អានតួអត្ថបទ
តាលីបង់

គណៈ​ប្រតិភូ​តាលីបង់​​​​​​​ទៅ​​​​​ប៉ាគីស្ថាន​ តាលីបង់​បដិសេធ​ពាក្យចចាមអារ៉ាម​ចរចា​សន្តិភាព​​

ថ្មីៗនេះ ​គណៈប្រតិភូ​ក្រុមតាលីបង់​អាហ្វហ្កានីស្ថាន​មួយក្រុម ទើបតែ​​​ធ្វើដំណើរ​ចេញពី​កាតា ​ទៅ​​​​​​​ប៉ាគីស្ថាន ​ដែល​ធ្វើអោយ​គេ​រឹតតែ​​សង្ស័យ​ថា ក្រុមតាលីបង់ពិតជា​​​បាន​​​ចរចា​សំងាត់​ជាមួយ​​​តំណាង​រដ្ឋាភិបាល​​​​​​អាហ្វហ្កានីស្ថាន កន្លងមក​មែន។ ប៉ុន្តែ ​អ្នកនាំពាក្យ​តាលីបង់​បាន​បដិសេធជាថ្មី នូវ​​ពាក្យ​ចចាម​អារ៉ាម​ទាំងនេះ។ តាលីបង់​ទាត់ចោល​ពាក្យចចាមអារ៉ាម​នេះ​ម្តងហើយ កាលពី​ថ្ងៃពុធ។ 

អតីត​សកម្មជន​តាលីបង់ ក្នុងពិធី​ទំលាក់​អាវុធ​ចុះ ឆ្នាំ២០១៥ នៅ​ចាឡាឡាបាត ខាងកើត​អាហ្វហ្កានីស្ថាន
អតីត​សកម្មជន​តាលីបង់ ក្នុងពិធី​ទំលាក់​អាវុធ​ចុះ ឆ្នាំ២០១៥ នៅ​ចាឡាឡាបាត ខាងកើត​អាហ្វហ្កានីស្ថាន AFP PHOTO / Noorullah Shirzada
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​តាលីបង់​ ហ្សាប៊ីហ៊ូឡា មូចាហ៊ីត បាន​ទទួលស្គាល់ នៅ​ថ្ងៃសៅរ៍​នេះថា គណៈ​ប្រតិភូ​ក្រុមខ្លួន​ពិត​ជាទៅ​​​​ប៉ាគីស្ថាន​មែន ហើយពួកគេ​​​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​កាតា។ ជាថ្មី​ម្តងទៀត ក្រុម​តាលីបង់​​បាន​បដិសេធ​​ពាក្យចចាមអារ៉ាម ដែល​​​លើកឡើងថា ​តាលីបង់​បាន​ចរចា​ដោយ​សំងាត់​ជាមួយ​អាហ្វហ្កានីស្ថាន ក្នុង​ទឹកដី​កាតា។ គួរបញ្ជាក់​ថា ក្រុម​តាលីបង់​មាន​ការិយាល័យ​នយោបាយ​មួយកន្លែង នៅ​ទីក្រុង​ដូហា ប្រទេស​កាតា។ ​

កាលពី​ថ្ងៃ​១៨តុលា រដ្ឋាភិបាល​អាហ្វហ្កានីស្ថា​ន​បាន​លើកឡើង​ថា តាំង​ពី​ខែ​កញ្ញាមក ​អាជ្ញាធរ​ក្រុង​កាប៊ូល និង​ក្រុមតាលីបង់​បានចរចា​សន្តិភាព​ជាមួយ​​គ្នា ដោយសំងាត់​ នៅ​ទីក្រុងដូហា។​ កិច្ចចរចា​សន្តិភាព​រវាង​ក្រុមតាលីបង់ និង​អាហ្វហ្កានីស្ថាន​ ​ត្រូវបាន​ព្យួរចោល​តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៥​ម្ល៉េះ។ 

ប៉ុន្តែ ថ្ងៃសៅរ៍​នេះ ក្រុមតាលីបង់​បដិសេធ​ម្តងទៀតនូវព័ត៌មាន​ថា​ តាលីបង់​បានចរចា​ជាមួយ​តំណាង​រដ្ឋាភិបាល​ក្រុងកាប៊ូល។ អ្នកនាំពាក្យ​ក្រុម​តាលីបង់​លើកឡើងថា គណៈប្រតិភូខ្លួន​ធ្វើដំណើរ​ពី​កាតា ទៅ​ប៉ាគីស្ថាន​ ដើម្បី​កិច្ចការ​ទាក់ទង​​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន ​និង​ការបិទទ្វារ​សាលារៀន ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។

ក្រសួង​ការបរទេស​អាហ្វហ្កានីស្ថាន​វិញ​ គូស​បញ្ជាក់​ឡើង​​ថា ​ក្រុមតាលីបង់គ្មានសិទ្ធី​ធ្វើដំណើរ​​ទៅ​បរទេស​ទេ ព្រោះ​ក្រុមនេះ​ស្ថិត​ក្នុង​បញ្ជី​ក្រុមភេរវជន​អន្តរជាតិ របស់​អង្គការ​សហប្រជាជាតិ។ ​តែ​យោងតាម​អាហ្វហ្កានីស្ថាន ​​​​ពួកតាលីបង់​ប្រហែលជា​​អាច​​​ធ្វើដំណើរ ទៅក្រៅស្រុក​បាន​ ​​ករណី​ពួកគេ​ចង់​ធ្វើ​​កិច្ចការ​​​សន្តិភាព​អ្វីមួយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ