អានតួអត្ថបទ
អាមេររិក-ស៊ីរី

យោងតាម​​អាមេរិក​​ ប្រធានាធិបតី​​ស៊ីរី​អាច​​កំពុង​​រៀបចំ​​​​​ការ​​​វាយប្រហារ​ដោ​យ​​អាវុធ​​គីមី​​​ជាថ្មី​​ទៀត​​

ល្ងាច​ថ្ងៃច័ន្ទ​ម្សិលមិញ អ្នកនាំពាក្យ​សេតវិមា​នបាន​ផ្តល់ដំណឹង​ថា ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់ អាសាដ ​អាច​កំពុង​​​រៀបចំ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ជាថ្មីទៀត។ ​​អាមេរិ​ក​ព្រមាន​ឆ្លើយត​ប​ទៅ​ស៊ីរី​វិញ បើ​​មានការ​វាយប្រហារ​គីមី​ជាថ្មីទៀត។ អាមេរិក​ធ្លាប់​បាញ់​មីស៊ីល​៥៩ដើម​រួចហើយ ទៅលើ​មូលដ្ឋាន​ទ័ព​ស៊ីរី​កាលពី​ខែមេសា ក្រោយ​មា​នការវាយប្រហារ​ដោយអាវុធ​គីមី​នៅស៊ីរី សម្លាប់​មនុស្ស​៨៨នាក់។

ក្រុងDerra ភាគខាងត្បូងស៊ីរី ខាង​តំបន់​ក្រុមឧទ្ទាម
ក្រុងDerra ភាគខាងត្បូងស៊ីរី ខាង​តំបន់​ក្រុមឧទ្ទាម Reuters
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ប្រាប់ថា បាន​រកឃើញ​ថា រដ្ឋាភិបាល​ស៊ីរី​​កំពុង​ធ្វើសកម្មភាពដែល​​ស្រដៀង​​​នឹង​សកម្មភាព​រៀបចំ​ការវាយប្រហារ​​​អាវុធ​គីមី កាលពី​មុនថ្ងៃ​៤មេសា​ដែរ។ ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ ​លោកស្រី នីគី ហាឡី តំណាង​សហរដ្ឋ​អាមេរិកប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​​ព្រមាន​​ថា ​បើ​មាន​ការវាយប្រហារ​ដោយ​អាវុធ​គីមីជាថ្មីទៀត សម្លាប់​ប្រជាជន​ស៊ីរី នោះ​គឺ​ជា​ស្នាដៃ​របស់​ប្រធានាធិប​តី​អាសាដ​ហើយ ហើយ​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏​មានចំណែក​ក្នុង​នោះដែរ។ ​​​

គួររំលឹក​ថា ការវាយប្រហារ​ដោយ​អាវុធ​គីមី នៅ​ស៊ីរី​ កាលពី​ថ្ងៃ​៤មេសា នៅ​​ក្រុង​ខាន់ ឈែកឃូន ​ខែត្រ​អ៊ីតឡេប ភាគ​ពាយព្យ​ស៊ីរី បាន​សម្លាប់​មនុស្ស​៨៨នាក់ ក្នុង​នោះ​មាន​កុមារ​៣១នាក់។ ប្រទេស​លោកខាងលិច​រិះគន់​ស៊ីរី​ជាខ្លាំង។ ​យប់ថ្ងៃ​៦មេសា ​អាមេរិក​បាន​​​​បាញ់​មីស៊ីលទៅលើ​មូលដ្ឋាន​ទ័ព​ស៊ីរី​ដល់​ទៅ​៥៩ដើម។ គួរបញ្ជាក់​ថា ​អាមេរិក​នៅតែ​សង្ស័យថា ប្រធានាធីបតី​អាសាដ បាន​លួច​ស្តុក​​ទុក​អាវុធ​គីមី បំពាន​លើ​កិច្ចព្រមព្រៀងឆ្នាំ​២០១៣ ដែល​តំរូវ​អោ​យស៊ីរី​កំទេច​​អាវុធ​គីមី​អោយអស់​ពី​ក្នុងស្រុក។ អ៊ីស្រាអែល​ចោទថា លោក​អាសាដ​​នៅមា​នអាវុធ​គីមី​ប៉ុនា្មនតោន​​ក្នុងស្តុក។

មុន​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ថ្ងៃ​៤មេសាឆ្នាំនេះ កាលពី​ឆ្នាំ​២០១៣ ស៊ីរី​ធ្លាប់​រង​ការវាយប្រហារ​​​​អាវុធគីមីសម្លាប់​មនុស្ស​ច្រើនបំផុតដែរ គឺការវាយប្រហារ​ដោយ​ឧស្ម័ន​ពុល​សារ៉ាំង កនៅ​ជាយក្រុង​ដាម៉ាស ដែល​កាលនោះ​បាន​សម្លាប់​មនុស្ស​ជាង​១៤០០នាក់។ ប្រទេស​លោកខាងលិច​បានទំលាក់​កំហុស​លើ​លោក​អាសាដ តែ​លោក​អាសាដ ​និង​រុស្ស៊ី​តែង​បដិសេធ​ការចោទ​ទាំងនេះ។

នៅស៊ីរី​ អាមេរិក​ធ្វើយុទ្ធនាការ​កំចាត់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម និងជួយ​បំពាក់អាវុធ​កងកម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី និង​​គាំទ្រ​ក្រុមប្រយុទ្ធ​ដែល​ស្អប់​រដ្ឋាភិបាល​ស៊ីរី​។ បញ្ហា​នេះ​ធ្វើអោយ​​​ទំនាក់ទំនង​ ​រវាង​អាមេរិក ជាមួយ​​ស៊ីរី ក៏ដូច​ជាជាមួយ​រុស្ស៊ី និង​ប្រទេស​ជាមិត្ត​ស៊ីរី​កាន់តែ​​តានតឹង។ ថ្ងៃ​១៨មិថុនា កន្លងទៅ អាមេរិក​បាន​បាញ់​យន្តហោះ​កងទ័ព​ស៊ីរី​មួយគ្រឿង ដោយចោទ​ថា យន្តហោះ​ស៊ីរី​គំរាម​កងកម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ