណត្តិ​ចយ បង់ដា (Joyce Banda)
លោកស្រី​ប្រធានាធិបតី​ផុតអាណត្តិ​ចយ បង់ដា (Joyce Banda) REUTERS/Eldson Chagara
ផ្សាយពាណិជ្ជកម្ម

វិបត្តិនយោបាយ​ដែល​កើត​ចេញ​នៅ​ក្រោយ​ការ​បោះឆ្នោត មិនមែន​ជា​លក្ខណៈ​ពិសេស​សម្រាប់​ប្រទេស​ម៉ាឡាវី​មួយ​ទេ តែ​វា​សឹង​ក្លាយ​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ទៅ​ហើយ​សម្រាប់​ប្រទេស​ផ្សេង​ទៀត ពិសេស​បណ្តា​ប្រទេស​ដែល​ស្ទើរ​ផ្តាច់ការ និង​ស្ទើរ​ប្រជាធិបតយ្យ ឬ​ហៅ​មួយ​បែប​ទៀត​ថា ប្រទេស​ប្រជាធិបតេយ្យ​មិន​ចំ​តួ។ ជា​ទូទៅ ក្រុមប្រទេស​ទំាង​អស់​នេះ​សុទ្ធតែ​មាន​បំពាក់​ទៅ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រឹមត្រូវ តែ​បញ្ហា​នៅ​ត្រង់​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​គេ​រំលោភបំពាន ឬ​មួយ​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​ដោយ​ធ្វើ​ការ​បកស្រាយ​ដើម្បី​តម្រូវ​ហេតុផល​របស់​ខ្លួន​ម្នាក់ៗ ពិសេស​អ្នកចាញ់​ឆ្នោត​តែ​ម្តង។ នេះ​ហើយ​ជា​រឿងរ៉ាវ​ដែល​បាន និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កាល​ពី​ថ្ងៃទី២០ ឧសភា​កន្លង​ទៅ។

អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង ក្រោយ​ពី​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផលបណ្តោះអាសន្ន។ លទ្ធផលបណ្តោះអាសន្ន​ដែល​បាន​បង្ហាញ​ថា លោក​អតីត​រដ្ឋមន្រ្តី​ការបរទេស​ភីទ័រ មុយតារីកា អាយុ ៧៤ឆ្នំា ទទួល​បាន​សម្លេង​គំាទ្រ ៣៦% ឈ្នះ​បេក្ខជន​លោក​ឡាហ្សារុយ ឆាវឺរ៉ា​ដែល​ទទួល​បាន​សម្លេង​គំាទ្រ ២៨% និង​ឈ្នះ​ដាច់​ឆ្ងាយ​លោកស្រី​ប្រធានាធិបតី​ផុតអាណត្តិ​ចយ បង់ដា​ដែល​ទទួល​បាន​សម្លេង​គំាទ្រ​តែ ២០% ប៉ុណ្ណោះ។ ប្រតិកម្ម​ភ្លាមៗ​នា​ពេល​នោះ លោកស្រី​បង់ដា​មិន​ត្រឹមតែ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផលបណ្តោះអាសន្ន​ទេ តែ​បាន​ចេញ​មុខ​ប្រកាស​លុបចោល​ការ​បោះឆ្នោត​នោះ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ដោយ​លោកស្រី​មិន​ឈរ​ឈ្មោះ​ជា​ថ្មី​ទេ។ ការ​ធ្វើ​យ៉ាង​ដូច​នេះ​ដោយ​លោកស្រី​បង់ដា​បាន​លើក​យក​ហេតុផល​មក​ពន្យល់​ថា មក​ពី​មាន​ភាព​មិនប្រក្រតី​ជា​ច្រើន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ រួម​មាន ការ​បើក​ការិយាល័យ​បោះឆ្នោត​មាន​ការ​យឺតយ៉ាវ​ខ្លំាង ប្រព័ន្ធ​រាប់សន្លឹកឆ្នោត​មាន​ដំណើរការ​រអាក់រអួល និង​ពិសេស​ទៅ​ទៀត​នោះ មាន​ចំនួន​សន្លឹកឆ្នោត​ច្រើន​ជាង​ចំនួន​អ្នកបោះឆ្នោត​នៅ​តាម​មណ្ឌល​ជា​ច្រើន។

ទាក់ទង​នឹង​ការ​សម្រេចចិត្ត​លប់ចោល​ការ​បោះឆ្នោត​នោះ និង​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ​ត្រូវ​បាន​លោកស្រី​បង់ដា​ពន្យល់​ថា ជា​សិទ្ធិអំណាច​របស់​លោកស្រី​ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ តែ​បញ្ហា​នៅ​ត្រង់​ថា បើ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ប្រធានាធិបតី​គ្មាន​សិទ្ធិអំណាច​ឯណា​មក​លប់ចោល​ការបោះឆ្នោត​មួយ​ដែល​បាន​រៀបចំ​រួច​ហើយ​នោះ​ទេ។ ភ្លាមៗ បេក្ខជន​ពីរ​រូប​ទៀត គឺ​លោក​ភីទ័រ មុយតារីកា និង​លោក​ឡាហ្សារុយ ឆាវឺរ៉ា​ក៏​បាន​ច្រានចោល​ការ​សម្រេចចិត្ត​របស់​លោកស្រី​បង់ដា​ដែរ។ សម្រាប់​ពួក​គេ អ្វី​ដែល​លោកស្រី​បង់ដា​បាន​សម្រេច​នេះ មិនមែន​ក្នុង​នាម​ជា​ប្រធានាធិបតី​ទេ តែ​ក្នុង​នាម​ជា​អ្នកចាញ់​ម្នាក់។

អ្វី​ដែល​ច្បាស់​នៅ​ពេល​នេះ តុលាការកំពូល​បាន​ច្រាន​ចោល​សំណើ​របស់​លោកស្រី​បង់ដា​ដែល​បាន​ស្នើ​ឲ្យ​លុបចោល​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២០ ឧសភា និង​ឲ្យ​រៀបចំ​បោះឆ្នោត​ជា​ថ្មី។ ចំណែក​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ឯណោះ​វិញ បាន​ទទួល​ស្គាល់​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​លើកឡើង​ដោយ​លោកស្រី​បង់ដា និង​សុទ្ធចិត្ត​ឲ្យ​មាន​ការ​រាប់សន្លឹក​ឆ្នោត​ឡើង​វិញ។ ក៏​ប៉ុន្តែ បេក្ខជន​ឈ្នះ​ឆ្នោត​លោក​ភីទ័រ មុយតារីកា​មិនព្រម និង​បាន​ចោទ​គ.ជ.ប.​ថា បាន​យក​ប្រទេស​ធ្វើ​ជា​ចំណាប់ខ្មំាង។ ឥឡូវ​នេះ និង​ចំ​ពេល​ដែល​សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​រវាង​ភាគី​ពាក់ព័ន្ធ គ្រប់​គ្នា​កំពុង​ផ្តោត​ចក្ខុ​សម្លឹង​លើ​ការ​សម្រេចចិត្ត​របស់​តុលាការកំពូល។ តុលាការកំពូល​ដែល​ត្រូវ​សម្រេច​ថា តើ​ការ​សម្រេច​រាប់សន្លឹកឆ្នោត​ឡើង​វិញ​របស់ គ.ជ.ប.​ពេល​នេះ វា​ត្រឹមត្រូវ​តាម​ច្បាប់ ដែរ ឬ​ទេ?។

តែ​ដោយ​រង់ចំា​ការ​សម្រេច​របស់​តុលាការកំពូល លោក​ប្រធាន គ.ជ.ប.​ម៉ាសុន បេនដឺរ៉ា (Maxon Mbendera) បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​អះអាង​ថា គ.ជ.ប.​ត្រៀមខ្លួន​នឹង​ប្រកាស​លទ្ធផលផ្លូវការ​ក្នុង​ថ្ងៃ​សុក្រ ទី៣០ ឧសភា​នេះ ឬ​មួយ​ក៏​អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការកំពូល។ ផ្តើម​ចេញ​ពី​ចំណុច​នេះ និង​បើ​ទោះ​បី​ជា​ការ​សម្រេចចិត្ត​​របស់​តុលាការកំពូល ឬ​មួយ​ក៏​របស់​គ.ជ.ប.​នឹង​ចេញ​ជា​រូបរាង​ណា​មួយ​ក៏​ដោយ ក៏​គេ​អាច​និយាយ​បាន​ថា ពន្លក​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​មួយ​នេះ​បាន​ចាប់​ផ្តើម​ឡើង​ហើយ។

តាម​ពិត​ទៅ ការ​ប្រជែង​កម្លំាង​គ្នា​រវាង​លោកស្រី​ចយ បង់ដា និង​លោក​ភីទ័រ មុយតារីកា​មិនមែន​ទើប​តែ​ផ្ទុះ​ចេញ​នៅ​ថ្ងៃ​នេះ​ឯណា។ ស្នាមរបួស​មួយ​នេះ​បាន​កើត​មាន​តំាង​តែ​ពី​ឆ្នំា ២០១២ មក​ម្ល៉េះ ពោល​តំាង​ពី​ក្រោយ​មរណៈភាព​របស់​លោក​ប្រធានាធិបតី​ប៊ីនហ្គូ វ៉ា មុយតារីកា​ក្នុង​ខែ​មេសា ឆ្នំា ២០១២ ដោយ​ជម្ងឺ​គំាងបេះដូង។ កាល​ណោះ លោកស្រី​បង់ដា​ដែល​មាន​តំណែង​ជា​អនុប្រធានាធិបតី​ក៏​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជា​ស្វ័យប្រវត្តិ ដោយ​មិន​បាច់​បោះឆ្នោត​ទេ។ នៅ​ពេល​នោះ លោក​ភីទ័រ មុយតារីកា​ដែល​ត្រូវ​ជា​ប្អូនប្រុសបង្កើត​របស់​សពប្រធានាធិបតី ក៏​ចង់​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី ដោយ​បាន​ប្រើ​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​កំចាត់​លោកស្រី​បង់ដា​ចេញ​ពី​អំណាច។ តែ​កាលណោះ លោក​ភីទ័រ មុយតារីកា​បាន​ជាប់ចោទ​ពី​បទក្បត់ជាតិ។

២ឆ្នំា​ក្រោយ​មក គូបដិបក្ខ​បាន​វិល​មក​ជួប​គ្នា​ជា​ថ្មី​ដែល​លើក​នេះ ការ​ប្រកួតប្រជែង​បាន​ធ្វើ​ឡើង​តាម​សន្លឹកឆ្នោត គឺ​មិនមែន​តាម​មធ្យោបាយ​ក្រៅ​ច្បាប់​ទៀត​ឡើយ។ ខុស​ពី​លោក​ភីទ័រ មុយតារីកា លោកស្រី​ប្រធានាធិបតី​ផុតអាណត្តិ​ចយ បង់ដា​មាន​ឈ្មោះ​មិន​ល្អ​សោះ​ក្នុង​ពេល​កាន់​អំណាច ពិសេស​ជាប់ជំពាក់វាក់វិន​នឹង​រឿងអាស្រូវ​ពុករលួយ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ ដែល​មាន​ប្រជាជន​ម៉ាឡាវី​ជិត​ពាក់កណ្តាល​ក្នុង​ចំនួន​ប្រជាជន​ទំាង ១៥លាននាក់​រស់នៅ​ជាមួយ​នឹង​ចំណូល​មិន​ដល់ ១ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ