ជម្លោះការទូតតួកគី-ហូឡង់កាន់តែធ្ងន់ធ្ងរក្រោយហូឡង់បណ្តេញរដ្ឋមន្ត្រីទទួលបន្ទុកគ្រួសារតួកគី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០០
ជម្លោះការទូតរវាងប្រទេសតួកគីនិងប្រទេសហូឡង់កាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ ពិសេសតាំងពីថ្ងៃសៅរ៍១១មិនា ម្សិលមិញ ក្រោយហូឡង់បានបណ្តេញលោកស្រីរដ្ឋមន្ត្រីទទួលបន្ទុកគ្រួសាររបស់តួកគី ដោយហាមមិនអោយគាត់ចូលទៅកុងស៊ុលតួកគីនៅក្រុងRotterdam។ ថ្ងៃសៅរ៍ម្សិលមិញដដែល ប៉ុន្មានម៉ោងមុននេះ អាជ្ញាធរហូឡង់ក៏បានហាមមិនអោយយន្តហោះរដ្ឋមន្ត្រីការបរទេសតួកគីចុះចតក្នុងទឹកដីខ្លួនផងដែរ។ រដ្ឋាភិបាលតួកគីបានប្រកាសចាត់វិធានការសងសឹកធ្ងន់ធ្ងរតបទៅហូឡង់វិញ។
នៅក្រុងRotterdam យប់ម្សិលមិញ បាតុករជាង១ពាន់នាក់បានតវ៉ាប្រឆាំងការបណ្តេញរបស់អាជ្ញាធរហូឡង់។ ប៉ូលិសហូឡង់បានប្រើកាណុងបាញ់ទឹកបំបែកហ្វូងបាតុករ។ ដោយឡែក យប់ម្សិលមិញ យន្តហោះរដ្ឋមន្ត្រីការបរទេសតួកគីបានចូលមកចុះចត នៅភាគខាងកើតទឹកដីបារាំងវិញ។
ហេតុការណ៍បណ្តេញរដ្ឋមន្ត្រីតួកគីនៅហូឡង់
ថ្ងៃសៅរ៍ ម្សិលមិញ ដំបូងឡើយ គឺអាជ្ញាធរហូឡង់ហាមមិនអោយយន្តហោះរដ្ឋមន្ត្រីការបរទេសតួកគី គឺលោកមែលវូត កាវូសូគ្លូ ចូលចតក្នុងទឹកដីហូឡង់។ ហូឡង់អះអាងថា គឺដើម្បីចៀសវាងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្មានម៉ោងក្រោយមកទៀត អាជ្ញាធរហូឡង់ក៏លេងធ្ងន់ថែមទៀតប្រឆាំងរដ្ឋាភិបាលតួកគី ដោយបានបណ្តេញលោកស្រី Fatma Betul Sayan Kaya ហ្វាត់ម៉ា បេទុល សាយ៉ាន កាយា ដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រួសាររបស់តួកគី- ដោយហាមមិនអោយលោកស្រីបានចូលទៅកុងស៊ុលតួកគី នៅទីក្រុងរ៉ុតទែរដាំ។
លោកស្រីរដ្ឋមន្ត្រីតួកគីបានធ្វើដំណើរតាមរថយន្ត ចេញពីអាល្លឺម៉ង់ មកក្រុងរ៉ុតទែរដាំ។ នៅតែ៣០ម៉ែត្រទៀតប៉ុណ្ណោះ លោកស្រីត្រូវទៅដល់កុងស៊ុលតួកគីហើយ តែបែរជាត្រូវអាជ្ញាធរហូឡង់ឃាត់លោកស្រីមិនអោយទៅ ហើយប៉ូលិសហូឡង់ថែមទាំងបាននាំខ្លួនលោកស្រីរហូតទៅដល់ព្រំដែនអាល្លឺម៉ង់វិញទៀតផង។ លោកស្រីរដ្ឋមន្ត្រីតួគកីបានប្រតិកម្មថា មិនអាចទទួលយកបានទេ នូវទង្វើរបស់ហូឡង់ ដែលបានធ្វើឡើងប្រឆាំងរដ្ឋមន្ត្រីដែលជាស្ត្រីភេទមួយរូប។
ម្សិលមិញ បាតុកររហូតដល់ជាង១ពាន់នាក់ កាន់ទង់ជាតិតួកគី បានតវ៉ានៅក្រុងរ៉ុតទែរដាំ មិនពេញចិត្តនឹងចំណាត់ការហូឡង់ប្រឆាំងរដ្ឋមន្ត្រីតួកគី។ ប៉ូលិសហូឡង់បានប្រើសត្វឆ្កែច្រើនក្បាល និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករ។ នាយករដ្ឋមន្ត្រីតួកគីប្រកាសថា នឹងចាត់វិធានការសងសឹកហូឡង់វិញ។
ទង្វើហូឡង់ធ្វើអោយលោកអ៊ែរដូហ្កានចាត់ទុកហូឡង់ថា ជាសំណល់ពួកណាហ្ស៊ីទៀតផង។ អាជ្ញាធរតួកគីបានចាត់ការព័ទ្ធស្ថានទូតនិងកុងស៊ុលហូឡង់នៅក្រុងអង់ការ៉ានិងអ៊ីស្តង់ប៊ូល។ ថ្ងៃអាទិត្យនេះ បាតុករជាច្រើននៅតួកគីបានដាក់ទង់ជាតិតួកគី ជំនួសទង់ជាតិហូឡង់ នៅកុងស៊ុលហូឡង់ ក្នុងក្រុងអ៊ីស្តង់ប៊ូល។
ហេតុអ្វីរដ្ឋាភិបាលហូឡង់ចាំបាច់ធ្វើធ្ងន់ធ្ងរ រហូតបណ្តេញរដ្ឋមន្ត្រីសំខាន់ៗ របស់តួកគីបែបនេះ ?
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់សមាជិករដ្ឋាភិបាលតួកគី នៅហូឡង់ ក៏ដូចជានៅតាមប្រទេសអឺរ៉ុប គឺដើម្បីស្វែងរកការគាំទ្រពីប្រជាជនតួកគី នៅក្រៅប្រទេស សុំអោយពួកគេគាំទ្រប្រជាមតិនៅតួកគី ដែលត្រូវធ្វើ នៅថ្ងៃ១៦មេសាខាងមុខនេះ។ ជាប្រជាមតិមាន ទិសដៅពង្រឹងអំណាចប្រធានាធិបតី។
ប៉ុន្តែ អ្នកណាៗក៏ដឺងដែរថា ក្រោយរដ្ឋប្រហារមិនបានសម្រេចនៅតួកគី ពាក់កណ្តាលឆ្នាំមុននេះ រដ្ឋាភិបាលតួកគីបានបោសសម្អាតផ្ទៃក្នុង ប្រឆាំងមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងប្រទេសរាប់ពាន់នាក់។ អឺរ៉ុបចាត់ទុកថា នេះជាការរំលោភសិទ្ធិមនុស្ស។ មិនត្រឹមបោសសម្អាតផ្ទៃក្នុងទេ រដ្ឋាភិបាលថែមទាំងចាត់ចែងរៀបចំការបោះឆ្នោតប្រជាមតិដើម្បីពង្រឹងអំណាចប្រធានាធិបតីទៀតផង។ គេមើលឃើញថា តាមរយៈប្រជាមតិនៅខែមេសាខាងមុខនេះ លោកអ៊ែរដូហ្កានដែលកាន់អំណាចយូរយារមកហើយនោះ អាចនឹងនៅតែបន្តក្តោបក្តាប់តួកគីតទៅទៀតបាន។ ម្ល៉ោះហើយទើបប្រទេសអឺរ៉ុបជាច្រើន មិនពេញចិត្តតួកគី។ អាល្លឺម៉ង់ ស្វ៊ីស អូទ្រីស និងហូឡង់បានហាមមិនអោយមានការជួបជុំប្រជាជនតួកគីក្នុងទឹកដីខ្លួន។
ហូឡង់ប្រាប់ថា ការបណ្តេញរដ្ឋមន្ត្រីតួកគី គឺដើម្បីកុំអោយមានការប៉ះទង្គិចរវាងប្រជាជនតួកគីដែលគាំទ្រលោកអ៊ែរដូហ្កាន និងប្រជាជនដែលប្រឆាំងលោកអ៊ែរដូហ្កាន ករណីមានការជួបជុំស្តាប់ការឃោសនារកសម្លេងគាំទ្រប្រជាមតិតួកគី ក្នុងទឹកដីហូឡង់។ ពលរដ្ឋតួកគីរស់នៅហូឡង់មានប្រមាណ៤សែននាក់។
មូលហេតុសំខាន់មួយទៀតដែលហូឡង់បណ្តេញរដ្ឋមន្ត្រីតួកគីនោះ គឺថាប៉ុន្មានថ្ងៃទៀតនេះ ហូឡង់ត្រូវបោះឆ្នោតសភា។ ការឃោសនាបោះឆ្នោតផ្តោតសំខាន់លើបញ្ហាអន្តោប្រវេសន៍។ ការស្ទាបស្ទង់មតិចុងក្រោយបង្ហាញថា ប្រជាប្រិយភាពរបស់លោក Geert Wilders វីលដឺ មកពីគណបក្សដើម្បីសេរីភាព ជាគណបក្សប្រឆាំងអ៊ីស្លាម ស្ថិតក្នុងលំដាប់ទី២។ ដូច្នេះ គេអាចសន្និដ្ឋានថា អ្នកដែលមិនពេញចិត្តប្រជាជនកាន់សាសនាអ៊ីស្លាមនៅហូឡង់ មានមិនតិចដែរទេ។ លោកវីលដឺសប្រធានបក្សប្រឆាំងអ៊ីស្លាមនេះ ថែមទាំងប្រកាសអោយ ប្រជាជនតួកគីរស់នៅហូឡង់ ដែលគាំទ្រលោកអ៊ែរដូហ្កាន អោយពួកគេត្រលប់ទៅតួកគីវិញ ឈប់ចូលមកទឹកដីហូឡង់ទៀតផង។
ដូច្នេះ ការជួបជុំប្រជាជនតួកគី ដែលគាំទ្រលោកអ៊ែរដូហ្កាន ក្នុងទឹកដីហូឡង់ អាចបង្កបរិយាកាសអាប់អួរដល់រដ្ឋាភិបាលហូឡង់។
មិនអាចចូលទឹកដីហូឡង់ រដ្ឋមន្ត្រីការបរទេសតួកគីបានចូលមកបារាំងវិញ
មិនអាចចូលថ្ងៃសៅរ៍ម្សិលមិញបានមែន តែយន្តហោះប្រមុខការទូតតួកគីអាចចូលមកចុះចត នៅក្រុងMetz ភាគខាងកើតក្នុងទឹកដីបារាំង នៅប្រមាណម៉ោង៨យប់ថ្ងៃសៅរ៍១១មិនាម្សិលមិញ។
រដ្ឋាភិបាលបារាំងទទួលដំណឹងនេះ តែមិនបានហាមឃាត់រឺបណ្តេញរដ្ឋមន្ត្រីតួកគី ដូចរដ្ឋាភិបាលហូឡង់ទេ។ បារាំង ជាប្រទេសគំរូក្នុងការគោរពសិទ្ធិមនុស្ស ដូច្នេះ បារាំងមិនជំទាស់ការជួបជុំគ្នា ស្តាប់ការឃោសនាអ្វីមួយនោះទេ។
ថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីការបរទេសតួកគី កាវូសូគ្លូ ចូលរួមកម្មវិធីការប្រជុំ របស់សមាគមតួកគីមួយ នៅបារាំង។ លោកកាវូសូគ្លូ សម្រេចចិត្តមិនធ្វើដំណើរមកប្រទេសស្វ៊ីសទេ ថ្ងៃអាទិត្យនេះ ព្រោះមិនអាចរកកន្លែងរៀបចំការប្រជុំបាន។ នៅស៊ុយអែតវិញ ការជួបប្រជុំគាំទ្រប្រជាមតិតួកគីមួយ ក៏ត្រូវបានលុបចោលផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ