rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី អាមេរិក រុស្ស៊ី បារាំង អង់គ្លេស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សេតវិមាន៖ កម្លាំង​អាមេរិក​នឹង​ត្រូវ​ចាក​ចេញ​ពី​ស៊ីរី​យ៉ាងឆាប់​តាមតែ​អាច​ធ្វើ​ទៅបាន

media
នៅក្រោយ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត នៅ​ក្នុង​ទឹកដី​ស៊ីរី យន្តហោះ​ចម្បាំង​របស់​ហ្សកដានី​ហោះ​ឆ្វែល​លើ​ភូមិ​របស់​pilote ដែល​ត្រូវ​ពួកជីហាត ដុតសម្លាប់ ©REUTERS/Muhammad Hamed

គោល​ដៅ​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី មិន​មាន​អ្វី​ត្រូវ​ប្រែប្រួល​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ជា​គោល​ដៅ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ទឹក​ដី​ស៊ីរី​ក្នុង​ពេល​ឆាប់ៗ តាម​តែ​អាច​ធ្វើ​ទៅ​បាន​។


លោក​ស្រី សារ៉ា សានឌ័រស៍ អ្នក​នាំពាក្យ​សេតវិមាន​អាមេរិក តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា បេសសកម្ម​របស់​អាមេរិក​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ ពោល​គឺ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​លោក​ចង់​ឲ្យ​កង​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី វិល​មក​កាន់​ទឹក​ដី​អាមេរិក​វិញ កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។​

លោក​ស្រី​បញ្ជាក់​ថា អាមេរិក​ប្តេជ្ញា​លុប​បំបាត់​ទាំង​ស្រុង​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​ទាំង​អស់​នោះ​មិន​អាច​មាន​វត្តមាន​ឡើង​វិញ​បាន​ឡើយ។​ សហរដ្ឋ​អាមេរិក​រំពឹង​ទុក​ថា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ និង​ដៃគូ​របស់​ខ្លួន​ទទួល​ខុស​ត្រូវ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ទាំង​កម្លាំង​យោធា និង​ហិរញ្ញ​វត្ថុ ដើម្បី​ស្ថិរភាព​ក្នុង​តំបន់​។

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​បារាំង​បញ្ជាក់​ថា​ប្រទេស​បារាំង​បាន​ទទូច​ឲ្យ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បន្ត​ចូល​រួម​សកម្មភាព​ក្នុងប្រទេស​ស៊ីរី​ក្នុង​រយៈពេល​យូរ។

លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា កាល​ពី​១០ថ្ងៃ​កន្លង​ទៅ លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​លើក​ឡើង​ថា​សហរដ្ឋ​អាមេរិក​នឹង​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី​។ ការ​លើក​ឡើង​របស់​លោក​ម៉ាក្រុង​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​បាន​ចូល​រួម​ជា​មួយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អង់គ្លេស បើក​ការ​វាយ​ប្រហារ​មក​លើ​ប្រទេស​ស៊ីរី ដោយ​ចោទ​ថា​ស៊ីរី​ប្រើ​អាវុធ​គីមី​។

ចំណែក​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ព្រមាន​ថា ការ​បង្កើន​ការ​វាយ​ប្រហារ​លើ​ប្រទេស​ស៊ីរី​ពីសំណាក់​ក្រុម​ប្រទេស​លោក​ខាង​លិច នឹង​បង្ក​ភាព​ចលាចល​ដល់​ពិភព​លោក​។ ជាការ​ព្រមាន​ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីន​តោន កំពុង​ត្រៀម​រៀបចំ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី តាម​រយៈការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ លោក​ពូទីន បាន​ចាត់​ទុក ការ​បើក​ប្រតិបត្តិ​ការ​បាញ់​មីស៊ីល​លើ​មូល​ដ្ឋាន​ទ័ព​ស៊ីរី ពី​សំណាក់​ប្រទេស​មហា​អំណាច​ទាំង​បី គឺ​ប្រៀបបី​ដូច​ជា​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​នៃ​ឱកាស​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ហែកហួរ​ដោយ​សង្រ្គាម​មួយ​នេះ​៕